ហាណូយ៖ ប្រទេសវៀតណាមបានចំណាយប្រាក់ជាង២០០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សើម្បីនាំចូលសាច់ក្របីពីប្រទេសឥណ្ឌា ដែលកំពុងតែក្លាយជាអ្នកផ្គត់ផ្គង់សាច់ដ៏សំខាន់មួយ ទៅកាន់ទីផ្សារវៀតណាម។
យោងតាមទិន្នន័យពីនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា ការនាំចូលសាច់ក្របី និងផលិតផលសាច់សត្វ មានបរិមាណចំនួន១៣១ ១០០តោន ដែលមានតម្លៃជាង២៩៥លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦។
ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលស្មើនឹងជាង២២ភាគរយនៃការនាំចូលសាច់ក្របីសរុប ឬស្មើនឹងជាង២៩ ១០០តោន ព្រមទាំងរកចំណូលបានជិត១១៦លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ បរិមាណនាំចូលសាច់ក្របីពីឥណ្ឌាបានកើនឡើង៣,៧ភាគរយ ខណៈតម្លៃនាំចូលបានកើនឡើង២១,៥ភាគរយ។
និន្នាការកើនឡើងនេះបានបន្តរហូតដល់ខែមីនា នៅពេលប្រទេសវៀតណាមបាននាំចូលសាច់ ក្របី និងផលិតផលសាច់ចំនួន៥១ ៦០០តោនពីប្រទេសឥណ្ឌា ដែលមានតម្លៃជាង២០៨លានដុល្លារ ស្មើនឹងជាង២៣ភាគរយនៃការនាំចូលសរុប។ ពីមួយឆ្នាំទៅមួយឆ្នាំ តួលេខនេះតំណាងឱ្យការកើនឡើងជិត២២ភាគរយនៃបរិមាណ និងជាង៤៣ភាគរយនៃតម្លៃនាំចូលសាច់សត្វ។
យោងតាមនាយកដ្ឋានផលិតកម្មបសុសត្វ វៀតណាម បានឱ្យដឹងថា សាច់ក្របីរបស់ប្រទេសឥណ្ឌា បានលេចធ្លោកាន់តែខ្លាំងឡើងនៅក្នុងប្រទេសវៀតណាម ដោយសារកត្តាសំខាន់ពីរ។ ទីមួយ តម្លៃសាច់ក្របីនៅទាប បានធ្វើឱ្យផលិតផលសាច់របស់ឥណ្ឌា អាចប្រកួតប្រជែងបានយ៉ាងខ្លាំងនៅលើទីផ្សារក្នុងប្រទេសវៀតណាម។
លើសពីនេះ ការផ្គត់ផ្គង់សាច់ក្របីនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការចិញ្ចឹមក្របីមិនសូវបានល្អ ហើយតំបន់វាលស្មៅសម្រាប់ក្របីក៏បានរួមកាន់តែតូច។ ទន្ទឹមនឹងនោះដែរ តម្រូវការផលិតផលសាច់ក្របី និងសាច់គោ នៅតែមានកម្រិតខ្ពស់។
ឥទ្ធិពលរបស់ឥណ្ឌាមិនត្រឹមតែចំពោះការនាំចេញសាច់សត្វប៉ុណ្ណោះទេ ប៉ុន្តែពូជក្របីឥណ្ឌា ក៏បានចូលរួមចំណែកក្នុងការកែលម្អហ្វូងក្របីរបស់វៀតណាមផងដែរ តាមរយៈកម្មវិធីបង្កាត់ពូជ។
អ្នកជំនាញមកពីវិទ្យាស្ថានជាតិវិទ្យាសាស្ត្រសត្ របស់វៀតណាម បាននិយាយថា ពូជក្របីឥណ្ឌា ត្រូវបាននាំមកចិញ្ចឹមជាលើកដំបូង នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំ១៩៥៨ ដើម្បីចញ្ចឹមបង្កាត់ពូជ និងចិញ្ចឹមយកទឹកដោះ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលតម្រូវការសាច់ក្របីកើនឡើងកាន់តែខ្លាំង យុទ្ធសាស្ត្រអភិវឌ្ឍន៍បានផ្លាស់ប្តូរឆ្ពោះទៅរកការបង្កាត់ពូជ ដើម្បីឱ្យក្របីមានមាឌធំ និងមានសាច់ច្រើនជាងក្របីក្នុងស្រុក។បច្ចុប្បន្ន ពូជក្របីឥណ្ឌា ត្រូវបានគេបង្កាត់ព្រោងព្រាត តាមរយៈកម្មវិធីសិប្បនិម្មិត នៅក្នុងខេត្តនានា ស្ថិតនៅក្នុងទឹកដីវៀតណាម ភាគខាងត្បូង៕
















