ណៃពិដោ៖ ដោយសារដំណាំចំបក់បារាំងផ្តល់ទិន្នផលសម្រាប់តម្រូវការបញ្ជាទិញពីទីផ្សារបរទេស រដ្ឋាភិបាលភូមា បានជំរុញឱ្យកសិកររបស់ខ្លួនពង្រីកដាក់ទុនវិនិយោគលើការដាំដុះដំណាំប្រភេទថ្មីនេះ នឹងទទួលបានជំនួយផ្នែកបច្ចេកទេសពីរដ្ឋាភិបាលភូមា ដើម្បីទទួលបានទិន្នផលខ្ពស់ និងមានគុណភាពល្អសម្រាប់ទីផ្សារក្រៅប្រទេស។
បើយោងតាមការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម បសុសត្វ និងធារាសាស្ត្រ ភូមា បានឱ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យទិញនាំចូលគ្រាប់ពូជចំបក់បារាំងក្នុងបរិមាណច្រើនពីបរទេស ដើម្បីលើកទឹកចិត្តដល់ការវិនិយោគអាចសម្រេចបានជោគជ័យកាន់តែឆាប់រហ័ស ព្រោះគ្រាប់ចំបក់បារាំង គឺជាផលិតផលកសិកម្មសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលអាចបង្កើតប្រាក់ចំណូលជូនជាតិ។
សារព័ត៌មានគាំទ្ររដ្ឋាភិបាលភូមា បានដកស្រង់ផ្សាយសេចក្តីជូនដំណឹងថា កសិករណាមានបំណងវិនិយោគ និងដាំដុះដំណាំចំបក់បារាំងនេះ អាចទាក់ទងទៅការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្រ។ ប្រសិនបើកសិករខ្នាតតូចណា នៅក្នុងតំបន់ប្រឈមនឹងការលំបាកផ្នែកបច្ចេកទេស នឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងជួយបង្កើនប្រាក់ចំណូលពីការនាំចេញទៅបរទេស តាមរយៈការផលិត និងកែច្នៃបង្កើនតម្លៃបន្ថែមពីដំណាំចំបក់បារាំង។
ចំណែកមន្ត្រីជំនាញទទួលបន្ទុកកសិដ្ឋានដាំដើមចំបក់បារាំង នៅក្នុងរដ្ឋ សាន របស់ភូមា បាននិយាយថា នៅក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥ កសិដ្ឋានអាចនាំចេញគ្រាប់ចំបក់បារាំងបានប្រហែល១៥០តោន រីឯបិរមាណ៥០តោនទៀត ត្រូវរក្សាទុកសម្រាប់បំពេញតម្រូវការក្នុងប្រទេសភូមា។
មន្ត្រីជំនាញរូបនេះ បាននិយាយទៀតថា បច្ចុប្បន្ននេះនៅក្នុងរដ្ឋ សាន មានកសិករចំនួន៣៤១នាក់ បានដាំដើមចំបក់បារាំងលើផ្ទៃដីជាង១០ហិកតា ដោយប្រើបច្ចេកទេសកសិកម្មទំនើប ក្នុងនោះកសិករចំនួន៦៧នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់អំពីការអនុវត្តកសិកម្មល្អ (Good Agricultural Practice)។
ក្រៅពីដាំនៅក្នុងរដ្ឋ សាន គិតត្រឹមដើមឆ្នាំ២០២៦នេះ ការិយាល័យផ្នែកដំណាំយុទ្ធសាស្ត្ររបស់ភូមា មានគម្រោងពង្រីកការដាំដើមចំបក់បារាំងលើផ្ទៃដីទំហំជាង២ ០០០ហិកតា នៅរដ្ឋ កាជីន រដ្ឋកាយីន រដ្ឋជីន និងតំបន់ម៉ានដាឡៃ ដែលអំណោយផលដល់ការដាំដុះដំណាំហូបគ្រាប់នេះ។
ការប្រមូលផលប្រចាំឆ្នាំ សម្រាប់ដំណាចំបក់បារាំង នៅក្នុងប្រទេសភូមា នៅតាមបណ្តាតំបន់ខាងលើនេះ មានចាប់ផ្តើមនៅក្នុងនិទាឃរដូវ គឺចាប់ពីមីនា ដល់ឧសភា និងតំបន់ខ្លះទៀត នៅក្នុងរដូវស្លឹកឈើជ្រុះ ចាប់ពីខែតុលា ដល់វិច្ឆិកា ជារៀងរាល់ឆ្នាំ។ ក្រៅពីផ្គត់ផ្គង់តម្រូវក្នុងស្រុក ទីផ្សារក្រៅប្រទេសដ៏សំខាន់សម្រាប់ផលិតផលចំបក់បារាំងរបស់ភូមា គឺនាំចូលទៅកាន់ប្រទេសចិន ស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។
កសិករភូមាជួបបញ្ហាប្រឈមមួយចំនួនក្នុងការដាំដំណាំចំបក់បារាំង ដោយសារផ្តល់ទិន្នផលទាប គឺទទួលបានគ្រាប់ប្រហែលបីគីឡូក្រាម ក្នុងចំបក់មួយដើម។ ម្យ៉ាងទៀត ក៏នៅតែពិបាករីកចម្រើនឱ្យបានលឿន ដោយសារខ្វះចំណេះដឹងផ្នែកបណ្តុះពូជកូនចំបក់បារាំង និងខ្វះជំនួយផ្នែកបច្ចេកទេស ដើម្បីកែច្នៃគ្រាប់ចំបក់។
ឧស្សាហកម្មចំបក់បារាំង នៅក្នុងប្រទេសភូមា ត្រូវបានគេមើលឃើញថា ជាឱកាសល្អសម្រាប់ធ្វើកសិកម្មទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែការដាំដើមចំបក់បារាំងទាមទាររយៈពេលរហូតដល់បីឆ្នាំទើបអាចទទួលផល៕














