កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។
បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។
នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។
ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។
គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1) គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ តំបន់ភាគខាងជើងនឹងផ្តោតលើពូជអេសជី១ និងមជ្ឈមណ្ឌលកែច្នៃ ខណៈតំបន់ភាគខាងត្បូងនឹងផ្តោតលើពូជអឹមឌី២ (MD2) និងមជ្ឈមណ្ឌលនាំចេញ។ រីឯតំបន់កណ្តាល នឹងផ្តោតលើការអភិវឌ្ឍ ខ្សែសង្វាក់តម្លៃ។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មម្ហូបអាហារ ទំនិញ និងអភិវឌ្ឍន៍តំបន់របស់រដ្ឋសារ៉ាវ៉ាក់ បាននិយាយថា រដ្ឋមានគោលដៅអភិវឌ្ឍខ្សែសង្វាក់តម្លៃម្នាស់ឱ្យលើសពីការលក់ផ្លែម្នាស់ស្រស់ៗ។
រដ្ឋសារ៉ាវ៉ាក់ក៏កំពុងជំរុញវិធីសាស្ត្រ «ដាំម្តង ប្រមូលផលបានបីដង» ផងដែរ ដែលតាមគំរូនេះ ផ្លែម្នាស់អាចលក់ជាផ្លែស្រស់ ឬយកទៅកែច្នៃ ខណៈកូនម្នាស់សម្រាប់បន្តពូជ អាចប្រើសម្រាប់ដាំដុះ ហើយសំណល់ពីដំណាំអាចយកទៅធ្វើជាជីកំប៉ុស ចំណីសត្វ និងផលិតផលជីវៈផ្សេងៗ។
ការពង្រីកវិស័យម្នាស់នេះ ក៏មានគោលបំណងបង្កើតឱកាសនៅក្នុងវិស័យកែច្នៃ ការធ្វើទីផ្សារ ភស្តុភារ បច្ចេកវិទ្យា ការនាំចេញ និងពង្រឹងផ្នែកផ្សេងៗទៀតនៃខ្សែសង្វាក់ផ្គត់ផ្គង់ម្នាស់ផងដែរ៕ (ផាន់ អាណា)







