ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ៦០៤លានដុល្លារ ថយចុះ៩,១ភាគរយ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ២២៣លានដុល្លារ គឺកើនឡើង១៣១ភាគរយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលដែលដាំដុះបាន ឬផលិតបានឱ្យមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក និងកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេចមុននិងនាំចេញទៅខាងក្រៅប្រទេស។
ក្រៅពីនាំចេញ ជ័រកៅស៊ូកម្ពុជាត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការ រួមមាននៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ ខណៈដែលកម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន១០១ ២០៨ហិកតា ស្មើនឹង២៣ភាគរយ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកើនឡើងនេះ ក៏បានបង្ហាញពីកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើង ហើយផ្ទៃដីដាំដុះក៏កំពុងមានការកើនឡើងផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតីក៏ចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។
សម្តេចធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ និងបានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូ បង្កើនផលប្រយោជន៍ដល់កសិករ ដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗ ដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ ក្នុងន័យនេះ សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជានឹងឈានទៅរកការកាត់បន្ថយការនាំចូលវត្ថុធាតុដើម និងនាំចេញផលិតផលសម្រេច៕
















