ដោយ ឡុង សារេត
រាជធានីភ្នំពេញ៖ អ្នកប្រកបមុខរបរធ្វើជាជាងទង អ្នកផលិតនៅផលិតផលចេញពីប្រាក់និងស្ពាន់ ស្ថិតនៅក្នុងឃុំចំនួន៣នៅខេត្តកណ្តាលចាប់មានភាពកក់ក្តៅនៅក្នុងមុខជំនាញ ក៏ដូចអាជីវកម្មរបស់ខ្លួន ក្រោយពីរាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មរៀបចំបង្កើតឱ្យមាននៅសមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់ខេត្តកណ្តាលកាលពីចុងឆ្នាំ២០២៤កន្លងមក។
អ្នកស្រី ចាប សម្បត្តិ ប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល បានឱ្យដឹងគោលបំណងសំខាន់នៃការបង្កើតសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នេះឡើងគឺដើម្បីប្រមូលផ្តុំចងក្រងនូវក្បាច់ចម្លាក់ដែលកេរ្តិ៍ដំណែល បន្សល់ទុកពីដូនតា ដោយរក្សាឱ្យបានគង់វង់សម្រាប់មនុស្សជំនាន់ក្រោយ ដែលបច្ចុប្បន្នសមាគមមានសមាជិកប្រមាណ២១៧គ្រួសារ រស់នៅក្នុងឃុំ កោះចិន ឃុំវិហារលួង និងឃុំកំពង់លួងនៃស្រុកពញាឮ។
អ្នកស្រីបន្តថា សមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់នេះឡើង ក្រៅពីប្រមូលផ្តុំនិងចងក្រងនៅក្បាច់ចម្លាក់របស់ដូនតា ។ សមាគមមួយនេះ មានសារសំខាន់ណាស់សម្រាប់ជាងទង ជាងចម្លាក់ឱ្យមានការងារធ្វើកុំឱ្យចំណាកស្រុកទៅខាងក្រៅ ហើយខាងសមាគមនិងធ្វើការផ្សព្វផ្សាយអំពីក្បាច់ចម្លាក់ឱ្យប្រជាពលរដ្ឋបានស្គាល់នូវរបស់ ដែលបន្សល់ទុកតាំងពីដូនតាខ្មែរ។
បើតាមអ្នកស្រី ចាប សម្បត្តិ ផលិតផលកែច្នៃពីប្រាក់និងស្ពាន់របស់សមាគម បានក្លាយជាម៉ាកសមូហភាពប្រចាំខេត្តកណ្តាលក្នុងពេលសព្វថ្ងៃ ។លើសពីនេះក្នុងនាមខ្លួនជាប្រធានសមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់ ក៏បានអំពាវនាវដល់ អ្នកប្រកបមុខរបរពាក់ព័ន្ធនិងផលិតផលចម្លាក់ប្រាក់និងស្ពាន់ ឱ្យចូលរួមជាសមាជិកសមាគមទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សាទុកនូវក្បាច់ចម្លាក់របស់ដូនតា និងប្រើប្រាស់ម៉ាកសមហភាពទាំងអស់គ្នា។
អ្នកស្រី ចាប សម្បត្តិ មានប្រសាសន៍ថា “ចាប់តាំងពីសមាគមអ្នកផលិតចម្លាក់ប្រាក់និងស្ពាន់ បានបង្កើតឡើងនៅចុងឆ្នាំ២០២៤រហូតមកដល់ពេលនេះ សម្រាប់អ្នកប្រកបមុខបរធ្វើជាជាងទង ជាងចម្លាក់រួមនិងម្ចាស់អាជីវកម្មពាក់ព័ន្ធ ទទួលបានភាពកក់ក្តៅច្រើនជាងពេលមុន បន្ទាប់ពីរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្មចងក្រងបង្កើតឱ្យមាននៅសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នេះឡើង។ បើទោះបីទីផ្សារមិនទាន់ទូលំទូលាយក៏ដោយ ក៏ពួកគាត់មានភាពកក់ក្តៅ នៅពេលមានការយកចិត្តទុកដាក់ពីស្ថាប័នពាក់ពន្ធ”។
បើតាមអ្នកស្រី ចាប សម្បត្តិ, ពាក់ព័ន្ធនិងគ្រឿងចម្លាក់ប្រាក់និងស្ពាន់ដែលផលិតចេញពីសមាជិកសមាគម ក្នុងវត្ថុមួយមានតម្លៃចាប់៥ដុល្លារឡើងទៅ ។តែសម្រាប់ចម្លាក់រូបធំៗតម្លៃ ផ្អែកទៅតាមទម្ងន់និងស្នាដៃ ឬទឹកដៃរបស់ជាងឆ្លាក់៕






