ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការីនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះត្រួតពិនិត្យនិងស្វែងយល់អំពីដំណើរការប្រមូលទិញស្រូវ និងស្តុកទុករបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣កន្លែងផ្សេងៗគ្នាស្ថិតស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីកសិករនៅរោងម៉ាស៊ីនកិនស្រូវខាងលើ គឺក្នុងគោលបំណងតាមដានអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតលើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
រោងម៉ាស៊ីនកិនស្រូវទី១ ដែលឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យនេះ គឺរោងម៉ាស៊ីន BRM ស្ថិតនៅស្រុកសន្ទុក ទី២ រោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ (Amru Rice) ស្ថិតនៅស្រុកស្ទោង និងទី៣ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ខេត្តកំពង់ធំ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានចុះផ្ទាល់ពិនិត្យមើលសកម្មភាពច្រូតកាត់ប្រភេទស្រូវចំប៉ីស ដែលផលិតដោយរោងម៉ាស៊ីនកិនស្រូវ BRM ក្នុងផ្ទៃដី៣០០ ហិកតា ទិន្នផល៤តោនក្នុង១ហិកតា។
បន្ទាប់មកទៀត ឯកឧត្តមបណ្ឌិត និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះពិនិត្យមើល សកម្មភាពប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនអេមរុរ៉ាយស៍ ដែលកំពុងប្រមូលទិញស្រូវពីកសិករប្រភេទស្រូវសែនក្រអូប និង OM 5451 ចន្លោះពី៥០០ ទៅ៦០០តោនក្នុងមួយថ្ងៃ ហើយបានពិនិត្យមើលកន្លែងបន្សុទ្ធពូជស្រូវគំរូរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ មានស្រូវស្រងែ និងសែនក្រអូប ដើម្បីបន្សុទ្ធត្រៀមចែកចាយដល់កសិករបង្កើនទិន្នផល ធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
ចុងក្រោយ ឯកឧត្តមបណ្ឌិតបានបន្តពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ១៦៩៨ ក្នុងខេត្តកំពង់ធំ ដែលកំពុងប្រមូលទិញស្រូវពីកសិករយកមកស្តុកទុក និងកិនកែច្នៃ សម្រាប់ផ្គត់ផ្គង់ទៅផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។
បន្ថែមពីនេះ ដើម្បីចូលរួមលើកកម្ពស់តម្លៃស្រូវរបស់កសិករនិងរក្សាស្ថេរភាពតម្លៃ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារគោលនយោបាយ បានជំរុញឲ្យរោងម៉ាស៊ីនក្នុងស្រុក បង្កើនការទិញស្រូវពីកសិករ នារដូវច្រូតកាត់ឆ្នាំនេះឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យដើម្បីយកស្តុកទុកសម្រាប់កិន និងកែច្នៃទៅជាអង្ករ បម្រើដល់ការនាំចេញផងដែរ៕













