សង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ព្រួតគ្នាវាយអ៊ីរ៉ង់ បង្កើតគ្រោះទុរ្ភិក្សកាន់តែធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ

image_2026-06-19_11-14-14

ទីក្រុងរ៉ូម៖ ប្រធានកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ការបន្តសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានបង្កើនគ្រោះមហន្តរាយផ្សេងទៀតនៅលើសកលលោក ដោយបង្កឱ្យចំនួនប្រជាជនធ្លាក់ចូលក្នុងភាពអត់ឃ្លានកាន់តែច្រើន ស្របពេលថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងគ្រោះទុរ្ភិក្សបានធ្លាក់ចុះយ៉ាងខ្លាំង។

កម្មវិធីស្បៀងអាហារពិភពលោក បាននិយាយថា មនុស្សចំនួន៣៦៣លាននាក់ នៅជុំវិញពិភពលោក ឥឡូវនេះប្រឈមនឹងភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ ក្នុងចំណោមនេះមនុស្សចំនួន៤៥លាននាក់ បានរងគ្រោះជួបគ្រោះទុរ្ភឹក្សដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងការកើនឡើងនៃតម្លៃប្រេងឥន្ទនៈ។

ការកើនឡើងនៃតម្រូវការស្បៀងអាហារនេះ កើតឡើងបន្ទាប់ពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាម៉េរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតសម្រាប់កម្មវិធីស្បៀអាហារពិភពលោក។

លោក កាល់ ស្កាវ (Carl Skau) ប្រធានវិធីស្បៀងអាហារពិភពលោក បាននិយាយថា គម្លាតដ៏ធំរវាងតម្រូវការ និងថវិកា បានបង្ខំឱ្យអង្គការកាត់បន្ថយកម្មវិធីដែលគាំទ្រប្រជាជនក្នុងគ្រាអាសន្នស្បៀងអាហារ ដើម្បីផ្តោតលើអ្នកដែលកំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្សដ៏មហន្តរាយ។

លោកបានមានប្រសាសន៍ដូច្នេះថា “យើងបេះពីមាត់ជនអត់ឃ្លាន ទៅបញ្ចុកមាត់ជនទុរ្ភិក្ស។ នោះហើយគឺជាការពិត។ លើសពីនេះ សង្គ្រាមជំរុញឱ្យមានគ្រោះទុរ្ភិក្សកាន់ធ្ងន់ធ្ងរ។ កាលពីឆ្នាំមុន យើងមានគ្រោះទុរ្ភិក្សពីរករណីត្រូវប្រកាសអាសន្ន។ រឿងនោះខានកើតឡើងជាច្រើនទសវត្សរ៍មកហើយ ដូច្នេះគ្រោះទុរ្ភិក្សពេលនេះ គឺជាប្រវត្តិសាស្ត្រថ្មីនៃគ្រោះទុរ្ភិក្ស”។

គ្រោះទុរ្ភិក្សទាំងពីរ ដែលត្រូវបានប្រកាសអាសន្ននៅឆ្នាំ២០២៥ គឺនៅតំបន់ហ្គាហ្សា និងប្រទេសស៊ូដង់។ ក្រោយមកស្ថានភាពអត់ឃ្លាននៅតំបន់ហ្គាហ្សា មានសភាពធូរស្រាលបន្តិច ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែតុលា ខណៈពេលប្រទេសស៊ូដង់ នៅតែបន្តជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ដោយគ្រោះទុរ្ភិក្សនៅតែបន្តកើតមាន នៅផ្នែកខ្លះនៃទីក្រុងដាហ្វួរ (Darfur) និងទីក្រុងកូរដូហ្វានភាគខាងត្បូង (South Kordofan)។

លោក កាល់ ស្កាវ បាននិយាយបន្ថែមថា “ចំណែកការផ្តល់មូលនិធិបានធ្លាក់ចុះជិត៤០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប៉ះពាល់ដល់ជនក្រីក្រភ្លាមៗតែម្តង ជាពិសេសប្រជាជននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសយេម៉ែន ដែលរដ្ឋបាលលោក ដូណាល់​ ត្រាំ (Donald Trump) បានកាត់ផ្តាច់មូលនិធិស្បៀងអាហារសម្រាប់សង្គ្រោះបន្ទាន់ទាំងអស់។ យើងត្រូវបោះបង់ចោលឈប់ជួយសង្គ្រោះមនុស្ស៥ ០០០នាក់។ មានន័យថា នៅអាហ្វហ្គានីស្ថាន យើងបានកត់បន្ថយចំនួនមនុស្សត្រូវជួយសង្គ្រោះពី១០លាននាក់ មកនៅត្រឹមពីរលាននាក់ប៉ុណ្ណោះ”។

លោកប្រធានកម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើងទៀតថា មនុស្សជាង៣០០លាននាក់ បានប្រឈមមុខនឹងភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ នៅទូទាំងពិភពលោក មុនពេលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ចាប់ផ្តើមធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលនាំឱ្យរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បិទច្រកសមុទ្រ ហ័រមូស (Hormuz) ហើយបន្ទាប់មកសហរដ្ឋអាម៉េរិក បានរាំងខ្ទប់ការនាំចេញរបស់អ៊ីរ៉ង់ទាំងអស់។

កម្មវិធីស្បៀងអាហារពិភពលោកបានប៉ាន់ប្រមាណ នៅពេលចាប់ផ្តើមផ្ទុះសង្គ្រាមអ៊ីរ៉ង់ថា ប្រសិនបើតម្លៃប្រេងនៅតែលើសពី១០០ដុល្លារក្នុងមួយបារ៉ែល មនុស្សនោះទៀតនឹងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។

សង្គ្រាមអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ ហ័រមូស បានបង្កភាពអត់ឃ្លានជាសកល និងជះឥទ្ធិពលដល់សមត្ថភាពរបស់កម្មវិធីស្បៀងអាហារពិភពលោក ក្នុងការទប់ស្កាត់មនុស្សមិនឱ្យស្លាប់ដោយសារគ្រោះទុរ្ភិក្ស។ ភាគច្រើនដោយសារតម្លៃម្ហូបអាហារកើនឡើង ដែលភាគច្រើនបង្កឡើងពីតែថ្លៃដឹកជញ្ជូន៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ