ឥណ្ឌាផលិតដំឡូងបារាំងជិត៦០លានតោន ប៉ុន្តែពិបាករកអ្នកទិញ អ្នកលក់ ឬទីផ្សារត្រឹមត្រូវ

potato-farming-guide-2026-01-22-19-49-08

ញូវដែលី៖ ឧស្សាហកម្មដំឡូងបារាំងរបស់ឥណ្ឌា គឺជាឧស្សាហកម្មធំបំផុតមួយរបស់ពិភពលោក ដែលផលិតបានជិត៦០លានតោន ក្នុងមួយឆ្នាំ និងគាំទ្រដល់ខ្សែសង្វាក់តម្លៃ បានចំណូលប្រហែល១៣,៤៦ពាន់លានដុល្លារ។

ប្រធានក្រុមហ៊ុនដាំដំឡូងបារាំង បានប្រកាសថា ទោះបីជាមានទំហំធំក៏ដោយ វិស័យនេះនៅតែមានការបែកខ្ញែកយ៉ាងខ្លាំង ដោយមានកសិករ ពាណិជ្ជករ ភ្នាក់ងារកម្រៃជើងសារ អ្នកដឹកជញ្ជូន កន្លែងស្តុកត្រជាក់ អ្នកកែច្នៃ អ្នកទិញ អ្នកលក់រាយ និងអ្នកនាំចេញ តែងតែធ្វើប្រតិបត្តិការតាមរយៈបណ្តាញក្នុងស្រុកដាច់ដោយឡែកពីគ្នា។

យោងតាមប្រធានក្រុមហ៊ុនរូបនេះ មានន័យថា ព័ត៌មានអំពីតម្លៃ ស្តុក ពូជ តម្រូវការ និងអ្នកទិញ តែងតែនៅរាយប៉ាយពាសពេញទីផ្សារ និងមានទំនាក់ទំនងផ្សេងៗគ្នា ដែលបង្កផលប៉ះពាល់ដល់តម្លៃ ការផ្គូផ្គងតម្រូវការផ្គត់ផ្គង់ និងសមត្ថភាពរបស់អាជីវកម្មក្នុងការកំណត់ឱកាសទីផ្សារថ្មី។

លោកបានបន្ថែមថា កសិករមើលឃើញមិនហួសពីទីផ្សារក្នុងស្រុកទេ ស្របពេលពាណិជ្ជករពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកទិញ និងអ្នកលក់។ ចំណែកឃ្លាំងស្តុកត្រជាក់តែងតេមិនមានចំណែកទីផ្សារ ឬសមត្ថភាពប្រកបដោយប្រសិទ្ធភាព ហើយអ្នកកែច្នៃ និងអ្នកទិញ ក៏ពិបាករកប្រភពដំឡូង ដែលអាចបំពេញតាមលក្ខណៈបច្ចេកទេសច្បាស់លាស់ដែរ។”

លោកបានពន្យល់ថា ការស្វែងរកទីផ្សារថ្មីភាគច្រើននៅតែជំរុញដោយទំនាក់ទំនងចាស់ ដែលក្រុមអាជីវកម្មបានបង្កើតឡើងយូរមកហើយ ខណៈពេលកសិករ និងពាណិជ្ជករតូចតាច តែងតែពឹងផ្អែកលើទំនាក់ទំនងក្នុងស្រុក តាមរយៈការសួរតាមទូរស័ព្ទ និងតាមបណ្តាញទំនាក់ទំនងសង្គម។ ដូច្នេះ វាអាចធ្វើឱ្យពិបាកដល់អ្នកពាក់ព័ន្ធក្នុងការពង្រីកទីផ្សារឱ្យលើសពីទីផ្សារមានស្រាប់ ឬស្វែងរកដៃគូពាណិជ្ជកម្មថ្មី ដែលសក្តានុពលជាងមុន។

លោកបានគូសបញ្ជាក់ថា ផលប៉ះពាល់បង្កឡើងដោយសារការបែកខ្ញែកគ្នា ក៏អាចមើលឃើញនៅក្នុងភាពខុសគ្នានៃតម្លៃនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់។ ឧទាហរណ៍ នៅក្នុងរដូវប្រមូលផល ឆ្នាំ២០២៦ ដែលតម្លៃដំឡូងបារាំងនៅក្នុងកសិដ្ឋាន គឺមានតម្លៃប្រហែលពី០,០៤ ទៅ០,០៦ដុល្លារ ក្នុងមួយគីឡូក្រាម ចំណែកតម្លៃលក់រាយឡើងពី០,១៥ ទៅ០,២០ដុល្លារក្នុងមួយគីឡូក្រាម។ ការដឹកជញ្ជូន ការគ្រប់គ្រង ការផ្ទុក និងការចំណាយផ្សេងៗ ធ្វើឱ្យមានភាពខុសគ្នា ប៉ុន្តែមិនមានតម្លាភាពសោះ រីឯព័ត៌មានទីផ្សារបែកខ្ញែកក៏បង្កភាពស្មុគស្មាញដល់ការលក់ផលិតផល។

លោកបានគូសបញ្ជាក់ទៀតថា “តម្រូវការមិនមែនគ្រាន់តែជាទិន្នន័យបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែជាភាពវៃឆ្លាតនៃការងារទីផ្សារ ដែលអាចលក់ដំឡូងបារាំងបានទាន់ពេលវេលា។”

ដូច្នេះ ការតភ្ជាប់គ្នា គឺជាការប្រសើរនៅពេលឧស្សាហកម្មដំឡូងបារាំងរបស់ប្រទេសឥណ្ឌាចាប់ផ្តើមមានការប្រែប្រួល។ ការកែច្នៃវេចខ្ចបើ ការលក់រាយតាមការរៀបចំ ពាណិជ្ជកម្មរហ័ស និងការនាំចេញ គឺជាតម្រូវការសម្រាប់ការផ្គត់ផ្គង់ស៊ីសង្វាក់គ្នា ដូចជាពូជដំឡូងច្បាស់លាស់ និងចំណាត់ថ្នាក់ត្រឹមត្រូវ ដែលសមស្របនឹងការប្រើប្រាស់ចុងក្រោយ។ ការអភិវឌ្ឍន៍ទាំងនេះទាមទារឱ្យមានការសម្របសម្រួលកាន់តែជិតស្និទ្ធ រវាងអ្នកដាំដុះ ពាណិជ្ជករ ឃ្លាំងស្តុក និងអ្នកទិញ។

ដើម្បីដោះស្រាយបញ្ហាខាងលើនេះ, ក្រុមហ៊ុនរបស់លោកកំពុងព្យាយាមបង្កើតវេទិកាឌីជីថល ដើម្បីតភ្ជាប់ប្រព័ន្ធឧស្សាហកម្មដំឡូងបារាំងរបស់ប្រទេសឥណ្ឌា ដោយមិនផ្តោតតែលើពាណិជ្ជកម្មឡើយ ក្នុងគោលបំណងប្រមូលផ្តុំកសិករ, ពាណិជ្ជករ, ឃ្លាំងស្តុលត្រជាក់, អ្នកកែច្នៃ, អ្នកនាំចេញ, អ្នកទិញ និងអ្នកផ្តល់សេវា ឱ្យទទួលបានព័ត៌មានទីផ្សារ និងការបង្កើតអាជីវកម្មថ្មីៗ។

លើសពីនេះ ក្រុមហ៊ុនរបស់លោកក៏កំពុងបោះជំហានឆ្ពោះទៅធ្វើប្រតិបត្តិការ ដែលអាចទុកចិត្តបាន តាមរយៈដំណោះស្រាយ ដូចជាការទូទាត់ប្រាក់ ការដេញថ្លៃ ព្រមទាំងគាំទ្រកសិករតាមរយៈការធ្វើរោគវិនិច្ឆ័យដំណាំ ការប្រឹក្សាយោបល់ផ្នែកកសិកម្ម និងការចូលរួមនៅនឹងកន្លែងដាំដុះផងដែរ។ ចក្ខុវិស័យរយៈពេលវែង គឺដើម្បីរួមបញ្ចូលគ្នានូវការនាំចូលទីផ្សារ បង្កើន ចំណេះដឹង និងផ្តល់ប្រឹក្សាផ្នែកប្រព័ន្ធឧស្សាហកម្មដំឡូងបារាំង។

ទោះបីជាយ៉ាងណាក៏ដោយ លោកទទួលស្គាល់ថា វេទិកាឌីជីថលទំនងជាមិនអាចផ្លាស់ប្តូរជំនួសទំនាក់ទំនងមានស្រាប់បានទេ។ ផែនការចម្បងរបស់ក្រុមហ៊ុន គឺបង្កើតទីផ្សារឌីជីថល និងចូលរួមផ្តល់បច្ចេកទេសកសិកម្មនៅនឹងកន្លែងតែម្តង ដើម្បីកសាងទំនុកចិត្ត និងលើកទឹកចិត្តឱ្យកសិករ និងភាគីអ្នកពាក់ព័ន្ធយល់ច្បាស់ពីសារៈសំខាន់នេះ។

សម្រាប់កសិករឥណ្ឌាវិញ ការទទួលបានព័ត៌មានអំពីតម្លៃផលិតផល និងតម្រូវការចាំបាច់ អាចឱ្យពួកគាត់មើលឃើញទីផ្សារកាន់តែច្បាស់ ស្របពេលពាណិជ្ជករ​ក៏មានអ្នកទិញ និងអ្នកលក់កាន់តែច្រើនផងដែរ។​ ចំណែកឈ្លាំងស្តុកត្រជាក់អាចរក្សាទុកផលិតផល ដើម្បីឆ្លើយតបតាមតម្រូវការបានទាន់ពេលវេលា រីឯអ្នកកែច្នៃវេចខ្ចប់ និងអ្នកទិញ ក៏អាចដឹងអ្នកផ្គត់ផ្គង់តាមតម្រូវការរបស់ខ្លួនថែមទៀត។

ការកសាងទំនាក់ទំនងអន្តរជាតិ គឺជាឱកាសដ៏មានសក្តានុពលមួយទៀត ដើម្បីជួយអ្នកទិញនៅក្រៅប្រទេសអាចដឹងថា ប្រជាជនឥណ្ឌា និងអ្នកនាំចេញកសិផលរបស់ឥណ្ឌា មានផលិតផលដំឡូងបារាំងគ្រប់គ្រាន់ ប្រកបដោយគុណភាពខ្នាតអន្តរជាតិ ព្រមទាំងស្របច្បាប់ស្តីពីភូតគាមអនាម័យ។

លោកប្រធានក្រុមហ៊ុនផលិតដំឡូងបារាំង បានសន្និដ្ឋានថា “ប្រទេសឥណ្ឌាមានមូលដ្ឋានផលិតកម្មដ៏ធំ មានហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកត្រជាក់យ៉ាងច្រើន និងមានអ្នកជំនាញនៅគ្រប់ផ្នែកនៃឧស្សាហកម្មដំឡូង។ ប៉ុន្តែបញ្ហាប្រឈម គឺការតភ្ជាប់គ្នាឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មដំឡូងបារាំងរបស់ឥណ្ឌាមានទីផ្សារកាន់តែធំ៕” (ផាន់ អាណា)


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ