កំពង់ធំ៖ បន្ទាប់ពីអញ្ជើញទស្សនកិច្ចសិក្សាគម្រោងបច្ចេកទេសកសិកម្មទំនើប និងពិនិត្យរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ធំរួចមក នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ អញ្ជើញអមដំណើរឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ» ដែលរៀបចំឡើងនៅខេត្តកំពង់ធំ។
ពិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិន្ទ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ តំណាងវិស័យឯកជន ប្រជាពលរដ្ឋ កសិករ សិស្សានុសិស្ស និងនិស្សិតជាច្រើនរយនាក់។
ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងសុន្ទរកថាស្វាគមន៍គណៈប្រតិភូ និងអានរបាយការណ៍សង្ខេប ស្តីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត ព្រមទាំងវឌ្ឍនភាពនៃសហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្មក្នុងខេត្ត ជូនគណៈអធិបតីជ្រាប។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ធំមានសហគ្រាសធុនតូច មធ្យម និងសិប្បកម្មជាង៤ ០០០ មូលដ្ឋាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខេត្ត។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិន្ទ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ធំ ដែលបានសហការរៀបចំកម្មវិធីសម្ពោធ «ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាពនៅខេត្តកំពង់ធំ» ដើម្បីគាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច មធ្យម និងសិប្បកម្មនៅក្នុងខេត្ត។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងអំពីបេសកកម្មរបស់ «សហគ្រិនខ្មែរ» ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យសហគ្រិនភាពនៅកម្ពុជា ជាពិសេសការគាំទ្រ និងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរស់រវើក ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើនផលិតភាព និងការបង្កើតការងារសមរម្យ។ ទន្ទឹមនឹងនេះ សហគ្រិនខ្មែរក៏ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមផងដែរ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអរគុណដល់រដ្ឋបាលខេត្តកំពង់ធំ និងសហគ្រិនខ្មែរ ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ដើម្បីបង្កើតឱកាសឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ អាចពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើនការផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុក ឱ្យកាន់តែច្រើនឡើង ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលពីបរទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យឯកជន គឺជាកម្លាំងចលករ និងជាសសរស្តម្ភដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ទាំងសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម នៅខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេស សុទ្ធតែមានតួនាទីសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព មិនមែនពឹងផ្អែកលើវិស័យសាធារណៈតែមួយនោះទេ៕












