ខេត្តកែប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ព្រមទាំងមន្ត្រីរដ្ឋបាល អធិការនគរបាល កងរាជអាវុធហត្ថ ក្រុង/ស្រុក ការិយាល័យជំនាញ មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង/ស្រុក មេឃុំ/ចៅសង្កាត់ ព្រមទាំងប្រជាកសិករក្រុងកែប និងស្រុកដំណាក់ចង្អើរ ប្រមាណ២០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករមកពីតាមបណ្តាសង្កាត់ ដែលស្ថិតនៅក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ គួរគិតគូរពិចារណា ចងក្រងជាក្រុមនៅក្នុងការធ្វើមុខរបរកសិកម្ម និងគិតគូរឱ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជាមុខរបរ និងទទួលបានផលចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយ ដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះមានបីចំណុចសំខាន់ៗ គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម (២) បញ្ហាបច្ចេកទេសក្នុងការផលិត ដែលរួមមានការប្រើប្រាស់ជី និងថ្នាំ ឬបច្ចេកទេសសម្រាប់ការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដោយបញ្ហានេះត្រូវកំណត់ជាមុននៅផលិតផល ដែលមានទីផ្សារមុននឹងសម្រេចចិត្តបង្កបង្កើនផល និង(៣) គឺបញ្ហាថ្លៃដើមសម្រាប់ផលិត ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន គៃចំណេញលើកសិករ៕












