ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត ១ ០០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន 

image_2026-06-19_13-06-15

​ភ្នំពេញ៖​  ផ្លែទុរេនស្រស់របស់កម្ពុជាប្រមាណជិត១ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការហើយ ខណៈក្រុមហ៊ុននាំចេញកំពុងមមាញឹកប្រមូលទិញពីកសិករ ដើម្បីនាំចេញជាបន្តបន្ទាប់ទៀត។

យោងតាមសមាគមទុរេនកម្ពុជា បាន​បង្ហាញថា ផ្លែទុរេនស្រស់របស់កម្ពុជាចំនួន ៥០ទូកុងតឺន័រ ដែលមានបរិមាណសរុបជាង៩០០តោន ត្រូវបាននាំចេញទៅទីផ្សារចិន តាមរយៈក្រុមហ៊ុនពីរ ដោយដឹកចេញតាមច្រកវៀតណាម និងឡាវ។

ផ្លែទុរេននាំចេញទៅចិននេះ ត្រូវបានប្រមូលទិញពីកសិករ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួនកំពុងតែប្រមូលទិញផ្លែទុរេនពីកសិករ យកមកវេចខ្ចប់ ដើម្បីនាំចេញជាបន្តបន្ទាប់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។ តម្លៃផ្លែទុរេនស្រស់ៗ ដែលក្រុមហ៊ុនប្រមូលទិញពីកសិករប្រមាណ១២ ០០០រៀល ឬប្រមាណបីដុល្លារ ក្នុងមួយគីឡូក្រាម។

ចម្ការទុរេន ដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជាទៅកាន់ទីផ្សារចិន មានចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំង​​ ប៉ុន្តែក្រុមហ៊ុនខ្លះមិនទាន់អាចបំពេញលក្ខខណ្ឌបាននៅឡើយ ដូច្នេះ ទើបក្រុមហ៊ុនមិនទាន់ហ៊ាននាំចេញ​។

នាពេលថ្មីៗកន្លងមកនេះ សមាគមទុរេនកម្ពុជា បានត្រៀមនាំចេញផ្លែទូរេនជាង១ ០០០ទូកុងតឺន័រ​ ក្នុងតម្លៃមួយសមរម្យសម្រាប់នាំចេញទៅកាន់ទីផ្សារនៃប្រទេសចិន នៅក្នុងឆ្នាំ២០២៦នេះ ដោយមួយទូកុងតឺន័រ មានទម្ងន់ចាប់ពី១៨តោន ទៅ២០តោន។

ព្រមជាមួយគ្នានេះដែរ សមាគមក៏អំពាវនាវឱ្យពលរដ្ឋកម្ពុជាបន្តគាំទ្រផ្លែទុរេន ដែលជាផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត និងជាពិសេសកសិករ ដែលតែងតែនាំផ្លែទុរេនពីប្រទេសជិតខាង សូមមេត្តាបញ្ឈប់ការនាំចូល ដើម្បីឱ្យទុរេនកម្ពុជាមានតម្លៃសមរម្យ និងអាចនាំចេទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើនថែមទៀត។

សូមរំលឹកថា កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យ សម្រាប់ការនាំចេញទុរេនស្រស់ទៅកាន់ទីផ្សារចិន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី ស៊ី ជីនភីង មកកម្ពុជា។

នៅថ្ងៃទី២៨ ខែមេសា រដ្ឋបាលគយចិនបានសម្រេចអនុញ្ញាតជាផ្លូវការឱ្យកម្ពុជានាំចេញផ្លែទុរេនស្រស់ ដោយតម្រូវឱ្យអនុវត្តតាមបទដ្ឋានស្តង់ដារគុណភាពយ៉ាងម៉ឺងម៉ាត់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំទុរេនទំហំ១៦  ១៩៣ហិកតា ​ក្នុងនោះផ្ទៃដីដាំទុរេន ក្នុងខេត្តកំពង់ចាមមានចំនួន១ ៨​៤៩ហិកតា។​ ចំណែក​ផ្ទៃដី​ប្រ​មូល​​ផលមាន​ជាង៧ ០០០ហិកតា ដែលអាចផ្តល់ទិន្នផលជាង១២០ ០០០​តោនក្នុងមួយឆ្នាំ​៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ