តូក្យូ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា រដ្ឋាភិបាលជប៉ុននឹងទិញអង្ករចំនួន២១០ ០០០តោន ដែលខ្លួនបានបញ្ចេញកាលពីឆ្នាំ២០២៥ ត្រឡប់ចូលស្តុកវិញ បន្ទាប់ពីការផ្គត់ផ្គង់អង្ករនាពេលនេះ បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារក្នុងស្រុក។
កាលពីឆ្នាំ២០២៥ នៅពេលតម្លៃអង្ករជប៉ុនឡើងថ្លៃខ្លាំងពេក រដ្ឋាភិបាលបានបង្ខំចិត្តបញ្ចេញអង្ករសរុប៥៩០ ០០០តោន ពីស្តុកបម្រុងរបស់ខ្លួន ដែលត្រៀមទុកសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។
បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន មានអង្ករនៅសល់ក្នុងស្តុកប្រមាណ៣២០ ០០០តោន ដែលទាបជាងបរិមាណកំណត់ស្តុកទុកចំនួន១លានតោន។ ដូច្នេះ ការទិញអង្ករត្រឡប់ចូលស្តុកវិញតាមផែនការនេះ នឹងធ្វើឱ្យបរិមាណអង្ករក្នុងស្តុកទុកកើនឡើងដល់ប្រមាណ៧៤០ ០០០តោន។
តម្លៃអង្ករជប៉ុនបានធ្លាក់ចុះ ដោយសារមានអង្ករច្រើនឡើងនៅលើទីផ្សារ។ ទន្ទឹមនឹងនេះដែរ កសិករមានការព្រួយបារម្ភថា ការផ្គត់ផ្គង់ដ៏សម្បូរហូរហៀរអាចនាំឱ្យតម្លៃអង្ករធ្លាក់ចុះទាបពេក។
រដ្ឋមន្ត្រីកសិកម្ម លោក ណូរីកាហ្ស៊ុ ស៊ុយហ្សូគី (Norikazu Suzuki) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងបានបញ្ជាក់ហើយថា ការផ្គត់ផ្គង់នឹងមានច្រើនជាងតម្រូវការ» ហើយគេរំពឹងថា នឹងទទួលបានទិ្នផលស្រូវល្អនៅរដូវប្រមូលផលឆ្នាំនេះ។
ផែនការទិញអង្ករត្រឡប់ចូលស្តុកវិញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃអង្ករខ្លាំងពេក ព្រមទាំងកាត់បន្ថយបន្ទុកលើគ្រួសារប្រជាជនជប៉ុន ចំពោះការឡើងថ្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។
ការប្រើប្រាស់អង្ករក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលពេញមួយឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ដោយសារតម្លៃអង្ករផលិតក្នុងស្រុកបានហក់ឡើងដោយសារជួបបញ្ហាខ្វះអង្ករយ៉ាងច្រើនពេក នៅក្នុងឆ្នាំ២០២៤។
ទន្ទឹមនឹងនេះដែរ ទិន្នផលស្រូវឆ្នាំ២០២៥ មានបរិមាណត្រឹមចំនួន៧,៤៧លានតោន។ ជាលទ្ធផល ស្តុកអង្ករក្នុងឃ្លាំងរបស់វិស័យឯកជនមានបរិមាណសរុបបានត្រឹមតែ២,៤៣លានតោន ដែលជាកំណត់ត្រាខ្ពស់បំផុត កាលពីចុងខែមិថុនា ឆ្នាំ២០២៦នេះ។
ចំណែកតម្លៃអង្ករជប៉ុនលក់រាយ ដែលបានស្ថិតក្នុងនិន្នាការធ្លាក់ចុះ ចាប់តាំងពីបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតកាលពីចុងឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦នេះ។ ក្រសួងក្រសួងកសិកម្ម បានព្យាករថា តម្រូវការអង្ករសម្រាប់ឆ្នាំ២០២៦ អាចមានបរិមាណចំនួនពី៦,៩៤លាន ទៅ៧,១១លានតោន៕ (ផាន់ អាណា)










