បាតុភូតអែលនីញ៉ូ ពង្រឹងខ្លួនកាន់តែខ្លាំង អាចបង្កកង្វះខាតទឹកនៅទូទាំងប្រទេសវៀតណាម

image_2026-06-22_16-09-36

ហាណូយ៖ ក្រុមអ្នកឧតុនិយមវៀតណាម បានព្រមានថា ព្រឹត្តិការណ៍ បាតុភូតអែលនីញ៉ូដ៏កំណាច អាចបង្កឱ្យសីតុណ្ហភាពក្តៅខ្លាំង កាត់បន្ថយភ្លៀងធ្លាក់ និងធ្វើឱ្យអាកាសធាតុឡើងកម្តៅខ្ពស់នៅតាមតំបន់ជាច្រើនក្នុងប្រទេសវៀតណាម។

បាតុភូតអែលនីញ៉ូ បានកើតឡើងយ៉ាងពិតប្រាកដ ហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កើនឥទ្ធពលបន្ថែមទៀត នៅក្នុងរយៈប៉ុន្មានខែខាងមុខនេះ។ ស្ថានភាពបែបនេះ ធ្វើឱ្យប្រទេសវៀតណាមប្រឈមមុខនឹងការថយចុះនៃកម្រិតរបបភ្លៀងធ្លាក់ ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងការជ្រៀតចូលទឹកប្រៃមកក្នុងតំបន់ទឹកសាបកាន់តែច្រើន ហើយក៏បង្កឱ្យមានព្យុះសង្ឃរា ភ្លៀងធ្លាក់ខ្លាំង និងបង្កគ្រោះទឹកជំនន់យ៉ាងគំហុកតែម្តង។

លោក ដាង ថាញ់ម៉ៃ (Dang Thanh Mai) អគ្គនាយករងនៃនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ វៀតណាម បាននិយាយកាលពីពេលថ្មីនេះថា ទាំងគំរូព្យាករណ៍ក្នុងស្រុក និងគំរូព្យាករណ៍អន្តរជាតិ ពិតជាបង្ហាញថា បាតុភូតអែលនីញ៉ូ កំពុងបន្កើនឥទ្ធិចាប់ពីខែមិថុនា ឆ្នាំ២០២៦ និងកាន់តែខ្លាំងឡើងៗ ក្នុងអំឡុងឆមាសទី២ ហើយអាចបន្តអូសបន្លាយរហូតដល់ដើមឆ្នាំ២០២៧។

ជាការកត់សម្គាល់ លទ្ធភាពនៃការកើតមានបាតុភូតអែលនីញ៉ូ គឺកាន់ច្បាស់ឡើងៗ ដោយបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថា អាចកើតមានពី៦០ ទៅ៦៥ភាគរយ បើប្រៀបធៀបទៅនឹងបាតុភូតអែលនីញ៉ូ ក្នុងឆ្នាំ២០១៥-២០១៦ និងអាចជាប់ចំណាត់ថ្នាក់ក្នុងចំណោមព្រឹត្តិការណ៍បាតុភូតអែលនីញ៉ូដ៏ខ្លាំងបំផុត ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក ចាប់តាំងពីឆ្នាំ១៩៥០។

យោងតាមលោក ដាង ថាញ់ម៉ៃ បានឱ្យដឹងទៀតថា​ ប្រសិនបើសេណារីយ៉ូនេះលេចចេញជារូបរាងពិតប្រាកដ សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសវៀតណាម អាចកើនឡើងពី០.៥ ទៅ១,៥អង្សាសេ លើសពីមធ្យមភាគរយៈពេលវែង ព្រមទាំងអាចកើនឡើងពីមួយ ទៅពីរអង្សាសេ នៅចុងឆ្នាំ២០២៦នេះ។ ចំណែកកម្រិតរបបទឹកភ្លៀងវិញ អាចថយចុះពី២៥ ដល់៥០ភាគរយ ជាពិសេសនៅទូទាំងប្រទេសវៀតណាមភាគកណ្តាល តំបន់ខ្ពង់រាបភាគកណ្តាល និងនៅភាគខាងត្បូង។

លោកបានបញ្ជាក់បន្ថែមថា “ជាលទ្ធផល ហានិភ័យនៃគ្រោះរាំងស្ងួត កង្វះទឹក និងការជ្រៀតចូលទឹកប្រៃនឹងកើនឡើងនៅក្នុងតំបន់ជាច្រើន។”

ចំណែកលោក ម៉ៃ វ៉ាន់ឃៀម (Mai Van Khiem) ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម បានបន្ថែមថា ភ្នាក់ងារឧតុនិយមធំៗភាគច្រើននៅទូទាំងពិភពលោក ឥឡូវនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការលេចឡើងនូវបាតុភូតអែលនីញ៉ូ។ នៅប្រទេសវៀតណាម ព្រឹត្តិបត្រអាកាសធាតុតាមរដូវ ដែលបានចេញផ្សាយ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក៏បានទទួលស្គាល់ជាផ្លូវការនូវបាតុភូតនេះផងដែរ។

យោងតាមអ្នកឧតុនិយមរូបនេះ លទ្ធភាពនៃបាតុភូតអែលនីញ៉ូ ដ៏ខ្លាំងបាននិងកំពុងកើនឥទ្ធពលយ៉ាងឆាប់រហ័ស ស្របពេលការព្យាករណ៍ក្នុងខែមេសា បានបញ្ជាក់ពីលទ្ធភាពកើតមានបាតុភូតនេះ ប្រហែល២០ភាគរយប៉ុណ្ណោះ ប៉ុន្តែបានកើនឡើងរហូតដល់៥៧ភាគរយ ក្នុងខែឧសភា និងឈានដល់ពី៦៥ ទៅ៦៦ភាគរយ ក្នុងការធ្វើបច្ចុប្បន្នភាព ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ។

លោក ម៉ៃ វ៉ាន់ឃៀម បានមានប្រសាសន៍ថា “និន្នាការបច្ចុប្បន្នបង្ហាញពីលទ្ធភាពខ្ពស់ ដែលបាតុភូតអែលនីញ៉ូនឹងឈានដល់កម្រិតស្រដៀងគ្នានឹងព្រឹត្តិការណ៍ ឆ្នាំ២០១៥-២០១៦ ហើយលទ្ធភាពកើតបាតុភូតនេះ គឺកាន់តែច្បាស់ឡើង មិនអាចបដិសេធបានឡើយ។”

សូមរំឭកថា កាលពីឆ្នាំ២០១៥-២០១៦ បាតុភូតអែលនីញ៉ូ បានធ្វើឱ្យមានរលកកម្តៅរយៈពេលវែង បង្កជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងនាំឱ្យទឹកប្រៃជ្រៀតចូលក្នុងតំបន់ងអាងទឹកសាបជាច្រើនរបស់វៀតណាម ជាពិសេសនៅឆ្នេរសមុទ្រភាគខាងត្បូង តំបន់ខ្ពង់រាបកណ្តាល និងតំបន់ដីសណ្តទន្លេមេគង្គ។

យោងតាមការព្យាករណ៍ បានបង្ហាញថា ភ្លៀងធ្លាក់ក្នុងរដូវវស្សាឆ្នាំ២០២៦នេះ នៅតាមតំបន់ឆ្នេរភាគខាងជើង និងតំបន់ឆ្នេរកណ្តាលរបស់ប្រទេសវៀតណាម នឹងនៅតែទាបជាងមធ្យមភាគប្រចាំឆ្នាំ និងបង្កកង្វះខាតទឹកសម្រាប់ផលិតកម្មកសិកម្ម។

ទន្ទឹមនឹងនេះដែរ នៅតំបន់ខ្ពង់រាបកណ្តាល និងតំបន់ដីសណ្តទន្លេមេគង្គ ត្រូវគេរំពឹងថា នឹងស្ថិតក្នុងចំណោមតំបន់អាចត្រូវរងផលប៉ះពាល់ខ្លាំងបំផុតពីបាតុភូតអែលនីញ៉ូ ដោយប្រឈមខ្លាំងនឹងគ្រោះរាំងស្ងួត និងការជ្រៀតចូលនៃទឹកប្រៃពីសមុទ្រ។

ចំណែកលោក ម៉ៃ វ៉ាន់ឃៀម ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយម បានសម្គាល់ថា មេរៀនពី បាតុភូតអែលនីញ៉ូ ឆ្នាំ២០១៩-២០២០ បានបង្ហាញពីរបៀបនៃការព្រមាន និងការកែសម្រួលផែនការកសិកម្ម ដើម្បីជួយកាត់បន្ថយផលខូចខាតធ្ងន់ធ្ងរពេក។ ផ្លាស់ប្តូរកាលវិភាគដាំដុះ និងវដ្តដំណាំ អាចចៀសវាងបាននូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងមានរយៈពេលវែង។

នៅតំបន់ខ្ពង់រាបកណ្តាល រដូវប្រាំងឆ្នាំ២០២៦-២០២៧ ត្រូវបានគេរំពឹងថា នឹងស្ងួតហួតហែងខុសពីធម្មតា ដោយមានភ្លៀងធ្លាក់តិចតួច និងចុងរដូវវស្សា។ អាកាសធាតុបែបនេះអាចប៉ះពាល់ដោយផ្ទាល់ដល់ដំណាំសំខាន់ៗដូចជាកាហ្វេ និងម្រេច។ ដូច្នេះ អាជ្ញាធរវៀតណាមត្រូវបានជំរុញឱ្យបង្កើតផែនការរក្សាស្តុកទឹកឱ្យបានឆាប់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់សម្រាប់ទាំងផលិតកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។

ចំណុចសំខាន់មួយទៀត អ្នកជំនាញបាននិយាយថា បាតុភូតអែលនីញ៉ូ ជាធម្មតាកាត់បន្ថយចំនួនព្យុះ និងវិសម្ពាធត្រូពិច ដែលបង្កើតនៅសមុទ្រចិនខាងត្បូង បើធៀបនឹងមធ្យមភាគរយៈពេលវែង។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមានន័យថាហានិភ័យគ្រោះមហន្តរាយនឹងថយចុះនោះទេ។

ចំណែកព្យុះសង្ឃរាដ៏កាចសាហាវ ដែលអាចបង្កការខូចខាតធ្ងន់ធ្ងរនៅ ក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ។ ព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជាមានភ្លៀងធ្លាក់ខ្លាំងតាមតំបន់មួយចំនួន បង្កជាទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីថែមទៀតផង៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ