ដោយ អៀវ ឈាងនី
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដោយឯកឧត្តមអគ្គនាយករង ប៉ិច សានី និងឯកឧត្តម បាន លឹម ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល់១៦ស្រះ ដោយក្នុងនោះចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្តពោធិ៍សាត់។
បើយោងតាមម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា សព្វថ្ងៃនេះនៅកសិដ្ឋានរបស់លោកប្រមូលផលក្នុងមួយឆ្នាំបានត្រី៣០០តោន ហើយបរិមាណផលិតនៅមិនទាន់គ្រប់តាមតម្រូវការទីផ្សារនៅឡើយ ។
ក្រៅតែចិញ្ចឹមត្រី លោក សុត សឿន ជាម្ចាស់កសិដ្ឋានក៏មានជំនាញជាគ្រូបង្គោលបង្រៀនកសិករអ្នកចិញ្ចឹមផង ហើយក៏មានជំនាញបច្ចេកទេសលើការផលិតចំណីត្រីកែច្នៃដោយខ្លួនឯង ដោយក្នុងមួយថ្ងៃអាចផលិតចំណីត្រី បានបីតោនសម្រាប់លក់ចែកចាយបន្តទៅឲ្យកសិករផ្សេងៗទៀត ក្នុងតំបន់ទាំងមូលថែមទៀត៕












