ដោយ ឡុង សារេត
ភ្នំពេញ៖ ក្រោយរងការខាតបង់អស់រយៈពេលជាច្រើនឆ្នាំ កសិករកៅស៊ូលក្ខណៈគ្រួសារ និងអ្នកវិនិយោគក្នុងស្រុកហាក់កំពុងស្ដារប្រាក់ចំណេញមកវិញ ក្រោយតម្លៃកៅស៊ូនៅទៅលើទីផ្សារអន្តរជាតិប៉ុន្មានខែកន្លងមកនេះមានតម្លៃខ្ពស់។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថាបរិមាណនៃការនាំចេញផលិតកៅស៊ូនៅប៉ុន្មានខែកន្លងមកនេះមានការកើនឡើង ហើយតម្លៃល្អជាងឆ្នាំមុនៗ។
ពាក់ព័ន្ធនិងតម្លៃកៅស៊ូនេះ នៅពេលកន្លងមក លោករងការខាតបង់ប្រាក់ជាច្រើនឆ្នាំ ដោយសារតម្លៃកៅស៊ូក្នុងមួយតោនលក់ថ្លៃតែ១ ១០០ ទៅ ១ ២០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែនៅតាមចំម្ការកៅស៊ូធំៗត្រូវការចំណាយថ្លៃដើមផលិតរហូតដល់ ១ ៥០០ដុល្លារក្នុងមួយតោន។
ទោះជាយ៉ាងណាពេលនេះ កៅស៊ូ ឬផលិតផលកៅស៊ូពាក់កណ្តាលសម្រេចលក់បានថ្លៃជាង២០០០ដុល្លារ ជួយឱ្យកសិករដាំកៅស៊ូលក្ខណៈគ្រួសារនិងក្រុមហ៊ុនរកបានប្រាក់ចំណេញត្រឡប់មកវិញ។
បើយោងតាមលោក លឹម ហេង, តម្លៃផលិតផលកៅស៊ូពាក់កណ្តាលសម្រេចនៅពេលខាងមុខនេះលោក រំពឹងថានូវតែលក់បានល្អ ព្រោះនៅលើទីផ្សារអន្តរជាតិកំពុងមានតម្រូវការ តួយ៉ាងបណ្តាប្រទេសនៅមជ្ឈឹមបូព៌ា និងប្រទេសស្ថិតនៅក្នុងតំបន់ដែលកំពុងមានសង្គ្រាម។
លោក ផៃ សុផល អនុប្រធានសមាគមកៅស៊ូប៉ៃលិនបានឱ្យដឹងថាតម្លៃកៅស៊ូ ពិតជាមានការឡើងថ្លៃ បើធៀបនឹងខែកញ្ញា ឆ្នាំ២០២៥។ តួយ៉ាងតម្លៃជ័រកៅកកកាលពីដើមខែកញ្ញានេះសមាគមលក់បានថ្លៃ១ ២០០ ទៅ១ ២៥០ដុល្លារក្នុងមួយតោន បើប្រៀបនិងពេលមុនៗ លក់បានថ្លៃប្រមាណ៩៥០ដុល្លារប៉ុណ្ណោះ។ ដូចនេះកសិករគួរតែពង្រឹងគុណភាពជ័រកៅស៊ូ ធ្វើឱ្យជ័រស្អាត និងចូលរួមលក់រួមគ្នា ដើម្បីទទួលបានតម្លៃខ្ពស់។
លោកបន្តថា បច្ចុប្បន្ន កៅស៊ូជាដំណាំកសិឧស្សាហកម្ម ដែលមានដាំដុះស្ទើរគ្រប់ខេត្តក្នុងប្រទេសកម្ពុជា។ កៅស៊ូជាវត្ថុធាតុដើមយ៉ាងសំខាន់ ក្នុងការកែរច្នៃ ពិសេសសំបងកង់រថយន្ត ដែលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានរោងចក្រកែច្នៃ ប្រមាណ៥រោងចក្រ។
លោកសង្កត់ធ្ងន់ថា នៅពេលកម្ពុជាមានរោងចក្រកែច្នៃតម្លៃជ័រកៅស៊ូក្នុងស្រុកនឹងមានការកើនឡើង។ ការបង្កើតខ្សែច្រវាក់ផលិតកម្មកែច្នៃក្នុងស្រុក ជួយដល់កំណើនសេដ្ឋកិច្ច តាមការលក់ជ័រ និង អាចស្រូបយកកម្លាំងពលកម្មកាត់បន្ថយចំណាក់ស្រុក។
យោងតាមរបាយការណ៍ស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៦កន្លងមកនេះ កម្ពុជាបាននាំចេញកៅស៊ូទៅទីផ្សារបរទេសមានទឹកប្រាក់ជាង៣៨១លានដុល្លារ កើនឡើងប្រមាណ២០ភាគរយ ឬស្មើនឹងប្រមា៦៤លានដុល្លារ បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕







