តៃប៉ិ៖ តៃវ៉ាន់នឹងចាប់ផ្តើមអភិវឌ្ឍប្រព័ន្ធព្យាករណ៍តំបន់នេសាទនៅឆ្នាំក្រោយ ដោយប្រើប្រាស់ទិន្នន័យកំណត់ត្រាបរិមាណត្រី ដែលតៃវ៉ាន់ចាប់បានប្រចាំឆ្នាំ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នេះបើយោងតាមការបញ្ជាក់របស់អគ្គនាយកទីភ្នាក់ងារជលផល កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
អគ្គនាយកទីភ្នាក់ងារជលផលរបស់តៃវ៉ាន់ បានឱ្យដឹងថា តៃវ៉ាន់មានទិន្នន័យអំពីការចាប់ត្រីមួយក្នុងចំណោមទិន្នន័យ ដែលមានភាពគ្រប់ជ្រុងជ្រោយបំផុតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច និងប៉ាស៊ីហ្វិកភាគកណ្តាល។
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ ក៏នឹងចូលរួមផ្តល់ទិន្នន័យរូបភាពតាមផ្កាយរណបពីអតីតកាលផងដែរ។ ការវិភាគនឹងបញ្ចូលព័ត៌មានអំពីមហាសមុទ្រ ដូចជា សីតុណ្ហភាពទឹកសមុទ្រ ពណ៌ទឹកសមុទ្រ និងកម្រិតអាស៊ីតនៃទឹកសមុទ្រ។
តាមរយៈការប្រៀបធៀបទិន្នន័យទាំងនេះ អ្នកស្រាវជ្រាវមានគោលបំណងស្វែងរកលំនាំនៃការបែកខ្ញែកហ្វូងត្រី និងកំណត់ថា តំបន់ណាខ្លះមានលទ្ធភាពក្លាយជាតំបន់នេសាទ ដែលមានត្រីច្រើន។ លទ្ធផលនៃការព្យាករណ៍នេះ ដំបូងនឹងផ្តល់ជូន ក្រុមនាវានេសាទក្នុងស្រុករបស់កោះតៃវ៉ាន់។
ប្រព័ន្ធនេះត្រូវបានរំពឹងថា នឹងជួយឱ្យនាវិកកំណត់តំបន់ ដែលមានសក្តានុពលសម្រាប់ការនេសាទត្រី និងកាត់បន្ថយពេលវេលា ព្រមទាំងកម្លាំងពលកម្ម ដែលត្រូវប្រើដើម្បីស្វែងរកតំបន់មានត្រីច្រើននៅក្នុងមហាសមុទ្រ។
លោកអគ្គនាយកទីភ្នាក់ងារជលផល បាននិយាយទៀតថា សេវានេះអាចផ្តល់ដំណឹងដល់ទីផ្សារអន្តរជាតិ នៅពេលអនាគតផងដែរ ប្រសិនបើទិន្នន័យតាមដានមហាសមុទ្រ និងទិន្នន័យតំបន់នេសាទ បំពេញតាមតម្រូវការសម្រាប់ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។
វិស័យនេសាទរបស់តៃវ៉ាន់បានបង្កើតទិន្នផល មានតម្លៃជាង ៣ ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥។ រីឯខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងមូល មានតម្លៃជាង ១១ ពាន់លានដុល្លារ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មកោះតៃវ៉ាន់ ដែលបញ្ជាក់ពីសារៈសំខាន់នៃវិស័យជលផលចំពោះសេដ្ឋកិច្ចតៃវ៉ាន់៕ (ផាន់ អាណា)










