ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត

IMG_20260609_202124

ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាន់ ថា អភិបាលរងនៃគណ:អភិបាលខេត្តកំពតជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក ឈួន ថាន អភិបាលរងនៃគណ:អភិបាលស្រុកដងទង់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកដងទង់ ប្រមាណ៣០០នាក់។

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុងស្រុកដងទង់ គួរគិតគូរពិចារណាចងក្រងជាក្រុមនៅក្នុងការធ្វើរបរកសិកម្ម និងគិតគូរឳ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជារបរបានចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។

លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានឳ្យកសិករគិតគូរអំពីទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបវិញ ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះមានបីសំខាន់ៗ គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម។ (២) បញ្ហាបច្ចេកទេសក្នុងការផលិត ដែលរួមមានការប្រើប្រាស់ជី និងថ្នាំ ឬបច្ចេកទេសសម្រាប់ការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដោយបញ្ហានេះត្រូវកំណត់ជាមុននៅផលិតផល ដែលមានទីផ្សារមុននឹងសម្រេចចិត្តបង្កបង្កើនផល និង (៣) គឺបញ្ហាថ្លៃដើមសម្រាប់ផលិត ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាលដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ, ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ, ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ, និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន និងគៃចំណេញលើកសិករ៕


image_2026-08-26_15-24-05
ចំណងជើង៖ ត្រីអណ្ដែង​ពូជថៃ ៣៦ តោន​ ត្រូវបានឥណ្ឌាបំផ្លាញ​ ព្រោះជាប្រភពមេរោគមហារីក

ឥណ្ឌា៖ ត្រីអណ្ដែង​ពូជ​ថៃ ចំនួន៣៦តោន ត្រូវបានអាជ្ញាធរ​ប្រទេស​ឥណ្ឌា​បំផ្លាញចោល ព្រោះជា​ពូជត្រី​ដែលគេ​ហាម​មិន​ឲ្យចិញ្ចឹម និងជា​ប្រភព​មេរោគ មហារីក ។ មន្ត្រីឥណ្ឌាបានបង្កើនការបង្ក្រាបលើការចិញ្ចឹមត្រីអណ្ដែងពូជកូនកាត់នាំចូលពីប្រទេសថៃនេះ​ ដោយបានបំផ្លាញចោលអស់ជាង៣៦តោន កាលពីពេលថ្មីៗ ។ មន្ត្រីជំនាញរបស់ឥណ្ឌាបានកំណត់ទីតាំងស្រះចិញ្ចឹមទាំងនេះដោយប្រើផែនទីហ្គូហ្គល (Google Maps) ហើយបន្ទាប់មកបានផ្ទៀងផ្ទាត់ព័ត៌មានអំពីការចិញ្ចឹម និងការលក់ត្រីអណ្ដែងថៃហាមខាត់ តាមរយៈ  ​គិញ​បន្លំជាអតិថិជន។ ក្រុមបង្ក្រាប រួមជាមួយមន្ត្រីជលផល បានប្រើសំណាញ់កៀរយកត្រីអណ្ដែងថៃខុសច្បាប់ជាង៣៦តោន ចេញពីកន្លែងចិញ្ចឹមទាំង១១ស្រះ។ បន្ទាប់មកកប់ត្រីទាំងរស់ទៅក្នុងរណ្តៅដ៏ធំមួយ ដើម្បីកម្ទេចចោលទាំងស្រុងតែម្តង។ មន្ត្រីនាយកដ្ឋានជលផលរបស់ឥណ្ឌា​ បានឱ្យដឹងទៀតថា ត្រីអណ្ដែងថៃ​ខុសច្បាប់ប្រហែល៥១តោន ត្រូវបានកម្ទេចចោលក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរយៈពេលបីខែកន្លងមកនេះ។ មន្ត្រីពាក់ព័ន្ធបាននិយាយថា ការត្រួតពិនិត្យស្រះ និងទីតាំងសង្ស័យចិញ្ចឹមត្រីខុសច្បាប់ នឹងត្រូវបន្តធ្វើនៅទូទាំងរដ្ឋមហារាស្ត្ររបស់ឥណ្ឌា ។ បណ្ដាញសារព័ត៌មានឥណ្ឌា​ បានលើកឡើងថា ពូជត្រីអណ្ដែងកូនកាត់របស់ថៃ គឺជាប្រភេទត្រីបង្កាត់ពូជម្យ៉ាង ដែលដើមឡើយគេបង្កាត់ពូជវា ដើម្បីឱ្យឆាប់លូតលាស់ធំធាត់ និងអាចសម្របខ្លួនបាននៅស្ទើរគ្រប់ទីកន្លែង។ ពូជត្រីប្រភេទនេះ បាននាំឱ្យពូជត្រីធម្មជាតិរបស់ឥណ្ឌាបាត់បង់រហូតដល់៧០ភាគរយ ហើយក៏ជាប្រភពបង្កឱ្យកើតជំងឺមហារីកផងដែរ ប្រសិនបើខ្វះអនាម័យនៅក្នុងការចិញ្ចឹម។ មន្ត្រីប្រទេសឥណ្ឌាបានព្រមានថា អ្នកបរិភោគត្រីអណ្ដែងថៃកូនកាត់អាចកើតជំងឺមហារីកលឿនណាស់ ដោយសារត្រីនេះគេច្រើនតែចិញ្ចឹមដោយគ្មានអនាម័យ និងឱ្យវាស៊ីចំណីធ្វើពីសាច់ស្អុយរលួយលាយជាមួយស្ពៃ ដែលបំពុលទឹកឱ្យស្អុយកខ្វក់ និងបង្កើតមេរោគ៕ (ផាន់ អាណា)

784251261_928422439739181_4573141762245123374_n
តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (International Business Chamber Cambodia) និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB បានចូលរួមវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទ ការជំរុញកំណើនឧស្សាហកម្មស្វាយចន្ទីកម្ពុជា៖ ហិរញ្ញប្បទាន, ការកែច្នៃ និងការឈានចូលទីផ្សារ នាថ្ងៃព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញភូគីត្រា។ កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីមានកិច្ចពិភាក្សាលើការអនុវត្តជាក់ស្តែង អំពីស្ថានភាពបច្ចុប្បន្ននៃវិស័យស្វាយចន្ទី ដែលកម្ពុជាអាចបង្កើនតម្លៃបន្ថែមក្នុងស្រុក និងបញ្ហាប្រឈម ដែលនៅតែត្រូវការដោះស្រាយ។ ឆ្លើយតបទៅនឹងគោលដៅនៃកិច្ចពិភាក្សានេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចែករំលែកនូវបទពិសោធនៃការគាំទ្រដល់វិស័យស្វាយចន្ទី តាមរយៈការផ្តល់នូវហិរញ្ញប្បទានគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃផលិតកម្មទាំងជាទុនបង្វិល និងទុនវិនិយោគ និងភាពបត់បែននៃផលិតផលហិរញ្ញវត្ថុសម្រាប់វិស័យនេះ ដូចជាការទទួលនូវស្តុកគ្រាប់ស្វាយចន្ទីស្រស់ជាទ្រព្យធានាជាដើម។ បន្ថែមពីនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីរួមគ្នាបំពេញនូវគម្លាហិរញ្ញប្បទានក្នុងវិស័យនេះ៕

photo_2026-08-26_13-07-11 (2)
ចិញ្ចឹមក្ងានជាមុខរបរបន្ថែម៖ អ្នកចិញ្ចឹមម្នាក់នៅខេត្តតាកែវជំរុញការចិញ្ចឹមតាមផ្ទះ

ភ្នំពេញ៖ លោក ស្រ៊ី សំនិត អ្នកប្រកបរបរចិញ្ចឹមក្ងាន ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីមេផ្ទះ ឱ្យចាប់ផ្តើមចិញ្ចឹមក្ងានតាមលំនៅឋាន ដើម្បីបង្កើតមុខរបរបន្ថែម និងបង្កើនចំណូលសម្រាប់គ្រួសារ ខណៈការចិញ្ចឹមក្ងានមិនមានភាពស្មុគស្មាញ និងមានទីផ្សារ។ លោក ស្រ៊ី សំនិត ដែលធ្លាប់ជាបុគ្គលិកចិញ្ចឹមជ្រូកនៅកសិដ្ឋានរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា ការចិញ្ចឹមក្ងានមិនមានភាពលំបាកក្នុងការថែទាំនោះទេ ព្រោះក្ងានជាប្រភេទសត្វដែលមានភាពធន់នឹងជំងឺ ហើយអាចឱ្យវាដើរស៊ីស្មៅនៅជុំវិញផ្ទះបាន ក្រៅពីការផ្តល់ចំណីបន្ថែម។ លោកបន្តថា ចំណីសម្រាប់ក្ងានក៏អាចផ្សំដោយខ្លួនឯងបាន ដោយប្រើកន្ទក់ ស្រូវ និងស្មៅ យកមកលាយបញ្ចូលគ្នា ដែលអាចជួយកាត់បន្ថយការចំណាយលើចំណី និងប្រើប្រាស់ធនធានដែលមានស្រាប់នៅក្នុងមូលដ្ឋាន។ ដោយមើលឃើញភាពងាយស្រួលបែបនេះ លោក ស្រ៊ី សំនិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេផ្ទះ ដែលមានទីធ្លានៅជុំវិញផ្ទះ អាចពិចារណាចាប់ផ្តើមចិញ្ចឹមក្ងានក្នុងចំនួនសមស្របតាមលទ្ធភាព ដើម្បីប្រើប្រាស់ធនធានដែលមានស្រាប់ និងបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ បើតាមលោក ស្រ៊ី សំនិត នៅដំណាក់កាលដំបូង កសិករអាចចាប់ផ្តើមចិញ្ចឹមក្ងានដោយប្រើដើមទុនប្រមាណ ៣០ម៉ឺនរៀល ដោយចាប់ផ្តើមពីក្ងានមេ២ក្បាល និងឈ្មោល ១ក្បាល។ បន្ទាប់មកក្ងាននឹងចាប់ផ្តើមមានពង និងកូនជាបន្តបន្ទាប់ […]

image_2026-08-26_13-06-26
ប្រជាជនបួនខេត្ត ជិត២ម៉ឺនគ្រួសារកំពុង​រងផលប៉ះពាល់ពីទឹកជំនន់ ខណៈស្ថានភាពទឹក​កំពុងស្រកបណ្ដើរៗ

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ទឹកទន្លេមេគង្គនៅ​ផ្នែកខេត្ត​ស្ទឹង​ត្រែង ក្រចេះ និងកំពុងចាម កំពុងតែស្រកជាបណ្ដើរៗ ហើយ ខណៈដែលបានកំពុង​បង្កជាទឹកជំនន់ ប៉ះពាល់ប្រជាពលរដ្ឋ និងផលដំណាំ រហូតដល់ទៅ​បួនខេត្ត ។ នេះបើយោងតាមការ​បញ្ជាក់ពី​ លោក សូត គីមកុលមុន្នី មន្ត្រីនាំពាក្យ​អាជ្ញាធរជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ។ លោក​បាន​ឲ្យដឹងថា អាជ្ញាធរ​កំពុងតែតាមដានស្ថានភាព​ទឹកជំនន់នេះ ហើយត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ។ ប្រជាជនប្រមាណជិត២ម៉ឺនគ្រួសារ​​ នៅក្នុងខេត្តចំនួនបួនតាមដង​ទន្លេមេគង្គ មានស្ទឹង​ត្រែង ត្បូងឃ្មុំ កំពង់ចាម កំពុងតែរងផលប៉ះពាល់ដោយសារតែទឹកជំនន់ជនលិច ខណៈខេត្ត​ក្រចេះ ជា​ខេត្ត​ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោមប្រជាពលរដ្ឋ​ដែលរងផលប៉ះបាល់ទាំងនោះ មាន​ជិត២ពាន់គ្រួសារ​ត្រូវបានជម្លៀសចេញពី​លំនៅដ្ឋាន ខណៈទឹកជំនន់កំពុង​តែ​ប៉ះពាល់ដល់ផ្ទះសម្បែង​របស់ពួកគាត់រហូតដល់ទៅជិត១៤ ០០០ខ្នង។ យោងតាមរបាយការណ៍បានឲ្យដឹងថា ផលដំណាំស្រូវរបស់កសិករ​ប្រមាណ​ជិត៥ហិកតា កំពុងតែ​រងការ​លិច​លង់ និងប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីម្សិលមិញ ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​គ្រប់ជាន់ថ្នាក់ត្រៀមលក្ខណៈ ដើម្បី​ជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងនេះ។ សម្ដេច​បាន​បញ្ជាឲ្យត្រៀម​គ្រឿងបរិក្ខារសំខាន់ៗ ក៏ដូចជា ទីជម្រក​សម្រាប់ជម្លៀសប្រជាពលរដ្ឋចេញពី​គ្រោះថ្នាក់ និងដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​របស់ពលរដ្ឋដែលរងផលប៉ះពាល់៕

កាលវិភាគផ្សព្វផ្សាយ