ធនាគារ ARDB បន្តសកម្មភាពចុះផ្ទាល់ដល់មូលដ្ឋានកសិដ្ឋាន ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្ម និងគាំទ្រសន្តិសុខស្បៀងនៅខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ និងផលិតកម្មកសិកម្មនៅទីតាំងយុទ្ធសាស្ត្រចំនួនពីរកន្លែង ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង រួមមាន៖
1- កសិដ្ឋានចិញ្ចឹមមាន់ពងរបស់លោក ឃុន គឹមសួគ៍៖ ស្ថិតនៅភូមិពពាលខែ ឃុំជ្រៃ។ ការចុះពិនិត្យនេះផ្តោតលើបច្ចេកទេសចិញ្ចឹម និងលទ្ធភាពពង្រីកផលិតកម្មពងមាន់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក ដែលកំពុងកើនឡើង។
2- កសិដ្ឋានរបស់សហគមន៍កសិកម្មតាសីសាមគ្គី៖ ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន។ ការចុះពិនិត្យនេះមានគោលបំណងវាយតម្លៃលើប្រសិទ្ធភាពនៃការគ្រប់គ្រងកសិកម្មចម្រុះ និងការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់សមាជិកសហគមន៍។
តាមរយៈដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ARDB ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល៖
– ការគាំទ្រផ្នែកហិរញ្ញប្បទាន៖ ធនាគារ ARDB មិនត្រឹមតែផ្ដល់ឥណទានដែលមានអត្រាការប្រាក់ទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចុះតាមដានពីប្រសិទ្ធភាពនៃការប្រើប្រាស់ទុន ដើម្បីធានាថា គ្រួសារកសិករ និងសហគមន៍អាចពង្រីកអាជីវកម្មបានយ៉ាងពិតប្រាកដ។
– ការជំរុញបច្ចេកទេស និងទីផ្សារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB តែងតែផ្តល់នូវអនុសាសន៍គន្លឹះៗអំពីការរៀបចំកសិដ្ឋានឱ្យមានលក្ខណៈស្តង់ដារ ការកាត់បន្ថយថ្លៃដើម និងការបង្កើនគុណភាពផលិតផលឱ្យស្របតាមតម្រូវការទីផ្សារ។
– សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ៖ ការចុះពិនិត្យនេះគឺជាផ្នែកមួយនៃការជំរុញផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលជូនកសិករខ្មែរ។
ធនាគារ ARDB នៅតែបន្តឈរជាមួយកសិករគ្រប់កាលៈទេសៈ ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប និងមានភាពប្រកួតប្រជែងខ្ពស់៕




















