តេហេរ៉ង់៖ អនុព័ន្ធពាណិជ្ជកម្មអ៊ីរ៉ង់ប្រចាំប្រទេសកាតា ស្របពេលបង្ហាញសមត្ថភាពទីផ្សាររបស់ប្រទេសកាតាសម្រាប់នាំចូលផលិតផលសាកវប្បកម្ម បានប្រកាសថា ទីផ្សារផ្លែឈើស្រស់របស់ប្រទេសកាតា គឺជាទីផ្សារក្នុងតំបន់ដ៏ទាក់ទាញបំផុតមួយ សម្រាប់អ្នកនាំចេញរបស់អ៊ីរ៉ង់។
យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអង្គការជំរុញពាណិជ្ជកម្មអ៊ីរ៉ង់ (Iran Trade Promotion Organization) បានពិពណ៌នាអំពីលក្ខខណ្ឌអាកាសធាតុរបស់ប្រទេសកាតា ដោយបានលើកឡើងថា ធនធានទឹក និងផលិតកម្មកសិកម្មមានកម្រិត បានន័យថា មួយផ្នែកធំនៃតម្រូវការរបស់ប្រទេសកាតាសម្រាប់ផ្លែឈើផ្សេងៗ គឺតាមរយៈការនាំចូល។ ម្យ៉ាងវិញទៀត តម្រូវការសម្រាប់ផ្លែឈើស្រស់ និងមានគុណភាពខ្ពស់របស់ប្រទេសកាតា កំពុងតែកើនឡើងជាបន្តបន្ទាប់។
ក្នុងពិធីប្រកាសបើកដំណើរការកំពង់ផែរបស់ប្រទេសកាតា សម្រាប់ទទួលទំនិញរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ លោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់មានគុណសម្បត្តិប្រកួតប្រជែង ដោយសារតែភាពចម្រុះនៃអាកាសធាតុអាចដាំដុះបានបួនរដូវ ធ្វើឱ្យកសិផលសាកវប្បកម្មមានគុណភាពខ្ពស់ និងមានចម្ងាយផ្លូវសមុទ្រខ្លី ដើម្បីដឹកទៅកាន់ប្រទេសកាតា មានដូចជាផ្លែទំពាំងបាយជូរ ផ្លែប៉ែស ផ្លែអាព្រីកុត (Apricots) ផ្លែព្រូន ផ្លែឈើរី ផ្លែល្វា ផ្លែសារី ផ្លែប៉ោម និង គីវី អាចប្រកួតប្រជែងជាមួយផលិតផលរបស់ប្រទេសផ្សេងទៀត ទាក់ទងនឹងគុណភាព រសជាតិ ពូជ និងតម្លៃនៅក្នុងទីផ្សារកាតា។
យោងតាមអនុព័ន្ធពាណិជ្ជកម្មដដែលនេះ បានឱ្យដឹងទៀតថា រយៈពេលខ្លីនៃការដឹកជញ្ជូនតាមសមុទ្រ ពីកំពង់ផែ របស់អ៊ីរ៉ង់ទៅកាន់កំពង់ផែរបស់ប្រទេសកាតា ក៏អាចជួយរក្សាភាពស្រស់នៃផលិតផល កាត់បន្ថយការខូចខាត និងបង្កើនអាយុកាលដាក់តាំងលក់បានយូរនៅក្នុងទីផ្សារសំខាន់ៗនៅក្នុងប្រទេសកាតា។
លោកក៏បានចង្អុលបង្ហាញពីការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារនេះផងដែរ គឺមានកសិផលនាំចូលពីប្រទេសទួរគី អេហ្ស៊ីប ហ្ស៊កដានី លីបង់ អាហ្វ្រិកខាងត្បូង ឥណ្ឌា ប៉ាគីស្ថាន និងមកពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ដែលបានវិនិយោគយ៉ាងខ្លាំងលើការវេចខ្ចប់ ការដាក់ស្លាកសញ្ញា និងធ្វើទីផ្សារ ក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ ដែលបង្ហាញឱ្យឃើញថា ត្រឹមគុណភាពផលិតផលតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់ទទួលបានភាពជោគជ័យនោះទេ។
លោកអនុព័ន្ធពាណិជ្ជកម្មបានផ្តល់យោបល់សម្រាប់ការឈរជើងប្រកបដោយនិរន្តរភាពរបស់អ្នកនាំចេញអ៊ីរ៉ង់នៅក្នុងទីផ្សារកាតា ដោយបន្ថែមថា “ពួកគេគួរតែយកចិត្តទុកដាក់ជាពិសេសក្នុងការកែលម្អរបៀបតម្រៀបផ្លែឈើ ការដាក់ចំណាត់ថ្នាក់ ការវេចខ្ចប់តាមស្តង់ដារ ការរក្សាខ្សែសង្វាក់ត្រជាក់ ការប្រើប្រាស់កុងតឺន័រទូរបង្ក ការផ្គត់ផ្គង់បន្ត និងការបង្កើតម៉ាកនាំចេញឱ្យល្បីឈ្មោះ។ លើសពីនេះទៀត កិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយអ្នកនាំចូល ក្រុមហ៊ុនចែកចាយ និងបណ្តាញសាខាហាងលក់របស់កាតា ក៏អាចជួយឱ្យផលិតផលអ៊ីរ៉ង់ឈរជើងនៅក្នុងទីផ្សារកាតាបានដែរ។
ដោយសង្កត់ធ្ងន់ថា ទីផ្សារកាតាចង់បានអ្នកផ្គត់ផ្គង់ផលិតផលសាកវប្បកម្ម ដែលមានស្ថិរភាព លោកបានបញ្ជាក់ថា “ទីផ្សារកាតាកំពុងស្វែងរកអ្នកផ្គត់ផ្គង់ ដែលអាចធានាបាននូវគុណភាពប្លែកគេ ការដឹកជញ្ជូនទៀងទាត់ ការវេចខ្ចប់ត្រឹមត្រូវ និងការផ្គត់ផ្គង់មានស្ថិរភាព។ ដូច្នេះ ភាពជោគជ័យនៅក្នុងទីផ្សារនេះទាមទារឱ្យមានវិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ ការរៀបចំផែនការរយៈពេលវែង និងការធ្វើទីផ្សារឱ្យបានទៀងទាត់ដោយតួអង្គក្នុងវិស័យឯកជន។”
ជាចុងក្រោយ លោកអនុព័ន្ធពាណិជ្ជកម្មបានបញ្ជាក់ថា “ការយកចិត្តទុកដាក់លើស្តង់ដារអន្តរជាតិ និងការវិនិយោគលើការដាក់ស្លាកសញ្ញា និងធ្វើទីផ្សារ អាចជួយបង្កើនចំណែកទីផ្សារផ្លែឈើស្រស់របស់ប្រទេសអ៊ីរ៉ង់យ៉ាងខ្លាំង នៅក្នុងប្រទេសកាតា ព្រមទាំងនាំឱ្យផលិតកម្មសាកវប្បកម្មមានភាពរុងរឿង ការអភិវឌ្ឍឧស្សាហកម្មវេចខ្ចប់ ការកាត់បន្ថយកាកសំណល់កសិកម្ម និងការបង្កើតឱកាសថ្មីសម្រាប់វិស័យឯកជន និងអ្នកនាំចេញរបស់អ៊ីរ៉ង់។”
ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កងទ័ពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ បានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលជាច្រើនលើក ប្រឆាំងនឹងប្រទេសកាតា ដោយបានធ្វើឱ្យជម្លោះកាន់តែរីករាលដាល ព្រោះតែប្រទេសកាតា ជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាម៉េរិក ដែលបានទម្លាក់គ្រាប់បែកធុនធ្ងន់ឡើងវិញ លើប្រទេសអ៊ីរ៉ង់ នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៦។
ការវាយប្រហាររបស់អ៊ីរ៉ងភាគច្រើនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់សហរដ្ឋអាម៉េរិក ដែលមានទីតាំងនៅក្នុងប្រទេសកាតា ជាពិសេសមូលដ្ឋានទ័ពអាកាស ប៉ុន្តែបានបណ្តាលឱ្យមានការខូចខាត និងធ្វើឱ្យមនុស្សរបួសនៅតាមមូលដ្ឋាននៅក្នុងប្រទេស ដោយសារតែការធ្លាក់បំណែករបស់មីស៊ីល និងដោយយន្តហោះគ្មានមនុស្សបើក។
ស្ថានភាពសង្គ្រាមនៅតែមានការប្រែប្រួលជាខ្លាំង បន្ទាប់ពីការវាយប្រហារគ្នាតាមផ្លូវអាកាសទៅវិញទៅមក រវាងកងទ័ពអាម៉េរិក និងកងទ័ពឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់។ ប៉ុន្តែពាណិជកម្មទ្វេភាគីរវាងកាតា និងអ៊ីរ៉ង ហាក់ដូចជាមិនមានអ្វីប្រែប្រួលច្រើនឡើយ៕ (ផាន់ អាណា)












