ឥណ្ឌា៖ កំពង់ផែសមុទ្រក្នុងប្រទេសឥណ្ឌមួយកន្លែង បានចាប់ផ្តើមប្រតិបត្តិការនាំចេញ-នាំចូល កាលថ្ងៃទី១៨ ខែសីហា ដោយបើកផ្លូវដឹកជញ្ជូនតាមកប៉ាល់ផ្ទាល់សម្រាប់អ្នកនាំចេញ ដែលពីមុនតែងតែប្រើប្រាស់កំពង់ផែរបស់ស្រីលង្កា និងកំពង់ផែសិង្ហបុរី ឬកំពង់ផែប្រទេសកាតា ដើម្បីដឹកទំនិញទៅកាន់ទីផ្សារលោកខាងលិច។
ដោយស្ថិតនៅចម្ងាយជាង១៨គីឡូម៉ែត្រពីផ្លូវនាវាចរណ៍អន្តរជាតិតភ្ជាប់ភូមិភាគបូព៌ាទៅកាន់បច្ចឹមប្រទេស កំពង់ផែបើកថ្មី ឈ្មោះវីហ្ស៊ីនចាំ(Vizhinjam) ស្ថិតនៅភាគត្បូងប្រទេសឥណ្ឌា ក្នុងរដ្ឋការ៉ាឡា ត្រូវវាងតិចតួចប៉ុណ្ណោះសម្រាប់នាវាដឹកកុងតឹន័រខ្នាតយក្ស។ ប៉ុន្តែទំនិញឆ្ពោះទៅកាន់ទីផ្សារអឺរ៉ុបអាចទៅដល់គោលដៅក្នុងរយៈពេល២៤ថ្ងៃ ដែលលឿនជាងផ្លូវបច្ចុប្បន្ននេះ រហូតដល់១០ថ្ងៃ។
ក្រុមហ៊ុននាវាចរណ៍ធំៗ បានបញ្ចូលកំពង់ផែនេះទៅក្នុងសេវាកម្មដឹកជញ្ជូនផ្ទាល់ខ្លួន ដែលភ្ជាប់ទំនាក់ទំនងផ្លូវទឹករវាងតំបន់អឺរ៉ុប និងទ្វីបអាស៊ី ដែលផលិតផលកសិកម្ម និងគ្រាប់ស្វាយចន្ទី នឹងជាមុខទំនិញចម្បងជាងគេសម្រាប់នាំចេញ។
ក្រុមហ៊ុនមួយរបស់ឥណ្ឌា បានកក់កុតឹន័រដំបូងគេ សម្រាប់ដឹកជញ្ជូនផលិតផលអាហារឆ្អិនស្រាប់ និងអាហារក្លាស្ស មានទម្ងន់ជាងបួនតោន។
នាវាទី១នេះ នឹងដឹកកុងតឹន័ររហូតដល់២០គ្រឿង រួមទាំងទូកុងតឹន័រត្រជាក់សម្រាប់ដឹកបន្លែ និងផ្លែឈើ ដោយគេរំពឹងថា នឹងផ្ទេរទំនិញនៅពេលនាវាមកដល់ត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ។ ចំណែកសមាគមភ្នាក់ងារនាវាចរណ៍ក្នុងរដ្ឋកេរ៉ាឡា ក៏នឹងបើកសាខានៅលើកំពង់ផែនេះផងដែរ ដើម្បីគ្រប់គ្រងប្រតិបត្តិការនាំចេញ-នាំចូល។
នាយកប្រតិបត្តិក្រុមហ៊ុននាំចេញបាននិយាយថា ក្រុមហ៊ុនរបស់លោកទទួលបានការសួរនាំពីអ្នកនាំចេញក្នុងស្រុក។ ព្រមជាមួយគ្នានេះដែរ ក៏មានតម្រូវការពីបរទេស ដែលកំពុងរកផលិតផលទ្វីមួយពីកំពង់ផែនេះ ដោយលោកបានបន្ថែមថា អតិថិជននៅបរទេសកំពុងបង្ហាញការចាប់អារម្មណ៍ជាពិសេសលើគ្រាប់ស្វាយចន្ទី និងម្ទេសផ្លោកបៃតង។
ការចាប់ផ្តើមសេវាកម្មនាំចេញ-នាំចូលនេះ ត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធឃ្លាំងស្តុកទំនិញ ឃ្លាំងស្តុកត្រជាក់ ស្ថានីយទំនិញកុងតឹន័រ និងទីលានភស្តុភារកម្មនៅក្នុងតំបន់៕ (ផាន់ អាណា)
















