ហាណូយ៖ ប្រទេសវៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីត្រឹមតែក្រោម៨០ម៉ឺនតោនប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥ ដោយប្រទេសចិនជាអ្នកទិញធំជាងគេ ចំនួន១៥៦ ០០០តោន តាមពីក្រោយដោយសហរដ្ឋអាមេរិកចំនួន១១១ ០០០តោន ស្របពេលនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ាសម្រេចបានត្រឹមតែ១១ភាគរយប៉ុណ្ណោះ ឬស្មើនឹងបរិមាណ៨៩ ០០០តោន។
ទិសដៅសំខាន់ៗនៃការនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់តំបន់មជ្ឈិមបូព៌ា រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចំនួន៤៧ ០០០តោន, អារ៉ាប៊ីសាអូឌីត ចំនួន១២ ០០០តោន, អ៊ីរ៉ាក់ ចំនួន៩ ០០០តោន, អ៊ីស្រាអែល ចំនួន៦ ៣០០តោន, ហ្ស៊កដានី ចំនួន៦ ០០០តោន, លីបង់ ចំនួន៣ ៨០០តោន, អ៊ីរ៉ង់ ចំនួន១ ២០០តោន និងប្រទេសកាតា ចំនួន២៣៣តោន។
លំហូរពាណិជ្ជកម្មទៅកាន់មជ្ឈិមបូព៌ា ត្រូវបានរំខានដោយសារសង្គ្រាមអ៊ីរ៉ង់ ដែលធ្វើឱ្យខ្សែដឹកជញ្ជូនផ្អាកការដឹកជញ្ជូនទៅកាន់កំពង់ផែឈូងសមុទ្រពែក្ស នៅក្នុងអេមីរ៉ាតអារ៉ាប់រួម ដោយសារតែអ៊ីរ៉ង់បិទច្រកសមុទ្រហ័រមូស (Hormuz) របស់ប្រទេសអ៊ីរ៉ង់។
ដើម្បីរក្សាការផ្គត់ផ្គង់ ក្រុមហ៊ុនដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកំពុងផ្លាស់ប្តូរទិសដៅតាមរយៈរកផ្លូវជំនួស រួមមានកំពង់ផែអូម៉ង់ កំពង់ផែនៅសមុទ្រក្រហម និងកំពង់ផែនៅសមុទ្រមេឌីទែរ៉ាណេ រួមទាំងកមពង់ផែនៅក្នុងប្រទេសតួកគី ដោយត្រូវដឹកជញ្ជូនបន្តតាមផ្លូវគោក និងផ្លូវដែកទៅកាន់ទីផ្សារក្នុងតំបន់ឈូងសមុទ្រ។
ពាណិជ្ជករម្នាក់ បាននិយាយកាលពីចុងខែមីនា ឆ្នាំ២០២៦នេះថា ទំនិញបញ្ជានៅមជ្ឈិមបូព៌ាមួយចំនួន កំពុងបញ្ជូនត្រឡប់មកវិញ។ ចំណែកទំនិញខ្លះកំពុងត្រូវបានបញ្ជូនទៅកាន់កន្លែងផ្សេង ហើយអ្នកទិញកំពុងដឹកជញ្ជូនតាមផ្លូវគោក ឬតាមផ្លូវដែកជំនួសវិញ ដើម្បីទៅដល់ភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត និងរដ្ឋឈូងសមុទ្រផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខខណ្ឌធ្វើពាណិជ្ជកម្មនៅតែមានការរឹតត្បិតដដែល។
ចំណែកពាណិជ្ជករម្នាក់ទៀត បានកត់សម្គាល់ថា នាវាទៅកាន់ទីក្រុងឌូបៃត្រូវផ្អាកទាំងអស់ រីឯអតិថិជនធំៗមួយចំនួនកំពុងស្វែងរកវិធីផ្សេងទៀត ដើម្បីទទួលបានទំនិញ ប៉ុន្តែពាណិជ្ជករក្នុងតំបន់ជាធម្មតាមិនខ្វល់ទេ ព្រោះមានការរំខានច្រើនពេក។
ការពន្យារពេលបញ្ជូនទំនិញនៅតាមមណ្ឌលដឹកជញ្ជូន បានបង្កផលប៉ះពាល់ដល់កាលវិភាគដឹកជញ្ជូន ខណៈពេលអ្នកលក់មួយចំនួនមិនអាចទទួលបានការទូទាត់សម្រាប់ការដឹកជញ្ជូន ដែលមិនបានដឹកទៅដល់ទីផ្សារគោលដៅ។
ការកាត់បន្ថយតម្រូវការពីមជ្ឈិមបូព៌ាកំពុងបង្កើតសម្ពាធធ្លាក់ចុះលើតម្លៃ។ អារម្មណ៍ទីផ្សារក៏រងឥទ្ធិពលពីការកើនឡើងនៃថ្លៃថាមពល ដោយមានការព្រួយបារម្ភថាអតិផរណាខ្ពស់អាចប៉ះពាល់ដល់ការប្រើប្រាស់ផលិតផលដូចជាគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀម។
ទន្ទឹមនឹងនេះដែរ តម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសវៀតណាម សម្រាប់ប្រភេទគ្រាប់ស្វាយចន្ទីប្រណីតក៏នៅល្អផងដែរ។ ការគាំទ្រទីផ្សារត្រូវបានផ្សារភ្ជាប់ទៅនឹងថ្លៃដឹកជញ្ជូនខ្ពស់ សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីឆៅពីអាហ្វ្រិក ស្របពេលទិន្នផលទាបជាងការរំពឹងទុក នៅក្នុងតំបន់អាហ្វ្រិកខាងលិច រួមមានប្រទេសហ្គាណា និងប្រទេសកូតឌីវ័រ៕ (ផាន់ អាណា)














