ដោយ នៅ ស៊ីវុត្ថា
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអំពាវនាវឱ្យប្រជាកសិករស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កុំធ្វើកសិកម្មដោយគ្រាន់តែជឿតាមការផ្សព្វផ្សាយ ឬឮព័ត៌មាននៅលើបណ្ដាញសង្គម ដោយមិនបានសិក្សាពីការពិត និងថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ខណៈស្រុកកំពង់លែងជាតំបន់មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពីឯកឧត្តម យ៉ង ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក យ៉ែម លក្ខណា អភិបាលស្រុកកំពង់លែង ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងប្រជាកសិករប្រមាណ៣០០នាក់។
លោក យ៉ង ភារម្យ បានថ្លែងស្វាគមន៍ និងបញ្ជាក់ថា ការអញ្ជើញចុះជួបផ្ទាល់របស់ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាពប្រជាកសិករ ជាពិសេសការជំរុញការធ្វើកសិកម្មបែបទំនើប (Smart Agriculture) ដោយផ្អែកលើបច្ចេកវិទ្យា ចំណេះដឹង និងការរៀបចំផលិតកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ការណ៍ដែលឯកឧត្តមមកជួបប្រជាកសិករនៅស្រុកកំពង់លែងនៅពេលនេះ ដើម្បីបានស្តាប់បញ្ហាប្រឈម និងផ្លាស់ប្តូរយោបល់ដោយផ្ទាល់ ព្រមទាំងណែនាំឱ្យប្រជាកសិករនៅក្នុងស្រុកនេះស្គាល់ធនាគារ ARDB និងសមាគមបណ្តាញកសិករតេជោ ដែលជាស្ថាប័នគាំទ្រការអភិវឌ្ឍវិស័យកសិកម្ម។
ឯកឧត្តមបណ្ឌិតបានកត់សម្គាល់ថា ស្រុកកំពង់លែងនៅតែជួបបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការធ្វើដំណើរឆ្លងសាឡាង ដែលធ្វើឱ្យការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលចំណាយច្រើន និងប្រើពេលវេលាយូរ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកំពុងគិតគូរដោះស្រាយបញ្ហានេះ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (សាងសង់ស្ពានឆ្លងនៅពេលខាងមុខ) ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនឱកាសទីផ្សារសម្រាប់កសិករ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញក្តីបារម្ភចំពោះស្ថានភាពគ្រួសារក្រីក្រជាច្រើន នៅក្នុងស្រុកកំពង់លែង និងបានជំរុញឱ្យប្រជាពលរដ្ឋខិតខំបង្កើនប្រាក់ចំណូលតាមរយៈការធ្វើកសិកម្ម និងមុខរបរស្របច្បាប់ ជាជាងប្រកបរបរល្មើសច្បាប់ ដូចជាការនេសាទត្រីខុសច្បាប់ជាដើម។
ឯកឧត្តមបានលើកឡើងថា ស្រុកកំពង់លែងមានសក្តានុពលធម្មខ្ពស់ ដោយមានដីមានជីជាតិ និងទឹកគ្រប់គ្រាន់។ តំបន់នេះមានលក្ខណៈភូមិសាស្ត្រពិសេស គឺប្រហែលប្រាំបួនខែជាដីគោក និងបីខែ ទទួលរងទឹកជំនន់ ដែលអាចអភិវឌ្ឍបានទាំងការដាំស្រូវ ដំណាំចម្ការ បន្លែ ដំណាំហូបផ្លែ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី និងការកែច្នៃផលិតផលកសិកម្ម។
ឯកឧត្តមបានណែនាំឱ្យកសិករជ្រើសរើសពូជដំណាំឱ្យសមស្របនឹងស្ថានភាពដី និងអាកាសធាតុ ព្រមទាំងប្រើប្រាស់ជី និងធាតុចិញ្ចឹមដំណាំឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ដើម្បីបង្កើនទិន្នផល និងកាត់បន្ថយថ្លៃដើមផលិត។
ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរំលឹកដល់កសិករក្នុងស្រុកកំពង់លែងនេះថា ក្នុងស្ថានភាពដែលតម្លៃជី ប្រេងឥន្ធនៈ និងវត្ថុធាតុដើមផលិតមានការកើនឡើង ការគណនាថ្លៃដើមផលិតគឺជាកត្តាសំខាន់បំផុត ដើម្បីដឹងថា ការផលិតទទួលបានចំណេញ ឬខាត៕




















