ដោយ រស្មី
ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា នៅទីបំផុតសហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ បានចេញជារូបរាង ដោយមានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង៦០០គ្រួសារ។
អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងនៅថ្មីៗនេះថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹក ខេត្តបន្ទាយមានជ័យនេះដែរ គេរំពឹងថា ចំនួនសមាជិកសហគមន៍នឹងកើនឡើងដល់១ ០០០ពាន់គ្រួសារ នៅពេលចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។
ឯកឧត្តមបានឱ្យដឹងទៀតថា គម្រោងនេះផ្តួចផ្តើមដោយក្រសួងកសិកម្ម ដែលធ្វើឡើងចំពោះជនភៀសសឹកចំនួនបីខេត្ត គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ តាមរយៈគម្រោងនេះដែរ ការចុះឈ្មោះសមាជិកគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងសមាជិកប្រមាណ៣ ០០០គ្រួសារ។
ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបន្ថែមថា ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួង រួមមាន៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១,ពូជកូនមាន់ស្រែ អាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញមាន់សាច់ក្នុងតម្លៃសមរម្យ៕






