ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានចែកចាយជំនួយ និងសេវាកម្មកសិកម្ម ដែលមានតម្លៃជាង៦លានដុល្លារ ដល់ប្រជាកសិករជាង៥៤ម៉ឺននាក់ តាមរយៈកម្មវិធីចែកស្បៀងអាហាររបស់រដ្ឋាភិបាលភិបាល។
ការអនុវត្តកម្មវិធីនៅទូទាំងប្រទេសនេះ រួមមានការគាំទ្រដល់វិស័យស្រូវអង្ករ ពោត ដំណាំមានតម្លៃខ្ពស់ បសុសត្វ និងជលផល។
កញ្ចប់ជំនួយនេះ ក៏រួមបញ្ចូលកម្មវិធីស្បៀងអាហាររបស់រដ្ឋាភិបាល ដែលផ្តល់លទ្ធភាពឲ្យប្រជាជនងាយរងគ្រោះ អាចទទួលបានអង្ករមានតម្លៃថោក ត្រឹម២០ប៉េសូហ្វីលីពីន ឬស្មើនឹង១ ២៩០រៀលខ្មែរ ក្នុងមួយគីឡូក្រាម។ អង្ករនេះបានមកពីអង្ករក្នុងស្តុករបស់អាជ្ញាធរស្បៀងអាហារជាតិហ្វីលីពីន ដែលបានទិញពីកសិករដាំស្រូវក្នុងស្រុក។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ជំនួយនេះមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កសិករ។
លោកបានមានប្រសាសន៍ដូច្នេះថា «យើងចង់ធានាថា កសិកររបស់យើងទទួលបានការគាំទ្រតាមតម្រូវការ ដើម្បីផលិតបានទិន្នផលកាន់តែខ្ពស់ រកចំណូលបានកាន់តែច្រើន និងកសាងជីវភាពប្រកបដោយសុវត្ថិភាព និងមានស្ថិរភាពជាងមុន»។
កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូងនៅឆ្នាំ២០២៤ ក្រោមគោលគំនិតនាំសេវាកម្ម និងជំនួយរបស់រដ្ឋាភិបាលឲ្យកាន់តែខិតជិតសហគមន៍ក្រីក្រ តាមរយៈកិច្ចសហការសម្របសម្រួលរវាងស្ថាប័នជាតិ និងរដ្ឋបាលមូលដ្ឋាន។
សម្រាប់ក្រសួងកសិកម្ម កញ្ចប់ថវិកាជំនួយមានទឹកប្រាក់ចំនួន៦៨លានដុល្លារនេះ ធ្វើឲ្យជំនួយរបស់រដ្ឋាភិបាលបានទៅដល់ដៃកសិករ អ្នកនេសាទ និងអ្នកងាររងគ្រោះនៅតាមទីតំបន់ជនបទ មានដូចជាធាតុចូលកសិកម្ម និងការគាំទ្រផលិតកម្ម រហូតដល់ការចូលដំណើរការទីផ្សារ និងកម្មវិធីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រជាជនហ្វីលីពីនក្រីក្រ៕ (ផាន់ អាណា)







