ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរករលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)

Oplus_16908288

ដោយ ផាន់ អាណា

ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមយុវជននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចអភិវឌ្ឍខ្លួនជាមនុស្សល្អ និងអាចក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិច្រើន ព្រមទាំងអាចចូលរួមបម្រើសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំប្រាក់ ព្រមទាំងចូលរួមធ្វើសកម្មភាពជួយការងារក្នុងមូលដ្ឋានរបស់ខ្លួន (Learn, Earn and Serve)។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានមានប្រសាសន៍ស្ងើចសរសើរដល់ប្អូនៗយុវជន ជាកីឡាករ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងមានសាមគ្គីភាពល្អ ក្នុងការប្រកួតដណ្តើមយកពានរង្វាន់ ប្រកបដោយកិត្តិយស និងភាពសប្បាយរីករាយ។ ប៉ុន្តែ ភាពសប្បាយរីករាយនៃការលេងកីឡារបស់ប្អូនៗយុវជន សូមកុំភ្លេចការសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងឲ្យក្លាយជាពលរដ្ឋល្អ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំទៀតថា កីឡា គឺជាល្បែងប្រជាប្រិយ ជាការរៀនសូត្រ ជាពិសេសបង្រៀនប្អូនៗយុវជនអាចពង្រឹងកាយសម្បទា ឱ្យមានសុខភាពល្អ និងមានស្មារតីរឹងមាំ ព្រមទាំងចេះអត់ធ្មត់ និងចេះគិតដោះស្រាយបញ្ហាបានលឿន ដោយមិនយកកំហឹងមកដោះស្រាយបញ្ហាឡើយ។ លើសពីនេះ កីឡាធ្វើឱ្យយុវជនចេះធ្វើការជាក្រុម ចេះគោរពវិន័យ ចេះបង្កើតសាមគ្គីភាព និងបង្កើតមិត្តភាព។ ជាពិសេសជ័យជម្នះក្នុងការប្រកួតពេលនេះ គឺជាជ័យជម្នះរបស់ស្រុកខ្សាច់កណ្តាលទាំងមូល។

ការប្រកួតព្រឹកនេះ បានចាប់ផ្តើមរវាងក្រុមកីឡាករមកពីឃុំពុកឫស្សី និងក្រុមកីឡាករមកពីឃុំវិហារសួគ៌ នៅម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង១០ និង៣០នាទី ក្រោមបរិយាកាសសប្បាយរីករាយ សើចហ៊ោរបស់អ្នកទស្សនា ដែលធ្វើឱ្យកីឡាករទាំងសងខាងប្រកួតគ្នាយ៉ាងស្វិតស្វាញ។

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានបូកសរុបលទ្ធផលប្រកួតជូនគណៈអធិបតីថា នេះគឺជាការប្រកួតកីឡាបាល់ទាត់មហាជន លើកទី៧ របស់ស្រុកខ្សាច់កណ្តាល ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ។

លោកបានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ឆ្នាំ២០២៦នេះ មាន១២ក្រុម ដោយប្រកួតជ្រើសរើសយកលេខ១ និងលេខ២ បន្ទាប់ពីលេខ៣ និងលេខ៤ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ លទ្ធផលការប្រកួតកីឡាករឃុំពុកឫស្សីយកឈ្មះក្រុមកីឡាឃុំវិហាសួគ៌ ៣ទល់នឹង២។

ចំណែកក្រុមកីឡាមកពីឃុំសន្លុងយកឈ្នះក្រុមកីឡាមកពីឃុំស៊ីធរ ៤ទល់នឹង៣។ ជ័យលាភីលេខ១ បានទៅក្រុមយុវជនឃុំពុកឫស្សី មេដៃមាស២៥គ្រឿង ថវិកាចំនួន៦លានរៀល។ ជ័យលាភីលេខ២ បានទៅក្រុមយុវជនឃុំវិហារសួគ៌ មេដៃប្រាក់២៥គ្រឿង ថវិកាចំនួន៤លានរៀល។ ជ័យលាភីលេខ៣ បានទៅក្រុមយុវជនឃុំស៊ីធរ មេដៃសំរឹទ្ធ២៥គ្រឿង ថវិកាចំនួន៣លានរៀល និងជ័យលាភីលេខ៤ បានទៅក្រុមយុវជនឃុំសន្លុង ដោយទទួលបានថវិកាលើកទឹកចិត្ត ចំនួន១លានរៀល។

សូមរំឭកថា ពិធីប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ