ដោយ អៀវ ឈៀងនី
ភ្នំពេញ៖ ម្ចាស់សិប្បកម្មដៃមាស ដែលមានទីតាំងស្ថិតនៅភូមិកុលក្រស្នា សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ មហិច្ឆ ចង់នាំចេញផលិតផលកសិកម្មកែច្នៃទៅទីផ្សារក្រៅប្រទេស ដូចជាប្រទេសចិន និងកូរ៉េ ខណៈបច្ចុប្បន្ន សិប្បកម្មមានផលិតផលកសិកម្មកែច្នៃមួយចំនួន មានដូចជា គ្រាប់ស្វាយចន្ទី នំផលិតពីបន្លែ និងផលិតផលកសិកម្មផ្សេងទៀត។
អ្នកស្រី ជា សារ៉ឹម ម្ចាស់សិប្បកម្មដៃមាស បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា កន្លងមក អ្នកវិនិយោគចិន ក៏ធ្លាប់បានទស្សនកិច្ចសិក្សាសិប្បកម្មរបស់អ្នកស្រី ម្តងរួចហើយ ក្នុងការស្វែងរកឱកាសនាំចេញផងដែរ។ បច្ចុប្បន្ន សិប្បកម្មរបស់អ្នកស្រី មានផលិតផលិតផលកសិកម្មកែច្នៃមួយចំនួន ដូចជា ការកែច្នៃគ្រាប់ស្វាយចន្ទី នំទូកផលិតចេញពីបន្លែ និងគ្រាប់ធញ្ញជាតិខ្មែរ នំក្រៀបផលិតចេញពីដំឡូង និងល្ពៅ ហើយឥឡូវ ក៏កំពុងកែច្នៃអំបុកខ្មែរបន្ថែមមួយមុខទៀត។
អ្នកស្រី បានប្រាប់ទៀតថា លោកស្រី មានបំណងចង់ពង្រីកសិប្បកម្មរបស់ខ្លួនឱ្យធំជាងនេះ ដើម្បីឈានដល់ការនាំចេញផលិតផលកសិកម្មកែច្នៃទំាងអស់នេះ ចូលទៅកាន់ទីផ្សារបរទេស ប៉ុន្តែដោយសារបច្ចុប្បន្នសិប្បកម្មរបស់អ្នកស្រីនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រីកំពុងសំឡឹងមើលដៃគូរហិរញ្ញាវត្ថុនានា ដើម្បីពង្រីកខ្លួនឱ្យធំជាងនេះ។
បំណងនៃការបង្កើតសិប្បកម្មដៃមាសនេះឡើង លោកស្រី ជា សារ៉ឹម បានមានប្រសាសន៍ថា សម្រាប់ផែនការអនាគត លោកស្រីចង់ឱ្យផលិតផលរបស់ខ្មែរមិនត្រឹមតែលក់នៅទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ គឺចង់ឱ្យផលិតផលរបស់ខ្មែរ អាចនាំចេញទៅទីផ្សារក្រៅប្រទេសបានផងដែរ។
ចំពោះការកែច្នៃគ្រាប់ស្វាយចន្ទីមកដល់ពេលនេះអ្នកស្រី ជា សារ៉ឺម បានឱ្យដឹងថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីមានតម្រូវការច្រើន ប៉ុន្តែដោយសារនៅខ្វះផ្នែកបច្ចេកទេស អ្នកស្រី បានត្រឹមកែច្នៃគ្រាប់ស្វាយចន្ទីសាកល្បងក្នុងចម្ការផ្ទាល់ខ្លួនប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤ ជាលក្ខណៈគ្រួសារ ដែលមិនទាន់បានចំនួនច្រើននៅឡើយ។ នៅឆ្នាំ២០២៥ ក៏នៅមិនទាន់បានចំនួនច្រើននៅឡើយដែរ ដោយកែច្នៃស្វាយចន្ទីបានចំនួនប្រមាណ ៥តោនប៉ុណ្ណោះ។
ទាក់ទិនទៅនិងការពង្រីកអាជីវកកម្មរបស់ខ្លួន អ្នកស្រី ជា សារ៉ឺម បានលើកឡើងថា ទៅថ្ងៃខាងមុខលោកស្រី ចង់ស្វែងរកដើមទុនបន្ថែមទៀត ដើម្បីពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ព្រោះថាការធ្វើស្វាយចន្ទី ត្រូវការចំណាយដើមទុនខ្ពស់ ទាំងទីតាំងសង់ឃ្លាំង ទាំងបច្ចេកទេស និងការបំពាក់សម្ភារ ឧបករណ៍កែច្នៃជាដើម។
អ្នកស្រី បានមានប្រសាសន៍ថា ការពង្រីកនេះ គឺធ្វើឡើងតាមជំហានៗ និងចង់ឱ្យរីកធំធាត់ ដោយផ្តោតសំខាន់ទៅលើអាហារសម្រន់ ដែលបច្ចុប្បន្ន មានស្វាយចន្ទី នំទូក នំស្រួយដែលកំពុងដាក់លក់។ ហើយឥឡូវនេះ ក៏កំពុងធ្វើផលិតផលថ្មី សម្រាប់ការតាំងពិរព័រណ៍នៅកោះពេជ្រ នាថ្ងៃទី១៣ ១៤ ១៥ខាងមុខនេះផងដែរ។
សូមជម្រាបជូនថា ការកែច្នៃកសិផលរបស់កម្ពុជា មានទំនាក់ទំនងយ៉ាងជិតសិ្នទ្ធទៅនិងវិស័យកសិកម្ម និងឧស្សាហកម្ម ដោយផលិតកម្មក្នុងវិស័យនេះ អាចនាំយកវត្ថុធាតុដើម និងវត្ថុពាក់កណ្តាលសម្រច រួមមានដំណាំ បសុសត្វ ត្រី និងព្រៃឈើ ទៅកែច្នៃឲ្យប្រែក្លាយជាផលិតផលសម្រេច។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុវត្តគោលនយោបាយយុទ្ធសាស្ត្រថ្មីមួយ ក្នុងគោលបំណងលើកកម្ពស់វិស័យកសិកម្មពីបែបលក្ខណៈគ្រួសារ ទៅជាការធ្វើកសិកម្មបែបពាណិជ្ជកម្ម និងបង្កើនប្រាក់ចំណូលកសិករ តាមរយៈការផលិតផលិតផលបន្ថែមតម្លៃ។ គោលនយោបាយនេះ ត្រូវបានអនុវត្តក្នុងគោលបំណងលើកកម្ពស់កំណើននៃការទទួលបានទីផ្សារ ទាំងគុណភាព និងសុវត្ថិភាពចំណីអាហារ ផលិតភាព និងការធ្វើពិពិធកម្មដំណាំសក្ដានុពលរបស់កម្ពុជា៕






