ភ្នំពេញ៖ អ្នកចិញ្ចឹមត្រចៀកកាំខ្នាតតូចល្មម អាចរកប្រាក់កម្រៃរហូតដល់រង្វង់២ ទៅ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ប្រសិនបើមានបច្ចេកទេសចិញ្ចឹមត្រឹមត្រូវ ខណៈកម្ពុជាកំពុងជំរុញការនាំចេញ ជាពិសេសទៅប្រទេសចិន តាមរយៈក្រុមហ៊ុនចំនួន៥។ នេះបើយោងតាមសមាគមត្រចៀកកាំកម្ពុជា។
វិស័យចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០ ទៅ៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំ ប្រមាណ១០០តោន ក្នុងមួយឆ្នាំ។ ក្នុងចំណោមនេះ មានផ្ទះត្រចៀកកាំជិត១ ០០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រធានសមាគមត្រចៀកកាំកម្ពុជា លោក ស៊ុយ កុកធាន បានបញ្ជាក់ថាអ្នកចិញ្ចឹមត្រចៀកកាំនៅកម្ពុជាមកដល់ឆ្នាំ២០២៦នេះ មានសន្ទុះកើនឡើង ដោយសារតម្លៃរក្សាបានខ្ពស់ ស្របពេលដែលកម្ពុជាទើបសម្រេចបានការនាំចេញសំបុកត្រចៀកកាំជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន។
ទោះជាយ៉ាងណាសមាគម មិនគាំទ្រការចិញ្ចឹមខ្នាតតូចខ្លាំងពេកទេ ព្រោះអាចប៉ះពាល់ដល់ស្តង់ដារ និងគុណភាពសំបុក។
លោក ស៊ុយ កុកធាន បានពន្យល់ប្រាប់ថាទំហំផ្ទះត្រចៀកកាំដែលតូចជាងគេនោះគឺក្នុងទម្រង់ផ្ទះ៨គុណ ១៦ម៉ែត្រ ចំណាយថវិការប្រមាណខ្ទង់៥ម៉ឺនដុល្លារ។ ទំហំផ្ទះត្រចៀកកាំមធ្យមគឺ១០គុណ២០ម៉ែត្រ ឬ១០គុណ២៤ម៉ែត្រ ដែលមានកម្ពស់២ទៅ៣ជាន់។ចំណែកផ្ទះត្រចៀកកាំធន់ធំ ជាងនេះគេអាចចំណាយចាប់ពីជាង១០ម៉ឺនដុល្លារឡើង។ ផ្ទះសំបុកត្រចៀកកាំកម្ពុជាភាគច្រើន ស្ថិតនៅខេត្តជាប់មាត់សមុទ្រ ដូចជាកោះកុង និង ខេត្តកំពត ប៉ុន្តែក៏បានប្ដូរមកខេត្តភូមិភាគកណ្ដាលច្រើនផងដែរ ដូចជាបណ្ដាខេត្តជុំវិញបឹងទន្លេសាប ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម៕







