ម៉ាឡេស៊ី៖ ដោយសារបញ្ហារាំងស្ងួត អាកាសធាតុក្ដៅខុសប្រក្រតី បង្កដោយបាតុភូត អែលនីញ៉ូ កសិករម៉ាឡេស៊ីកំពុងមានការភ័យព្រួយផង និងត្រៀមខ្លួនទប់ទល់នឹងគ្រោះសាហាវនេះ។
ស្របពេលផ្សែងអ័ព្ទកំពុងបង្កផលប៉ះពាល់ដល់ដំណាំរបស់ពួកគាត់ផង ស្រាប់តែបាតុភូត មហាអែលនីញ៉ូ (Super El Niño) អាចបង្កឱ្យមានការខ្វះខាតទឹក និងធ្វើឱ្យការចំណាយលើការផលិត កើនឡើងកាន់តែខ្ពស់។
ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយថា ការខ្វះខាតទឹក គឺជាក្តីបារម្ភធំជាងគេរបស់កសិករម៉ាឡេស៊ី ជាពិសេសអ្នកដាំបន្លែ។
នៅពេលបាតុភូតអែលនីញ៉ូកើតឡើង ការខ្វះខាតទឹកនឹងកើតមានជៀសមិនរួច ដែលបង្ខំឱ្យកសិករចំណាយកាន់តែច្រើនលើការបូមទឹក និងស្តុកទឹក ថ្លៃប្រព័ន្ធស្រោចស្រព ថ្លៃប្រេង ថាមពលអគ្គិសនី ថ្លៃគ្រប់គ្រងសត្វល្អិត និងជំងឺ ព្រមទាំងការទិញសំណាញ់ ឬឧបករណ៍ការពារជាច្រើនទៀត។
ប្រធានសហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បានឱ្យដឹងថា ប្រសិនបើតម្លៃបន្លែមិនកើនឡើងទេ នោះកសិករនឹងជួបបញ្ហាកាន់តែខ្លាំង ជាពិសេសកសិករខ្នាតតូច ហើយកសិករមួយចំនួនអាចបង្ខំចិត្តកាត់បន្ថយទំហំផ្ទៃដីដាំដុះ ឬឈប់តែម្តង។
ទន្ទឹមនឹងនោះ បាតុភូតអែលនីញ៉ូអាចប៉ះពាល់ដល់ការផ្គត់ផ្គង់បន្លែក្នុងស្រុក និងសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី»។
សហព័ន្ធសមាគមកសិករដាំបន្លែ ម៉ាឡេស៊ី បាននិយាយទៀតថា គេមិនអាចរង់ចាំរហូតដល់កសិករអស់ទឹក ទើបចាប់ផ្តើមចាត់វិធានការនោះទេ ដូច្នេះ រដ្ឋគួរកែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក និងលើកកម្ពស់វិធានការសន្សំសំចៃទឹកឲ្យកាន់តែប្រសើរជាងមុន។
សហព័ន្ធសមាគមកសិករដាំបន្លែ ក៏បានស្នើឱ្យរដ្ឋាភិបាលផ្តល់ជំនួយដល់កសិករ ចន្លោះពី២៤៥ដុល្លារ ទៅ៤៩០ដុល្លារ ក្នុងមួយហិកតា ប្រសិនបើគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការទិញឧបករណ៍សន្សំសំចៃទឹក៕ (ផាន់ អាណា)










