ដោយ ឡុង សារេត
ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់លើការផលិតចំណីសត្វផ្គត់ផ្គង់នៅកម្ពុជា ក្រុមហ៊ុន ឌឹ ហឺស្ស (DE HEUS TMH)នៅឆ្នាំំ២០២៦នេះមានគម្រោងផែនការប្រមូលទិញវត្ថុធាតុដើមពីកសិករសម្រាប់ផលិតចំណីសត្វរហូតដល់១៣ម៉ឺនតោន ឬស្មើប្រមាណ៦០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុប។
លោក សុខ ភ័ក្ត្រ បុគ្គលិកឯកទេសផ្នែទិញវត្ថុធាតុដើមនៃក្រុមហ៊ុន DE HEUS TMH បានឱ្យដឹងថានៅឆ្នាំ២០២៥កន្លងទៅនេះក្រុមហ៊ុនមានភាពជោគជ័យ ហើយបានប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកមានបរិមាណច្រើនលើសពីផែនការរហូតដល់៨ម៉ឺនតោន ឬប្រហាក់ប្រហែល៥០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុបក្នុងឆ្នាំ២០២៥។
លោកបានគូសបញ្ជាក់ថា «នៅក្នុងផែនការឆ្នាំ២០២៦ យើងមានផែនការប្រមូលទិញវត្ថុធាតុដើមសម្រាប់កែច្នៃផលិតជាចំណីសត្វ ឱ្យបានដល់១២ម៉ឺនទៅដល់១៣ម៉ឹនតោន ឬប្រហាក់ប្រហែល៦០ភាគរយនៃតម្រូវការវត្ថុធាតុដើមសរុប។ មូលហេតុ ដោយសារយើងមើលឃើញនៅឆ្នាំកន្លងទៅការផ្គត់ផ្គង់វត្ថុដើមក្នុងស្រុកមានការកើនឡើង កសិករធ្វើការដាំដុះមានការកើនឡើងទាំងគុណភាព និងបរិមាណ។ដូច្នេះហើយទើបក្រុមហ៊ុន DE HEUS របស់យើងមានផែនការបញ្ជាទិញឱ្យបានច្រើនសម្រាប់បំពេញទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន»។
បើតាមតំណាងក្រុមហ៊ុនខាងលើ, នៅពេលកន្លងមក វត្ថុធាតុដើមសំខាន់ៗដែលក្រុមហ៊ុនប្រមូលទិញពីកសិករមានដូចជា ពោត ដំឡូងមីស្ងួត កន្ទុ កញ្ចុងអង្ករ អង្កាម កាកស្ករ រួមនិងវត្ថុធាតុដើមមួយចំនួនផ្សេងទៀត ហើយការផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួនមកខាងក្រុមហ៊ុនមកពីខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តព្រះវិហារជាដើម ហើយនៅក្នុងឆ្នាំ២០២៥កន្លងទៅនេះក្រុមហ៊ុនបានបង្រៀនពីបច្ចេកទេស និងការប្រើប្រាស់ពូជដល់កសិករដាំពោតចំនួន២ពាន់នាក់ និងបានបង្រៀនឱ្យកសិករយល់ដឹងពីការបន្សុំាខ្លួនទៅនិងការប្រែប្រួលអាកាសធាតុផងដែរ៕








