សេអ៊ូល៖ ការនាំចេញផ្លែត្រសក់ស្រូវ របស់កូរ៉េខាងត្បូង កំពុងពង្រីកទៅកាន់ទីផ្សារនៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីពង្រីករយៈពេលនាំចេញស្របតាមអនុញ្ញាត ចាប់ពីខែឧសភា ដល់ខែមិថុនា។
ផ្លែត្រសក់ស្រូវកូរ៉េ ឥឡូវនេះកំពុងដាក់លក់តាមបណ្តាហាងលក់រាយធំៗ និងហាងលក់ផ្លែឈើថ្លៃៗ នៅក្នុងប្រទេសវៀតណាម ដែលបង្កើតបានជាបណ្តាញលក់បន្ថែមទៀត ក្នុងអំឡុងពេលតម្លៃលក់នៅក្នុងស្រុកធ្លាក់។
ការពន្យារពេលនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកស្រី សុង មីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង និងលោក ជិញ វៀតហឺង (Trinh Viet Hung) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែមេសា ឆ្នាំ២០២៦។
កិច្ចពិភាក្សានាពេលនោះ បានផ្តោតសំខាន់លើការពង្រីកការនាំចេញត្រសក់ស្រូវរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសវៀតណាម និងការបង្កើនពាណិជ្ជកម្មផ្លែឈើរវាងប្រទេសទាំងពីរ។
បន្ទាប់ពីការពិគ្រោះយោបល់ ភាគីទាំងពីរបានយល់ព្រមពន្យាររយៈពេលនាំចេញមួយខែទៀត។ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទនៃប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការផ្លាស់ប្តូរដើម្បីគាំទ្រដល់ប្រាក់ចំណូលដល់កសិដ្ឋាន ក្នុងអំឡុងខែមិថុនា នៅពេលតម្លៃផ្លែត្រសក់ស្រូវ ជាទូទៅស្ថិតនៅក្រោមសម្ពាធធ្លាក់ថ្លៃ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែឧសភា ឆ្នាំ២០២៦ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ជាពេលតម្លៃផ្លែត្រសក់ធ្លាក់ចុះខ្លាំង ការប្រឹងប្រែងនាំចេញក្នុងពេលនេះ គឺជារឿងចាំបាច់បំផុត ដើម្បីជួយពិតប្រាកដដល់កសិករ។
លោកស្រីបានបន្ថែមថា «តាមរយៈការនាំចេញ ដែលអាចធ្វើទៅបានរហូតដល់ខែមិថុនា ចាប់ពីឆ្នាំនេះទៅ មានន័យថា នេះគឺជាគោលការណ៍គ្រឹះសម្រាប់ពង្រីកការនាំចេញនាពេលអនាគត»។
ដំណាំត្រសក់ស្រូវ ត្រូវបានដាំដុះមានកម្រិតនៅក្នុងប្រទេសមួយចំនួន ចំណែកប្រហែល៨០ភាគរយនៃផលិតកម្មត្រសក់ស្រូវរបស់ប្រទេសកូរ៉េខាងត្បូង ដាំបានល្អបំផុតនៅក្នុងខេត្តមួយប៉ុណ្ណោះ ដែលជាតំបន់ផលិតកម្មដ៏សំខាន់របស់ប្រទេសសម្រាប់ដំណាំត្រសក់ស្រូវ។
កាលពីឆ្នាំមុន ការនាំចេញ្លែត្រសក់ស្រូវរបស់កូរ៉េខាងត្បូង បានឈានដល់ប្រហែល២៨០តោន នៅលើទីផ្សារចំនួន២១គោលដៅ រួមមានប្រទេសជប៉ុន ហុងកុង កោះតៃវ៉ាន់ និងប្រទេសសិង្ហបុរី។ ប្រទេសវៀតណាមបានក្លាយជាទិសដៅនាំចេញថ្មីមួយ នៅខែមីនា ឆ្នាំ២០២៦ នៅពេលផ្លែត្រសក់ស្រូវប្រហែល៥០០គីឡូក្រាម ត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារជាលើកដំបូង។
ការបើកទីផ្សារវៀតណាមនេះ បានធ្វើឡើងបន្ទាប់ពីការចរចាអំពីការធ្វើចត្តាឡីស័កផ្លែឈើរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ និងត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ កាលពីឆ្នាំ២០២៥។
យោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទរបស់កូរ៉េខាងត្បូង បានឱ្យដឹងទៀតថា កិច្ចខិតខំប្រឹងប្រែងនឹងបន្តពង្រីកបណ្តាញទីផ្សារលក់កសិផលកូរ៉េខាងត្បូង នៅក្រៅប្រទេស រួមមានផ្លែត្រសក់ស្រូវ ផងដែរ។
ចំពោះការពង្រីកទីផ្សារកសិផលនៅក្រៅប្រទេសនេះ លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះថា «យើងនឹងបន្តធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីពង្រីកការនាំចេញផលិតផលម្ហូបអាហារកូរ៉េ ដែលល្បីល្បាញនៅលើឆាកអន្តរជាតិថា ម្ហូបកូរ៉េ (K-food)»៕










