សៀមរាប ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB បានអញ្ជើញចូលរួមជាអធិបតីភាព និងចែករំលែកទស្សនៈ និងអត្ថន័យខ្មែរត្រូវតែខ្លាំង ក្នុងសិក្ខាសាលាយុទ្ធនាការខ្មែរត្រូវតែខ្លាំង ដែលរៀបចំឡើងដោយវិទ្យាស្ថាន ស៊ីអ៊ីអូ ដែលរៀបចំឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តសៀមរាប។
ក្នុងសិក្ខាសាលាយុទ្ធនាការខ្មែរត្រូវតែខ្លាំង គឺមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ម្ចាស់សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុសមាគម និងស្ថាប័នអប់រំសរុបប្រមាណ១៥០រូប។
ក្នុងឱកាសនៃយុទ្ធនាការ ខ្មែរត្រូវតែខ្លាំងនេះ ឯកឧត្តម ចាន់ សីហា បានគូសបញ្ជាក់ថា ខ្មែរត្រូវតែខ្លាំង គឺជាអ្វីដែលប្រជាជនខ្មែរគ្រប់រូបចង់បានក្នុងកាលៈទេសៈដ៏ផុយស្រួយនៃស្ថានភាពសេដ្ឋកិច្ច និងភាពតានតឹងនៃស្ថានភាពភូមិសាស្រ្តនយោបាយក្នុងតំបន់ និងសកល។
ឯកឧត្តមក៏បានសង្កត់ធ្ងន់អំពីកត្តាដែលធ្វើឲ្យខ្មែរខ្លាំង គឺការរួបរួមជាតិ សាមគ្គីភាពជាតិ ស្នេហាជាតិ និងឯកភាពជាតិ តាមរយ:ការបន្តចូលរួមអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលយ៉ាងសកម្ម គឺយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ឱ្យមានប្រសិទ្ធភាពខ្ពស់ពីគ្រប់តួអង្គ និងគ្រប់វិស័យ ជាពិសេសការចូលរួមធ្វើការរួមគ្នាពីវិស័យឯកជន។ លើសពីនេះ, ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព និងគុណតម្លៃ រួមបញ្ចូលទាំងជំនាញទន់ ជំនាញរឹង សីលធម៌ គុណធម៌ និងចរិយាធម៌ ក៏ជាកត្តាមិនអាចខ្វះបានក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សំដៅជំរុញឱ្យប្រជាជាតិខ្មែរខ្លាំង៕








