ដោយ នៅ ស៊ីវុត្ថា
សៀមរាប៖ ដំណាំលម៉ើបានចាប់ផ្ដើមឈានចូលដល់រដូវកាលប្រមូលផលហើយ ខណៈកសិករមានក្តីរំពឹងថា នឹងទទួលបានទីផ្សារល្អ និងការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់ក្នុងស្រុក។
ក្នុងចំណោមកសិករដាំលម៉ើ លោក ញូង សារិន ដែលមានចម្ការស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន នៅខេត្តសៀមរាប បានចាប់ផ្ដើមប្រមូលផលលម៉ើពីចម្ការរបស់ខ្លួនហើយ។ ចម្ការនេះត្រូវបានដាំដុះលើផ្ទៃដីជាងមួយហិកតា ដោយផ្តោតលើការប្រើប្រាស់ជីធម្មជាតិ និងការថែទាំតាមបែបកសិកម្មសុវត្ថិភាព។
លោកបានឱ្យដឹងថា ផ្លែលម៉ើនាពេលនេះ មានរសជាតិផ្អែមឆ្ងាញ់ គុណភាពល្អ និងមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ ដោយសារការដាំដុះផ្អែកលើការប្រើប្រាស់ជីធម្មជាតិជាចម្បង។
លោកបន្ថែមថា ការចាប់ផ្ដើមរដូវប្រមូលផលលម៉ើនៅឆ្នាំនេះ បានផ្តល់ឱកាសដល់អ្នកប្រើប្រាស់ក្នុងស្រុកទទួលបានផ្លែឈើស្រស់ និងមានគុណភាព ខណៈពេលកសិករក៏ទទួលបានប្រាក់ចំណូលបន្ថែមពីដំណាំ ដែលកំពុងមានសក្តានុពលមួយនេះផងដែរ។
ជាមួយគ្នានេះ លោក ញូង សារិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រកសិផលខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងជួយដល់កសិករក្នុងស្រុក ព្រមទាំងទទួលបានអាហារ ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់សម្រាប់សុខភាព។
ការគាំទ្រផលិតផលកសិកម្មក្នុងស្រុក មិនត្រឹមតែជួយបង្កើនចំណូលដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរឹងមាំផងដែរ។
ចំណែកអ្នកជំនាញផ្នែកកសិកម្ម បានលើកឡើងថា ដំណាំលម៉ើកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនៅកម្ពុជា ដោយសារអាចផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ និងសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុនៅតំបន់មួយចំនួន។ លើសពីនេះ ផ្លែលម៉ើក៏សម្បូរទៅដោយសារធាតុចិញ្ចឹម និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការបរិភោគផ្ទាល់ និងកែច្នៃជាផលិតផលផ្សេងៗ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដាំដុះលម៉ើនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដោយសារតម្លៃទីផ្សារមានស្ថិរភាព និងការចាប់អារម្មណ៍ពីអ្នកវិនិយោគលើវិស័យកសិកម្ម។ កសិករមួយចំនួនក៏បានអនុវត្តបច្ចេកទេសកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងគុណភាពផ្លែ ស្របតាមតម្រូវការរបស់ទីផ្សារ។
មន្ត្រីជំនាញបានលើកទឹកចិត្តឱ្យកសិករបន្តអនុវត្តស្តង់ដារផលិតកម្មល្អ និងការគ្រប់គ្រងក្រោយប្រមូលផលឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។
ការចាប់ផ្តើមប្រមូលផលផ្លែលម៉ើនៅឆ្នាំនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកបង្កើនប្រាក់ចំណូលដល់កសិករ និងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព៕














