ហ្សាការតា៖ ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី កំពុងអភិវឌ្ឍប្រព័ន្ធតាមដានទឹកក្រោមដី ក្នុងគោលបំណងកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ និងដី ជាពិសេសនៅតំបន់ដីព្រៃព្រឹក្សា (peatland)។
នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាកាសធាតុ និងបរិយាកាស នៃទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានឱ្យដឹងថា ប្រព័ន្ធនេះត្រូវបានរចនាឡើង ដើម្បីតាមដានស្ថានភាពទឹកក្រោមដីនៅតំបន់ដីព្រៃព្រឹក្សា និងរកឃើញការប្រែប្រួលដែលអាចជាសញ្ញាបង្ហាញពីការកើនឡើងនៃហានិភ័យភ្លើងឆេះព្រៃ និងតាមដានការបញ្ចេញឧស្ម័នកាបូនពីតំបន់ទាំងនេះ។
លោកបាននិយាយកាលពីថ្ងៃទី១ ខែកញ្ញាថា «ទិន្នន័យកម្រិតទឹកក្រោមដីអាចប្រើជាប្រព័ន្ធព្រមានជាមុន ដើម្បីកំណត់ថា តើដីព្រៃចាប់ផ្តើមងាយរងគ្រោះដោយភ្លើងឆេះនៅពេលណា ព្រោះការធ្លាក់ចុះនៃកម្រិតទឹកក្រោមដីធ្វើឱ្យដីព្រៃព្រឹក្សាកាន់តែស្ងួត»។
ការស្រាវជ្រាវថ្មីៗរបស់ទីភ្នាក់ងារជាតិស្រាវជ្រាវ និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានបង្ហាញថា ព្រៃលិចទឹកមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងទឹកភ្លៀងក្នុងតំបន់ ស្តុកទុកបរិមាណកាបូនដ៏ច្រើន និងរក្សាលំនឹងទឹក ដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីទាំងនេះមានសារៈសំខាន់ចំពោះភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
លោកបានបន្ថែមថា ការគ្រប់គ្រងដីព្រៃព្រឹក្សាសម្រាប់ការដាំដុះដំណាំ អាចរួមមានការជីកប្រឡាយ ដើម្បីគ្រប់គ្រងកម្រិតទឹក។ ទោះជាយ៉ាងណា ប្រសិនបើកម្រិតទឹកក្រោមដីធ្លាក់ចុះខ្លាំងពេក វាអាចធ្វើឱ្យដីព្រៃព្រឹក្សាស្ងួត និងបង្កើនហានិភ័យភ្លើងឆេះ៕ (ផាន់ អាណា)










