ដោយ ឡុង សារេត
ព្រៃវែង៖ ផ្តើមចេញពីចំណង់ចំណូលចិត្ត និងមើលឃើញពីនិន្នាការទីផ្សារកើនឡើង, យុវជនម្នាក់រស់នៅភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង បានចាប់ផ្តើមចិញ្ចឹមកន្ធាយ នៅឆ្នាំ២០១៩ ជាមួយដើមទុនដំបូង៥ ០០ដុល្លារ និងបានបន្ថែមទុនប្រមាណ៣ ៥០០ដុល្លារទៀត ក្រោយពីចិញ្ចឹមបានបីខែមានការលូតលាស់បានល្អ ហើយនៅលើទីផ្សារអាចលក់បានតម្លៃខ្ពស់ រហូតជួយឱ្យលោក មានសមត្ថភាពរកប្រាក់ចំណូលសរុបក្នុងមួយខែបានដល់៥ ០០០ដុល្លារ។
លោក ចន បូរិន បានឱ្យដឹងថា ក្នុងដំណើរការចិញ្ចឹមកន្ធាយអស់រយៈពេលប្រហែលប្រាំពីរឆ្នាំកន្លងមកនេះ ក៏ដូចជាក្នុងពេលបច្ចុប្បន្ន កន្ធាយសាច់មានតម្រូវការខ្ពស់ និងលក់បានតម្លៃល្អនៅលើទីផ្សារ។ តួយ៉ាងកន្ធាយសាច់មួយក្បាលមានទម្ងន់ក្នុងវង្វង់កន្លះគីឡូក្រាម អាចលក់បានតម្លៃពី៦ទៅ៧ដុល្លារ ហើយបើទម្ងន់មួយគីឡូក្រាមឡើងទៅ អាចលក់បានថ្លៃដល់១០ដុល្លារក្នុងមួយក្បាល។
ពាក់ព័ន្ធនិងការចិញ្ចឹមកន្ធាយនេះ, បើតាមយុវជនខាងលើ សម្រាប់កសិករមានទីតាំងធំ និងមានស្រះចិញ្ចឹមកន្ធាយមានចំនួនច្រើនអាចផ្ទុទុកកន្ធាយឱ្យដល់ធំចាំប្រមូលផលនឹងបានចំណេញកាន់តែខ្ពស់។ ផ្ទុយទៅវិញបើកសិករមានទីតាំងតូច ហើយចង់បានដើមទុនមកវិញលឿន គាត់អាចចំណាយពេលចិញ្ចឹមប្រហែលប្រាំមួយខែក៏អាចប្រមូលផលលក់យកប្រាក់ធ្វើដើមទុនទៅពង្រីកការចិញ្ចឹមបន្ថែមបាន។ ខណៈការចិញ្ចឹមកន្ធាយ បើកសិករមើលថែទាំនៅក្នុងរយៈពេលបីខែដំបូងបានល្អ យល់ច្បាស់ពីបច្ចេកទេស និងចេះផ្លាស់ប្តូរទឹកឱ្យបានទៀងទាត់ គឺអាចចៀសផុតពីការខូចខាត ឬពីហានិភ័យបានច្រើន។
លោកគូសបញ្ជាក់ថា “បច្ចុប្បន្នដោយសារខ្ញុំទើបតែរៀបចំកសិដ្ឋានថ្មីមួយទៀត។ ដូច្នេះការផ្គត់ផ្គង់កន្ធាយទៅលើទីផ្សារនៅមានកម្រិត។ តែទៅអនាគតយើងមានផែនការផលិតមេកន្ធាយពូជឱ្យបានដល់៥០ ០០០ក្បាល ផ្អែកលើអាងស៊ីម៉ង់ត៍ចំនួន៣០អាង និងស្រះចំនួន២០ ដែលមានក្នុងពេលសព្វថ្ងៃ”។
បើតាមលោក ចន បូរិន , នៅក្នុងមួយឆ្នាំលោកមានសមត្ថភាពផ្គត់ផ្គង់កូនកន្ធាយពូជដល់ប្រជាពលរដ្ឋក្នុងតំបន់ និងក្រៅតំបន់បានពីចំនួន១០ ០០០ ទៅ២០ ០០០កូន។ ដោយឡែកកន្ធាយសាច់មានចំនួនតិចតួច តែនៅថ្ងៃខាងមុខលោកមានមហិច្ឆិតាចង់ផ្គត់ផ្គង់ឱ្យបានមួយសែនក្បាលនៅក្នុងមួយរដូវ។
លោកបន្តថា បច្ចុប្បន្នតម្លៃកូនកន្ធាយពូជថ្លៃជាងពេលមុន។ សម្រាប់កូនកន្ធាយមានអាយុពីមួយខែទៅពីរខែអាចលក់បានតម្លៃពី៣ ០០០ ទៅ៤ ០០០រៀល ក្នុងមួយក្បាល។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ បើកូនកន្ធាយអាយុបានជាងពីរខែមានតម្លៃពី៤ ៥០០រៀលទៅ ៥ ០០០រៀល ក្នុងមួយក្បាល។ ការកើនឡើងនៃតម្លៃកូនកន្ធាយក្នុងពេលសព្វថ្ងៃនេះ ដោយសារការផលិតកូនពូជនៅក្នុងស្រុកមិនទាន់គ្រប់គ្រាន់។ តែនៅលើទីផ្សារមានតម្រូវការខ្ពស់ទិញយកទៅចិញ្ចឹមនៅក្នុងតំបន់ និងតាមបណ្តាខេត្តផ្សេងៗ។ ជាក់ស្តែងកសិករមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ តាកែវ និងខេត្តកំពង់ស្ពឺ បានទិញកូនកន្ធាយរបស់លោកយកទៅចិញ្ចឹមច្រើន។ ពោលជារួមទៅការចិញ្ចឹមកន្ធាយលក្ខណៈគ្រួសារនេះមានការរីកសាយភាយតាមគ្នាច្រើន សូម្បីកសិករនៅខេត្តព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ក៏លោកធ្លាប់បានដឹកជញ្ជូនកូនកន្ធាយជូនពួកគាត់ដែរ។
យុវជន ចន បូរិន បានបង្ហើបបា្រប់ថា “បើយើងនិយាយពីចំណូលពីការលក់កូនកន្ធាយនិងកន្ធាយសាច់ ខ្ញុំអាចរកចំណូលសរុបក្នុងមួយខែបានពី១ ០០០ដល់ទៅ៥ ០០០ដុល្លារ”៕
















