អ្នកវិទ្យាសាស្ត្រព្រមានពីផលប៉ះពាល់ធំៗលើប្រទេសនូវែលសេឡង់ ទោះបីមិនទាន់កើតឡើងក៏ដោយ

04102627dd3198e

វែល្លីងតោន៖ បាតុភូតអែលនីញ៉ូ បានកើនឡើងកម្ដៅយ៉ាងខ្លាំងក្នុងអំឡុងខែចុងក្រោយនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រលើកឡើងថា ប្រទេសនូវែលសេឡង់ អាចនឹងចាប់ផ្តើមជួបប្រទះផលប៉ះពាល់កាន់តែច្រើនឡើងចាប់ពីរដូវរំហើយ ខណៈពេលលំនាំអាកាសធាតុនេះ កំពុងវិវឌ្ឍទៅជារលកកម្ដៅដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

បាតុភូតអាកាសធាតុធម្មជាតិនេះ កើតចេញពីការឡើងកម្ដៅនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់ប៉ាស៊ីហ្វិកភាគខាងកើត និងភាគកណ្តាល ដែលបង្កផលប៉ះពាល់ដល់លំនាំអាកាសធាតុនៅទូទាំងពិភពលោក។

របាយការណ៍ព្យាករណ៍អាកាសធាតុតាមរដូវកាលចុងក្រោយបង្អស់របស់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានឱ្យដឹងថា មហាសមុទ្រប៉ាស៊ីហ្វិកតំបន់ត្រូពិច និងបរិយាកាស នៅតែស្ថិតក្នុងស្ថានភាពអែលនីញ៉ូយ៉ាងច្បាស់លាស់ ដោយសូចនាករបរិយាកាសក្នុងខែកក្កដា បានកត់ត្រាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។

ស្ថាប័នខាងលើបានបញ្ជាក់ថា «យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ផលប៉ះពាល់ពីលំនាំអាកាសធាតុរបស់ប្រទេសនូវែលសេឡង់ មិនទាន់កើតឡើងពេញលេញនោះទេ ប៉ុន្តែគេរំពឹងថា នឹងកើតមានក្នុងអំឡុងពេលនៃការព្យាករណ៍នេះ»។

ស្ថានភាពបែបនេះ ត្រូវគេរំពឹងថា នឹងផ្លាស់ប្តូរក្នុងរយៈពេលបីខែខាងមុខ ខណៈពេលលំនាំអាកាសធាតុប្រែប្រួលជាបណ្តើរៗទៅជាខ្យល់បក់មកពីទិសខាងលិចជាប្រចាំ ដែលជាសញ្ញាសម្គាល់ចម្បងនៃបាតុភូតអែលនីញ៉ូ។

ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ឥឡូវនេះមានឱកាសប្រមាណ៩០ភាគរយ ដែលបាតុភូតនេះនឹងឈានដល់ ឬកើនឡើងហួសកម្រិតខ្លាំងក្លាបំផុតក្នុងអំឡុងពេលព្យាករណ៍ ដោយកម្រិតកំពូល និងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវគេរំពឹងថា នឹងកើតមានក្នុងអំឡុងរដូវក្តៅឆ្នាំ២០២៦-២០២៧។

ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រផែនដីនៃប្រទេសនូវែលសេឡង់ បានបន្ថែមថា ប្រសិនបើរឿងនេះកើតឡើង បាតុភូតអែលនីញ៉ូនីមួយៗ ទំនងជានឹងត្រូវចាត់ចូលជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះ។

ព្រឹត្តិការណ៍អែលនីញ៉ូដ៏ខ្លាំងក្លាបំផុតទាំងប្រាំលើកក្នុងអតីតកាល គឺមាននៅឆ្នាំ១៩៧២, ១៩៨២, ១៩៩១, ១៩៩៧ និងឆ្នាំ២០១៥ សុទ្ធតែមានការប្រែប្រួលសីតុណ្ហភាពផ្ទៃសមុទ្រខ្ពស់ជាងធម្មតាជិត ឬលើស២,៥អង្សាសេ។

ស្ថាប័នវិទ្យាស្ថានវិទ្យាសាស្ត្រផែនដី នូវែលសេឡង់ បានឱ្យដឹងថា ការប្រែប្រួលលំនាំអាកាសធាតុនេះ នឹងបង្កឱ្យមានសីតុណ្ហភាពខុសប្លែកគ្នាយ៉ាងខ្លាំងនៅតាមតំបន់នានាទូទាំងប្រទេស ដូចជាតំបន់ភាគច្រើននៃកោះខាងជើង (North Island) និងភាគខាងកើត អាចបរិមាណទឹកភ្លៀងថយចុះទាបជាងកម្រិតធម្មតា ហើយតំបន់ភាគខាងកើតនៃកោះទាំងពីរ គឺកោះខាងជើង និងកោះខាងត្បូង ក៏ត្រូវគេរំពឹងថា នឹងស្ងួតហួតហែងជាងធម្មតាផងដែរ។ ចំណែកតំបន់ឆ្នេរខាងលិច និងភាគខាងក្រោមនៃកោះខាងត្បូង (South Island) ត្រូវគេព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់លើសពីកម្រិតធម្មតា រួមជាមួយនឹងហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង ដែលនឹងកើនឡើងនៅពេលរដូវរំហើយខិតជិតមកដល់។

ស្ថាប័នខាងលើនេះបានបញ្ជាក់បន្ថែមទៀតថា «ប្រទេសនូវែលសេឡង់បានជួបប្រទះព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំងពីទិសខាងជើងជាច្រើនលើកក្នុងឆ្នាំកន្លងមក។ ការធ្លាក់ភ្លៀងពីទិសខាងជើងទាំងនេះបានថយចុះជាបណ្តើរៗក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយនិន្នាការនេះត្រូវបានរំពឹងថា នឹងបន្តកើតមានទៀត។ ផ្ទុយទៅវិញ ការគំរាមកំហែងពីភ្លៀងធ្លាក់ខ្លាំង នឹងផ្លាស់ប្តូរទៅកាន់តំបន់ភាគខាងលិច និងផ្នែកខាងក្រោមនៃកោះខាងត្បូងវិញ»៕ (អៀវ ឈៀងនី)

 


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ