ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បានព្រមានដល់អ្នកលក់រាយថា ការដំឡើងថ្លៃម្ហូបអាហារចាំបាច់ណាមួយដោយអយុត្តិធម៌ នឹងមិនត្រូវអត់ឱនឡើយ ដោយកត់សម្គាល់ថា ការមិនអនុលោមតាមច្បាប់អាចប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវការ និងត្រូវស៊ើបអង្កេតបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា ក្រសួងកសិកម្មនឹងពង្រឹងការត្រួតពិនិត្យមើលតម្លៃទំនិញជាម្ហូបអាហារនៅក្នុងទីផ្សារធំៗ ជាពិសេសនៅតម្លៃទំនិញនៅផ្សារក្នុងក្រុងម៉ានីល (Metro Manila) ក្រុងសេប៊ូ (Cebu) និងក្នុងដាវ៉ៅ (Davao) ដែលការឡើងថ្លៃទំនិញនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសហ្វីលីពីន។
លោកបានបញ្ជាក់ថា ក្រសួងកសិកម្មនឹងចាត់វិធានការយ៉ាងតឹងរ៉ឹង ដែលតម្រូវឱ្យពាណិជ្ជករ និងអ្នកលក់រាយបកស្រាយអំពីការដំឡើងថ្លៃកសិផលចាំបាច់មួយចំនួន រួមមានអង្ករ បន្លែ ត្រី និងសាច់។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ដូច្នេះថា «យើងបានចេញបញ្ជាឱ្យបង្ហាញមូលហេតុរួចហើយ។ ខ្ញុំចង់បានសេចក្តីពន្យល់បែបសង្ខេបរបស់ពួកគាត់ផ្ញើមកខ្ញុំ ដូច្នេះយើងអាចសិក្សាពីការកសាងសំណុំរឿង។ ខ្ញុំចង់ឱ្យដាក់ពាក្យបណ្តឹងតែម្តង»។
លោកបានបន្ថែមថា របាយការណ៍មិនច្បាស់លាស់ ឬបំភាន់ការកំណត់តម្លៃ និងប្រភពនៃការផ្គត់ផ្គង់អាចនាំឱ្យមានការស៊ើបអង្កេតបន្ថែមទៀត ព្រមទាំងរងការចោទប្រកាន់ពីបទផ្តល់ព័ត៌មានមិនពិត។
លោករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា «ប្រសិនបើគេមិនសហការ ហើយផ្តល់ព័ត៌មានមិនពិត ឬមិនច្បាស់លាស់ នោះនឹងក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតបន្ថែមទៀត។ នគរបាលកំពុងសួរយកចម្លើយ ហើយរកឃើញចំណុចខុសគ្នារួចទៅហើយ។ យើងមិននិយាយអំពីការចាប់ខ្លួនទេ ប៉ុន្តែបានហៅទូរស័ព្ទទៅសួរពួកគេឱ្យពន្យល់ថា តើទំនិញរបស់ពួកគាត់មានប្រភពមកពីទីណាពិតប្រាកដ»។
វិធានការបង្ក្រាបនេះកើតឡើងចំពេលអតិផរណាកើនឡើងយ៉ាងលឿន ដែលកាលពីខែធ្នូ អតិផរណាបានកើនឡើងដល់១,៨ ភាគរយ លើសពី១,៥ភាគរយ ក្នុងខែវិច្ឆិកា ដោយសារតម្លៃម្ហូបអាហារចាំបាច់មួយចំនួនបានកើនឡើង ស្របពេលអតិផរណាតម្លៃម្ហូបអាហារក្នុងខែវិច្ឆិកា ដូចជាបន្លែ និងផលិតផលម្សៅមីក៏បានកើនឡើងដែរ។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ការធ្លាក់ចុះតម្លៃខ្ទឹមបារាំង និងតម្លៃអង្ករ នាពេលថ្មីៗកន្លងមកនេះ គឺបង្ហាញពីឥទ្ធិពលនៃការត្រួតពិនិត្យដ៏តឹងរ៉ឹងរបស់ហ្វីលីពីន។ តម្លៃទំនិញម្ហូបអាហារបានធ្លាក់ចុះពី២០០ប៉េសូ ទៅ៣០០ប៉េសូ ក្នុងមួយគីឡូក្រាម ហើយឥឡូវនេះ នៅតាមតំបន់ខ្លះតម្លៃបន្តធ្លាក់ទាបជាងនេះ។ ក្រសួងចង់រក្សាតម្លៃឱ្យទាប ដើម្បីការពារអ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌។
ទោះបីជាក្រសួងកសិកម្មហ្វីលីពីន មានអំណាចអនុវត្តច្បាប់នៅមានកម្រិតក៏ដោយ ក៏រដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារផ្សេងទៀត ដើម្បីអនុវត្តច្បាប់ប្រឆាំងនឹងការកេងចំណេញ និងសកម្មភាពហាមឃាត់ផ្សេងទៀត ដែលស្ថិតនៅក្រោមច្បាប់ ស្តីពីតម្លៃទំនិញ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យមានការពង្រឹងការអនុវត្តច្បាប់របស់ក្រសួងកសិកម្ម ដោយកត់សម្គាល់ថា ច្បាប់ដែលបានស្នើឡើងនៅក្នុងរដ្ឋសភាមានគោលបំណងបង្កើតស្ថាប័នអនុវត្តច្បាប់ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងនាយកដ្ឋានអនុវត្តច្បាប់ពាណិជ្ជកម្ម និងឧស្សាហកម្មផងដែរ៕








