ដោយ ឡុង សារេត
ខេត្តកណ្តាល៖ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ថា សេដ្ឋកិច្ចទាំងមូលរបស់ខេត្តក្នុងវិស័យកសិកម្មនៅឆ្នាំ១៩៩៧-១៩៩៨ មានដល់៧០% ក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះសេដ្ឋកិច្ចក្នុងវិស័យកសិកម្មនៅក្នុងខេត្តកណ្តាលនៅសល់តែ២៩%។
ឯកឧត្តមប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានសមាគមបណ្តាញកសិករតេជោ។
ឯកឧត្តមអភិបាលរងខេត្តកណ្តាលមានប្រសាសន៍ទៀតថា សេដ្ឋកិច្ចក្នុងវិស័យកសិកម្មរបស់ខេត្តកណ្តាលថយចុះដោយសារកសិករបានប្តូរមុខរបរ។ មានន័យថាប្រទេសប្រទេសមានការរីកចម្រើនមូលដ្ឋានមានការប្រែក្លាយផ្នែកខ្លះនៃវិស័យកសិកម្ម ប្រជាពលរដ្ឋបានប្តូរមុខរបរទៅជាវិស័យឧស្សាហកម្ម សិប្បកម្ម និងសេវាកម្ម។
ឯកឧត្តម ចោទជាសំនួរថា តើការប្រែប្រួលនៅក្នុងវិស័យកសិកម្មថយចុះចោទជាបញ្ហាឬទេ? ឯកឧត្តម មានប្រសាសន៍ថាអត់ជាបញ្ហាទេ ពីព្រោះសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានរបស់យើងមានការអភិវឌ្ឍ ទើបមានការប្រែប្រួល។ ដូចនេះនៅពេលដែលមានការប្រែប្រួល វិស័យកសិកម្មត្រូវតែថយ ប៉ុន្តែមិនអាចអស់ទេ។ ព្រោះផ្ទៃដីនៅក្នុងវិស័យកសិកម្មនៅសល់ច្រើនណាស់។ ដូចនេះបងប្អូនដែលជាកសិករ ពិសេសបងប្អូនមានវ័យចាស់នៅសល់ដីស្រែ ចំម្កា មិនប្តូរមុខរបរនោះទេ។
ឯកឧត្តម ខុន សេរីរដ្ឋា មានប្រសាសន៍ថា “វិស័យកសិកម្មគឺជាវិស័យស្នូលរបស់កសិករតាំងតែពីដើមមក ហើយជាសន្តិសុខស្បៀងរបស់ជាតិទាំងមូល។ បើវិស័យកសិកម្មទន់ខ្សោយ នោះសន្តិសុខស្បៀងរបស់យើងមិនរឹងមាំទេ ហើយបើយើងពឹងផ្អែកទៅលើទំនិញនាំចូលពីបរទេស ស្ថិរភាពនៃសន្តិសុខស្បៀងគឺអត់មានតែម្តង”៕




