ហាណូយ៖ ការនាំចេញផ្លែស្រកានាគរបស់វៀតណាម ដែលធ្លាប់រកបានប្រាក់ចំណូលជាង១ ០០០លានដុល្លារក្នុងមួយឆ្នាំ បែរជាធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល១១ឆ្នាំ កន្លងមកនេះ។
យោងតាមភ្នាក់ងារគយវៀតណាម បានឱ្យដឹងថា ការនាំចេញក្នុងរយៈពេល១១ខែដំបូង កាលពីឆ្នាំ២០២៤ បានធ្លាក់ចុះ០,៨ ភាគរយ មកនៅត្រឹមទឹកប្រាក់៤៨៥,២លានដុល្លារ ដែលជាកម្រិតទាបបំផុតចាប់ តាំងពីឆ្នាំ២០១៤។ ការនាំចេញប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៤-២០១៨ មានទឹកប្រាក់ចំនួនជាង ១ ០០០លានដុល្លារ។ ប៉ុន្តែការនាំចេញនាពេលនោះ បានឈានដល់កម្រិតកំពូលនៅឆ្នាំ២០១៨ ដោយរកប្រាក់ចំណូលបានចំនួន១,៣ពាន់លានដុល្លារ។
ចាប់តាំងពីពេលនោះមក ការនាំចេញផ្លែស្រកានាគរបស់វៀតណាម បានចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះ ដោយសារទីផ្សារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រែប្រួលលឿនពេក។
ចំណែកប្រទេសចិន នៅតែជាគោលដៅនាំចេញធំបំផុតសម្រាប់ផ្លែស្រកានាគរបស់វៀតណាម ដោយទទួលបានប្រាក់ចំណូលជាង៣០១,៧លានដុល្លារ ក្នុងរយៈពេល១១ខែដំបូង ដែលមានចំនួនប្រហែល៦២ភាគរយនៃបរិមាណសរុប។
ទោះបីជាយ៉ាងណាក៏ដោយ ការនាំចេញផ្លែស្រកានាគទៅកាន់ទីផ្សារអន្តរជាតិបានធ្លាក់ចុះ៤,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឆ្លុះបញ្ចាំងពីតម្រូវការនាំចូលថយចុះ ខណៈពេលការផ្គត់ផ្គង់ក្នុងស្រុកកាន់តែមានច្រើនឡើងៗ។
ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ទីផ្សារថ្មីជាច្រើនទៀតមានកំណើន ដូចជាទីផ្សារនៅក្នុងប្រទេសឥណ្ឌា រកចំណូលបានជិត៤១,៨លានដុល្លារ កើនឡើង៦,៤ភាគរយ ខណៈការនាំចេញទៅកាន់ប្រទេសថៃ បានកើនឡើង៧១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកនាំចេញផ្លែស្រកានាគវៀតណាម បាននិយាយថា ការផ្គត់ផ្គង់ជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដែលបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង។
ប្រទេសចិនបានពង្រីកផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ខ្លួនយ៉ាងច្រើន ដោយមានទិន្នផលប្រហែល១,៦លានតោនក្នុងមួយឆ្នាំ គឺច្រើនជាងវៀតណាមរាប់រយពាន់តោន និងស្ទើរតែគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយហេតុនេះធ្វើឱ្យតម្រូវការនាំចូលកាន់តែរួមតូចតែម្តង។
បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម និងឧស្សាហកម្មឥណ្ឌា បានឱ្យដឹងថា ប្រទេសឥណ្ឌាក៏ចាប់ប្រឡូកជាមួយក្រុមប្រទេសផលិតផ្លែស្រកានាគផងដែរ។ ផ្ទៃដីដាំដុះផ្លែស្រកានាគរបស់ប្រទេសឥណ្ឌាបច្ចុប្បន្ន មានទំហំប្រហែលពី៣ ០០០ ទៅ៤ ០០០ហិកតា។ ចំណែកទិន្នផលផ្លែស្រកានាគរបស់ប្រទេសឥណ្ឌា ឥឡូវនេះ មានប្រហែល១២ ០០០តោនក្នុងមួយឆ្នាំ គឺនៅត្រឹមកម្រិតមធ្យមនៅឡើយ ប៉ុន្តែកំពុងមាននិន្នាការពង្រីកថែមទៀត។
ចំពោះប្រទេសម៉ិកស៊ិក បានដាំដុះផ្លែស្រកានាគបានយ៉ាងជោគជ័យ ហើយចាប់ផ្តើមប្រកួតប្រជែងជាមួយវៀតណាមនៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដា។
តំណាងពាណិជ្ជកម្មវៀតណាម បាននិយាយថា កាលដើមទសវត្សរ៍ឆ្នាំ២០១០ ផ្លែស្រកានាគវៀតណាមត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកយ៉ាងរលូន។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ប្រទេសម៉ិកស៊ិកបានពង្រីកផលិតកម្មរបស់ខ្លួន រួមជាមួយនឹងគុណសម្បត្តិភូមិសាស្ត្រនៅជិតទីផ្សារអាមេរិកខាងជើងស្រាប់ បានធ្វើប្រទេសវៀតណាមស្ទើរតែឈប់នាំចេញផ្លែស្រកានាគ ដែលសាច់ពណ៌សទៅកាន់សហរដ្ឋអាមេរិក និងកាណាដា។
តាមការព្យាករណ៍ បានឱ្យដឹងថា ក្នុងរយៈពេលខ្លី ទិន្នផលផ្លែស្រកានាគ និងប្រាក់ចំណូលពីនាំចេញរបស់វៀតណាម ទំនងជាមិនងើបឡើងវិញក្នុងពេលឆាប់ៗនេះទេ ស្របពេលតម្លៃក៏មិនទំនងជាកើនឡើងយ៉ាងខ្លាំងដែរ ប្រសិនបើប្រទេសចិន និងឥណ្ឌា បន្តពង្រីកផលិតកម្មផ្លែស្រការនាគដែរ។
អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បាននិយាយថា កសិករ និងអាជីវកម្មត្រូវវាយតម្លៃឡើងវិញអំពីទីផ្សារ និងគុណសម្បត្តិប្រកួតប្រជែង។ បន្ថែមពីលើការកែលម្អគុណភាព និងការបង្ហាញផលិតផល វិស័យផ្លែស្រកានាគវៀតណាម គួរតែកែសម្រួលពេលវេលាដាំដុះ និងបង្កើនចំណែកនៃផលិតកម្មខុសរដូវកាល ជាពិសេសនៅដើមឆ្នាំ និងចុងឆ្នាំ ព្រោះប្រទេសចិន និងប្រទេសឥណ្ឌា មិនអាចធ្វើបានដោយសារតែកត្តាអាកាសធាតុ៕








