ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានមានប្រសាសន៍រំលឹកដល់កសិករនូវគន្លឹះសំខាន់ៗស្តីអំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារមួយដែលមានគោលដៅច្បាស់គឺ នឹងនាំមកផលចំណេញ ប៉ុន្តែបើប្រាស់លុយឬកម្ចីមិនចំទិសដៅនឹងនាំឲ្យគ្រួសារក្លាយជាអន្ទាក់បំណុល។
ប្រសាសន៍គន្លឹះស្តីអំពីការគ្រប់ហិរញ្ញវត្ថុរបស់ អគ្គនាយកធនាគារ ARDB ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនិងក្លិបអ្នកកាសែតកម្ពុជានាពេលថ្មីៗនេះ ដើម្បីផ្តល់ព័ត៌មាន ចំណេះដឹង ហិរញ្ញវត្ថុ និងទីផ្សារអាចតភ្ជាប់គ្នាកាន់តែប្រសើរ។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារយើងនៅមានកម្រិតទាប ការប្រើប្រាស់លុយដែលខ្ចីពីគេមកអាចខុសគោលដៅច្រើន ដែលធ្វើឲ្យបំណុលគ្រួសារកើនឡើង ដោយសារតែការប្រើប្រាស់ខុសនូវ ឥណទានឬក៏ប្រាក់គ្រួសារពួកគាត់តែម្តងនេះ គឺជាអន្ទាក់បំណុលមួយធំណាស់ ដែលយល់ខុសពីការគិតថា លុយដែលខ្ចីមកជាលុយឬជាទ្រព្យរបស់គាត់ ដោយមិនបានគិតដល់ការសងត្រឡប់ទៅគេវិញ។
ដោយសារតែការប្រើប្រាស់និងគ្រប់គ្រងហិរញ្ញវត្ថុខុសគោលដៅនេះហើយដែលគ្រួសារកសិករមួយចំនួនធំកំពុងតែជួបប្រទះ បញ្ហានេះ អគ្គនាយកធនាគារ ARDB បានចែករំលែកថា មកពីមិនមានអ្នកជួយបង្រៀន ឬណែនាំ និងផ្តល់ព័ត៌មានជូនពួកគាត់ ដែលកត្តាទាំងអស់នេះ ជាអន្ទាក់បំណុល ហើយមិនត្រឹមតែការផ្តល់ព័ត៌មានបច្ចេកទេសដាំដុះ ទីផ្សារ និងការនាំចេញទេ មានន័យថា ការគ្រប់គ្រងហិរញ្ញវត្ថុ គឺជារឿងសំខាន់បំផុត។
ដោយឡែកសម្រាប់ ការធ្វើកសិកម្ម បើសិនជាកសិករយើងមិនចេះសន្សំ និងខិតខំកាត់បន្ថយថ្លៃដើមផលិតទេ លំហូរលុយចូលគ្រួសារកាន់តែតិចឬអាចមានបំណុលកាន់តែកើនឡើង។ ដូច្នោះកង្វះការទទួលបានព័ត៌មានដល់កសិករ ងាយនឹងត្រូវបានគេបោកបញ្ឆោត ដូចជាព័ត៌មានស្តីអំពីធាតុចូលកសិកម្ម និងទីផ្សារកសិផល ដែលមិនមានព័ត៌មានគោលពិតប្រាកដ ដើម្បីជាមូលដ្ឋានយកទៅពិចារណានិងយកជាគោល។
ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារក្នុងវិស័យកិសកម្មឱ្យចំគោលដៅ គឺទាមទារការបែងចែកថវិកា ការកត់ត្រាចំណូលនិងចំណាយ ព្រមទាំងការវិនិយោគមួយដោយមានការគិតគូរច្បាស់លាស់បំផុត ពោលការខ្ចីលុយឬខ្វីឥណទានធ្វើកសិកម្មកសិករឱ្យចំណេញ និងរីកចម្រើនបាន ប្រសិនបើប្រើប្រាស់ទុនទាំងនោះយកទៅវិនិយោគពិតប្រាកដកនិងជាទុនបង្វិលលើផលិតកម្មមិនមែនខ្ចីមកចំណាយខ្ជះខ្ជាយនោះឡើយ៕







