ហ្វីលីពីន៖ ប្រទេសហ្វីលីពីន គ្រោងនឹងប្រមូលផលដូងឱ្យបានជាង ១៥លានតោននៅឆ្នាំ ២០២៦នេះ ដែលជាបរិមាណច្រើនបំផុតមិនធ្លាប់មានឡើយក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរដូងរបស់ហ្វីលីពីន។
ប្រធានអាជ្ញាធរដូងហ្វីលីពីន លោក ឌីកស្ទើ បូទេដ (Dexter Buted) បានលើកឡើងថា ទិន្នផលដូងរបស់ហ្វីលីពីននឹងកើនឡើងយ៉ាងហោចណាស់៥ភាគរយ បើធៀបនឹងឆ្នាំ២០២៥។
ទិន្នន័យអាជ្ញាធរដូង បានបង្ហាញថា ហ្វីលីពីនប្រមូលផលដូងបាន ១៤,៥១លានតោន ក្នុងឆ្នាំ២០២៥ និង ១៤,៥លានតោន ក្នុងឆ្នាំ២០២៤។
អាជ្ញាធរដូងរបស់ហ្វីលីពីនបានឱ្យដឹងថា កត្តាចម្បងៗ ដែលជំរុញឱ្យទិន្នផលដូងកើនឡើង រួមមានការថែទាំ និងអាយុកាលដើមដូង ដោយការអនុវត្តកម្មវិធីផ្ដល់ជីជាតិដល់កសិដ្ឋានចាស់ៗ ការស្ដារដើមដូងខូចខាត និងដូងចាប់ផ្តើមចេញផ្លែ ដែលបានដាំកាលពីប្រហែល៦ឆ្នាំមុន។
លើសពីនេះ ទីផ្សារនាំចេញមានសន្ទុះខ្លាំង ដែលការនាំចេញផលិតផលដូងពីខែមករា ដល់ខែមិថុនា បានកើនឡើងដល់ ១,៩ពាន់លានដុល្លារ ក្នុងនោះ ប្រេងដូងគ្របដណ្តប់រហូតដល់៨២ភាគរយនៃការនាំចេញសរុប។
ចំពោះផែនការដាំដុះបន្ថែម អាជ្ញាធរដូងរបស់ហ្វីលីពីន មានផែនការដាំដើមដូងឱ្យបាន២៥លានដើមបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ ជាមួយគោលដៅសម្រេចឱ្យបាន១០០លានដើម ត្រឹមឆ្នាំ២០២៨ខាងមុខ ខណៈពេលដើមដូងចំនួន៦០លានដើម ត្រូវបានដាំរួចរាល់តាំងពីឆ្នាំ២០២៤មកមេ្លះ។
ទាក់ទងនឹងបញ្ហាអាកាសធាតុ ភាគីហ្វីលីពីនមានសុទិដ្ឋិនិយមថា ទិន្នផលដូងនឹងមិនសូវរងផលប៉ះពាល់ខ្លាំងនោះទេ ទោះបីជាមានការព្រមានអំពីបាតុភូតអែលនីញ៉ូ (El Niño) នៅត្រីមាសទី៤នេះក៏ដោយ។ មូលហេតុគឺដោយសារផលប៉ះពាល់អាចធ្លាក់លើតំបន់ផ្សេង ប៉ុន្តែតំបន់មីនដាណាវ (Mindanao) ដែលជាខ្នងបង្អែកផលិតដូងជាង៥០ភាគរយទូទាំងប្រទេសហ្វីលីពីន ត្រូវបានរំពឹងថា នឹងមានសុវត្ថិភាពល្អ៕ (អៀវ ឈៀងនី)













