គ្រួសារកសិករគៅដៅអ្នកផលិតស្រូវ៣ ៤២១គ្រួសារ ចងក្រងជាកិច្ចសន្យាទិញ -លក់ស្រូវប្រណីត

799869672_1605591254695727_5469146269183083654_n

ដោយ ហៃ ស៊ីណា

ភ្នំពេញ៖ ក្រុមហ៊ុន អេមរុរ៉ាយស៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការផលិតពូជស្រូវបរិសុទ្ធ ព្រមទាំងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ស្រូវប្រណីតសម្រាប់រដូវប្រមូលផលឆ្នាំ២០២៦។

កម្មវិធីនេះ រៀបចំឡើងនៅខេត្តកំពង់ធំ កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានអ្នកចូលរួមប្រមាណ១៥៨នាក់ រួមមានតំណាងមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីគម្រោង AIMS តំណាងក្រុមហ៊ុន អេមរុ រ៉ាយស៍ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ចង្កោមអាជីវកម្ម និងក្រុមផលិតមកពីស្រុកគោលដៅចំនួនប្រាំក្នុងខេត្តព្រះវិហារ រួមមានស្រុកជ័យសែន ឆែប គូលែន រវៀង និងស្រុកត្បែងមានជ័យ។

នៅក្នុងកម្មវិធីពេលព្រឹក អ្នកចូលរួមបានធ្វើទស្សនកិច្ចនៅស្ថានីយបង្កាត់ និងជ្រើសរើសពូជស្រូវបល្ល័ង្ក ក្នុងខេត្តកំពង់ធំ។ ទស្សនកិច្ចនេះបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្រុមផលិតឱ្យទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីការជ្រើសរើសពូជបរិសុទ្ធ ការបន្សុទ្ធពូជ ការដកស្រូវច្រឡំលាយ និងការគ្រប់គ្រងគុណភាពពូជស្រូវ។

អ្នកចូលរួមក៏បានផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញបច្ចេកទេស និងសិក្សាអំពីពូជស្រូវចំនួន២៨ប្រភេទ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទិន្នផល ភាពធន់នឹងលក្ខខណ្ឌកសិបរិស្ថាន និងលក្ខណៈគុណភាពគ្រាប់ស្រូវ។

ការរក្សាភាពបរិសុទ្ធនៃពូជស្រូវ គឺជាកត្តាសំខាន់ក្នុងការធានាគុណភាព និងតម្លៃទីផ្សាររបស់ស្រូវប្រណីត និងស្រូវក្រអូបកម្ពុជា។ ចំណេះដឹងដែលទទួលបានពីទស្សនកិច្ចនេះ នឹងជួយកសិករកាត់បន្ថយការច្រឡំលាយពូជ បង្កើនស្ថិរភាពគុណភាពផលិតកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

កិច្ចសន្យាទិញ-លក់ចំនួន៦២កិច្ចសន្យា ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមផលិតចំនួន៦២ ក្រុម ដែលស្ថិតនៅក្រោមចង្កោមអាជីវកម្មស្រូវប្រណីតចំនួន២០។ កិច្ចសន្យាទាំងនេះគ្របដណ្តប់លើបរិមាណស្រូវប្រណីតតាមផែនការប្រមាណជាង៣៥ ០០០តោន សម្រាប់រដូវប្រមូលផលឆ្នាំ២០២៦។

ក្រុមផលិតទាំងនេះតំណាងឱ្យគ្រួសារកសិករចំនួន៣ ៤២១គ្រួសារ ដែលដាំដុះលើផ្ទៃដីជាង១២ ៥០០ហិកតា នៅទូទាំងខេត្តព្រះវិហារ។

តាមរយៈកិច្ចសន្យាទាំងនេះ កសិករដែលចូលរួមនឹងទទួលបានភាពកាន់តែច្បាស់លាស់អំពីទីផ្សារ និងមានការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ លើការរៀបចំផែនការផលិតកម្ម ស្តង់ដារគុណភាព ការប្រមូលផល និងការប្រគល់ស្រូវ។ គំនិតផ្តួចផ្តើមនេះក៏ជួយពង្រឹងតួនាទីរបស់សហគមន៍កសិកម្ម និងក្រុមផលិត ក្នុងការតភ្ជាប់កសិករខ្នាតតូចទៅកាន់ទីផ្សារផ្លូវការ និងទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់។

ក្រុមហ៊ុនអេមរុរ៉ាយស៍ បន្តប្តេជ្ញាចិត្តអភិវឌ្ឍភាពជាដៃគូផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្នជាមួយកសិករ សហគមន៍កសិកម្ម និងស្ថាប័នរាជរដ្ឋាភិបាល។ តាមរយៈការរួមបញ្ចូលការអភិវឌ្ឍសមត្ថភាពបច្ចេកទេស ការគ្រប់គ្រងគុណភាពពូជ និងការតភ្ជាប់ទីផ្សារជាផ្លូវការ ក្រុមហ៊ុនមានគោលដៅរួមចំណែកបង្កើនប្រាក់ចំណូលរបស់កសិករ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់វិស័យស្រូវប្រណីតកម្ពុជា។

កម្មវិធីនេះគឺជាជំហានដ៏សំខាន់មួយទៀតក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយតម្លាភាព ភាពជឿទុកចិត្ត និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយតភ្ជាប់កសិករខ្នាតតូចកម្ពុជាទៅកាន់ទីផ្សារដែលមានស្ថិរភាព និងបង្កើនតម្លៃ ព្រមទាំងកិត្យានុភាពរបស់អង្ករកម្ពុជានៅលើទីផ្សារ៕


image_2026-09-16_15-09-11
រយៈពេលប្រាំបីខែវៀតណាមនាំចូលសាច់ និងជលផលជាង៤ ០០០លានដុល្លារ ដោយនាំសាច់ពីឥណ្ឌា​ច្រើនជាងគេ​

ហាណូយ៖ វៀតណាមបានចំណាយប្រាក់ជាង៤ ០០០លានដុល្លារ លើការនាំចូលសាច់ ផលិតផលសាច់ និងផលិតផលជលផលផ្សេងៗ ក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២៦ ដោយការនាំចូលសាច់បានកើនឡើងជាង២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៥។ នេះបើយោងតាមនាយកដ្ឋានគយវៀតណាម។ ប្រទេសឥណ្ឌា នៅតែជាប្រទេសផ្គត់ផ្គង់សាច់ និងផលិតផលសាច់ច្រើនជាងគេបំផុតទៅឱ្យវៀតណាម ដោយមានចំណែកជាង២០ភាគរយ នៃបរិមាណនាំចូលសរុប។ សាច់នាំចូលពីឥណ្ឌាមានជាង១២ម៉ឺនតោន ដែលមានតម្លៃជាង៥២១លានដុល្លារ ហើយបើនិយាយពីតម្លៃវិញ គឺ​កើនឡើងជាង៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលសាច់ និងផលិតផលសាច់ពីប្រទេសផ្គត់ផ្គង់មួយចំនួនទៀត ក៏បានកើនឡើងទាំងបរិមាណ និងតម្លៃផងដែរ រួមមានពីសហរដ្ឋអាម៉េរិក ប្រេស៊ីល អេស្ប៉ាញ កាណាដា អាល្លឺម៉ង់ តួកគី ជប៉ុន និងនូវែលសេឡង់ជាដើម ។ វៀតណាមនាំចូលច្រើនជាងគេ គឹសាច់សត្វស្លាប សាច់ជ្រូក សាច់ក្របី និងសាច់គោ ព្រមទាំងគ្រឿងក្នុងច្រើនប្រភេទ ។ យោងតាមទិន្នន័យសម្រាប់រយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ សាច់សត្វស្លាប និងគ្រឿងក្នុងសត្វ មានចំណែកជាង៣៦ភាគរយ នៃបរិមាណនាំចូលសាច់សរុបរបស់វៀតណាម ដែលធ្វើឱ្យគ្រឿងក្នុងសត្វក្លាយជាប្រភេទទំនិញនាំចូលច្រើនជាងគេបំផុត។ ចំណែកការចំណាយរបស់វៀតណាមលើការនាំចូលសាច់ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៦នេះ មានចំនួនជិតស្មើនឹងការចំណាយពេញមួយឆ្នាំ២០២៥។ នាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ក្នុងឆ្នាំ២០២៥ វៀតណាមបាននាំចូលសាច់ចំនួនជិត៩៨ម៉ឺន តោន ដែលមានតម្លៃជាង២ ០០០លានដុល្លារ។ […]

image_2026-09-16_13-05-31
ខ្ទឹមសរត់ពន្ធពីចិន អុកឡុកទីផ្សារម៉ិកស៊ិក និងប៉េរូ ធ្វើឱ្យកសិករក្នុងស្រុកខាតឡុងចុង

ម៉ិកស៊ីកូ៖ ឧស្សាហកម្មខ្ទឹមស នៅប្រទេសម៉ិកស៊ិក និងប្រទេសប៉េរូ កំពុងជួបបញ្ហាខ្ទឹមសចិនក្នុងបរិមាណដ៏ច្រើន ត្រូវបាននាំចូលដោយខុសច្បាប់ ធ្វើកសិករក្នុងស្រុកខាងបង់ប្រាក់ចំណូល ព្រោះប្រកួតប្រជែងមិនឈ្នះផលិតផលដ៏ច្រើនរត់ពន្ធពីប្រទេសចិន។ អាជីវករលក់ដូរមើមខ្ទឹមសនៅក្នុងប្រទេសទាំងពីរនេះ ​អាចស្គាល់ខ្ទឹមសចិនដោយងារបំផុត គឺនៅក្នុងរដូវប្រមូលផល។ នៅពេលខ្ទឹមសចិនស្រស់ៗ បង្ហាញខ្លួននៅលើទីផ្សារ ដែលមិនមែនជារដូវប្រមូលផលក្នុងស្រុក។ អាជីវិករនិយាយថា ទោះឈរនៅចម្ងាយ៥ម៉ែត្រ ក៏អាចមើលដឹងបានយ៉ាងងាយថា ខ្ទឹមសនោះមកពីណា។ រូបរាងមើមខ្ទឹមសចិន មានលក្ខណៈពិសេសមួយ មិនអាចប្រើប្រៀបធៀបជាមួយខ្ទឹមសដាំនៅម៉ិកស៊ិក ឬប៉េរូ។ ចំណែកតម្លៃ គឺជាសញ្ញាសម្គាល់មួយទៀត។ ប្រទេសចិនមានចំណែកប្រហែល៨០ភាគរយ នៃផលិតកម្មខ្ទឹមសពិភពដោយមួយផ្នែកធំនៃផលិតកម្មខ្ទឹមសចិន ទទួលបានការគាំទ្រពីរដ្ឋ ដែលធ្វើឱ្យថ្លៃដើមផលិតទាប នៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីអ្នកដាំ រហូតដល់អ្នកជួញដូរ និងអ្នកនាំចេញ ទទួលបានការគាំទ្រពីរដ្ឋចិន។ ស្ថានភាពរត់ពន្ធខ្ទឹមសបែបនេះ ធ្វើឱ្យអ្នកដាំនៅក្នុងប្រទេសផ្សេងៗ មិនអាចប្រកួតប្រជែងតម្លៃបានឡើយ ជាពិសេសដោយសារថ្លៃដើមផលិត ដែលជាទូទៅស្ថិតនៅចន្លោះ១៥ ០០០ ដល់២០ ០០០ដុល្លារ ក្នុងមួយហិកតារ ខណៈទិន្នផលទទួលបានមានចន្លោះពី១២ ដល់១៤តោនក្នុងមួយហិកតារ។ ផលិតផលក្នុងស្រុកមានវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាពចំណីអាហារសម្រាប់តាមដានប្រភព។ ផ្ទុយទៅវិញ ខ្ទឹមសចិននាំចូលដោយខុសច្បាប់ គ្មានប្រព័ន្ធតាមដានប្រភព និងគ្មានភាពប្រាកដប្រជាអំពីលក្ខខណ្ឌអនាម័យឡើយ។ ដោយសារទំនិញប្រភេទនេះ គេចផុតពីការត្រួតពិនិត្យស្តង់ដារផ្នែកភូតគាមអនាម័យ និងការត្រួតពិនិត្យគយ គេមិនអាចផ្ទៀងផ្ទាត់បានថា តើមានការប្រើប្រាស់សារធាតុកសិកម្មប្រភេទណាខ្លះ លក្ខខណ្ឌប្រព័ន្ធស្រោចស្រពមានសុវត្ថិភាពកម្រិតណា […]

photo_2026-09-14_19-43-23
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ​ចាប់ផ្តើមនាំចេញអង្ករលើក​ដំបូងមួយម៉ឹនតោន​ទៅហ្វីលីពីន​

ដោយ ឡុង សារេត ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍​ របស់កម្ពុជា នៅរសៀលថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មជាមួយក្រុមហ៊ុន​ ដីឡៃ ត្រេឌីង (DILAI TRADING CO. PTE. LTD) របស់ហ្វីលីពីសម្រាប់ការនាំចេញអង្គរកម្ពុជាមួយម៉ឺនតោន ដោយប្រើសាឡង់ជាលើកដំបូង​ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍​ មានប្រសាសន៍ថា​ ពិធីចុះហត្ថលេខានៅថ្ងៃនេះ មិនត្រឹមតែជាការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយសម្រាប់វិស័យស្រូវអង្ករកម្ពុជាដោយនេះជាការនាំចេញអង្ករកម្ពុជាតាមទម្រង់ដឹកជញ្ជូនជាបរិមាណច្រើន ​ទៅកាន់ប្រទេសហ្វីលីពីន ជាលើកដំបូង​។ ជោគជ័យនេះបង្ហាញឱ្យឃើញពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកទិញអន្តរជាតិចំពោះគុណភាព សុវត្ថិភាព ភាពប្រកួតប្រជែង និងសមត្ថភាពផ្គត់ផ្គង់របស់អង្ករកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បញ្ជាក់ពីសមត្ថភាព របស់ក្រុមហ៊ុនកម្ពុជាក្នុងការរៀបចំ កែច្នៃ គ្រប់គ្រងគុណភាព និងដឹកជញ្ជូនអង្ករជាបរិមាណធំទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ។ ក្នុងនាមក្រុមហ៊ុន ក្រុមហ៊ុន ស៊ីធី​ រ៉ាយស៍,​ឧកញ៉ាបណ្ឌិត បាន​សម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម និងស្ថាប័នរាជរដ្ឋាភិបាល […]

39691_afs
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡាវ សម្លាប់ជ្រូកអស់ជាង៥ ៤០០ក្បាល អ្នកចិញ្ចឹមលួចលក់សាច់ជ្រូកងាប់

វៀងចន្ទន៍៖ អាជ្ញាធរឡាវបានរាយការណ៍ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានឆ្លងរីករាលដាលនៅទូទាំង៦ស្រុក​ សរុប៣៨ភូមិ នៃខេត្តភាគខាងជើងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយបណ្តាលឱ្យជ្រូក ជាង៥ ៤០០ក្បាលងាប់ និងបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ៦៦៥ ០០០ដុល្លារ។ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ជំងឺនេះបានឆ្លងរាលដាលដល់យ៉ាងហោចណាស់៣៨ភូមិ និងគ្រួសារកសិកររាប់រយគ្រួសារ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺជាជំងឺវីរុសធ្ងន់ធ្ងរ និងឆ្លងរាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមដល់ជ្រូកចិញ្ចឹម និងជ្រូកព្រៃ ហើយអាចធ្វើឱ្យជ្រូកងាប់គ្មានសល់។ នេះបើយោងតាមអង្គការសុខភាពសត្វពិភពលោក។ ជំងឺនេះ មិនឆ្លងទៅមនុស្សទេ​ ប៉ុន្តែទោះជាយ៉ាងណា មនុស្សអាចជាអ្នកចម្លងមេរោគទៅជ្រូកតាមរយៈសម្លៀកបំពាក់ ឧបករណ៍ ចំណីអាហារ ឬសម្ភារៈផ្សេងៗ។ អាជ្ញាធរឡាវបានឱ្យដឹងថា ការលួចនាំចូលដោយខុសច្បាប់ និងការដឹកជញ្ជូនផលិតផលសាច់ជ្រូកដោយគ្មានការគ្រប់គ្រងច្បាស់លាស់ បណ្ដាលឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំង។ ចំណែកកសិករឡាវមួយចំនួនក៏បានលួចលក់សាច់ពីជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងតម្លៃថោកៗ ធ្វើឱ្យមន្ត្រីជំនាញរបស់ឡាវពិបាកទប់ស្កាត់ និងធ្វើឱ្យមេរោគឆ្លងរីករាលដាលកាន់តែខ្លាំងថែមទៀត។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ ការិយាល័យនាយករដ្ឋមន្ត្រីឡាវ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដោយបញ្ជាឱ្យបន្តតាមដានការដឹកជញ្ជូនជ្រូក និងផលិតផលសាច់ជ្រូករវាងខេត្ត និងស្រុក ព្រមទាំងហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការនាំចូលផលិតផលពីជ្រូកពីបរទេស៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ