ដោយ ឡុង សារេត
ខេត្តស្វាយរៀង៖ លោក រស់ រិនដា អ្នកឯកទេសបង្កាត់ភ្ញាស់កូនត្រីពូជនៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមត្រីជាលក្ខណៈគ្រួសារនៅឆ្នាំ១៩៩៥ ហើយធ្លាប់បរាជ័យអស់រយៈពេល៥ឆ្នាំជាប់គ្នាដោយមិនព្រមបោះបង់ បើទោះជាពុំសូវទទួលបានការគាំទ្រពីក្រុមគ្រួសារក៏ដោយ។ កសិកររូបនេះនូវតែបន្តតស៊ូប្រឹងប្រែងជម្នះរាល់បញ្ហា រហូតទទួលការគាំទ្រនិងបានប្រែក្លាយទីតាំង ជាកន្លែងផ្គង់ផ្គង់កូនត្រីពូជធំមួយប្រចាំតំបន់នាពេលសព្វថ្ងៃ។
បើយោងតាម លោក រស់ រិនដា នៅក្នុងដំណាក់កាលប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជ លោកធ្លាប់បរាជ័យអស់រយៈពេល៥ឆ្នាំ ។ ប៉ុន្តែដោយការស្រលាញ់ចូលចិត្តលើមុខរបរក្នុងវិស័យវារីវប្បកម្ម ដោយផ្សារភ្ជាប់ជាមួយសេចក្តីព្យាយាមតស៊ូ បានធ្វើឱ្យលោក ទទួលបានលទ្ធផលពីមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជជាបន្តបន្ទាប់។
លោក រស់ រិនដា បានគូសបញ្ជាក់ថា ភាពបរាជ័យក្នុងមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជដែលបានជួបប្រទះកអស់រយៈពេល៥ឆ្នាំដំបូងៗនោះ ដោយសារយើងខ្វះបទពិសោធន៍ ខ្វះបច្ចេកទេស ខ្វះប្រភពទឹកផ្គត់ផ្គង់ជាចម្បង។ ប៉ុន្តែក្រោយបន្តធ្វើការស្វែងយល់អំពីបញ្ហាដែលធ្លាប់ជួបប្រទះទាំងនោះមក វាជួយឱ្យខ្ញុំកាន់តែចេះនិងយល់ពីមូលហេតុនៅតាមផ្នែកនីមួយៗបានច្បាស់លាស់ ។ តួយ៉ាងបើខ្វះប្រភពខ្ញុំត្រូវជិកស្រះឱ្យបានច្រើនដើម្បីស្តុកទឹកទុក សម្រាប់ប្រើនៅពេលចាំបាច់ ។
ក្រោយពីដឹងពីមូលហេតុនាំឱ្យខ្លួនបរាជ័យលើមុខរបរអស់រយៈពេល៥ឆ្នាំ, លោក រស់ រិនដា អះអាងថាការរីកចម្រើននៃមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជកន្លងទៅនេះ៖ទី១) ដោយសារលោកបានសំអាតស្រះចិញ្ចឹមត្រីបានល្អ ទី២) លោកចេះរៀបចំត្រីឱ្យទៅតាមប្រភេទត្រី តូចដាក់ទៅតាមតូច ហើយធំដាក់ទៅតាមធំ ដោយការធ្វើបែប ជួយឱ្យការចិញ្ចឹមត្រីកើនឡើង រហូតដល់ពង្រីកទំហំផ្ទៃដីសម្រាប់ចិញ្ចឹមនិងភ្ញាស់ពូជត្រីរហូតដល់ជិត២ហិកតាក្នុងពេលសព្វថ្ងៃ។
លោក រស់ រិនដា បច្ចុប្បន្នមានអាយុ៦១ឆ្នាំរូបនេះ លើកឡើងថា នៅក្នុងកសិដ្ឋានកន្លងទៅមានការបង្កាត់ភ្ញាស់ពូជត្រីប្រា ត្រីអណ្តែង ត្រីពោ ត្រីកាបស ត្រីកាបធម្មតា និងត្រីកាបឥណ្ឌា។ តែសព្វថ្ងៃនេះបានផ្អាកបង្កាត់ភ្ញាស់កូនត្រីពូជមួយចំនួនដែលទីផ្សារមិនត្រូវការ ទុកតែប្រភេទត្រីណាដែលមានទីផ្សារ ដូចជាត្រីប្រា ត្រីអណ្តែងជាដើម។
សូមជម្រាបជូនថា នៅក្នុងការប្រកបមុខរបរបង្កាត់ភ្ញាស់កូនត្រីពូជអស់រយៈពេល៣១ឆ្នាំកន្លងមកនេះ លោក រស់ រិនដា មានស្រះសម្រាប់ ចិញ្ចឹមត្រីនិងផ្សាំកូនត្រីតូចនិងធំសរុប២២ស្រះ នៅលើផ្ទៃដីជិត២ហិកតា។ ផ្អែកលើសមត្ថភាពនិងបទពិសោធន៍ក្នុងការបង្កាត់ភ្ញាស់កូនត្រីពូជនេះ លោកអាចផ្គត់ផ្គង់កូនត្រីដល់កសិករទាំងនៅក្នុងតំបន់និងក្រៅតំបន់មានប្រមាណ២៥ម៉ឹនក្បាលនិងត្រីសាច់ជាង១តោនក្នុងមួយឆ្នាំៗ។លើសពីនេះនៅពេលខាងមុខលោក មានគម្រោងពង្រីកផ្ទៃដីចិញ្ចឹមត្រី១០ហិកតាថែមទៀតទុកឱ្យកូនៗជំនាន់ក្រោយថែមទៀត៕




