សិង្ហបុរីចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ប្រភេទថ្មី ដែលមានទំហំធំជាងមុន និងឆាប់ធំធាត់

Picture2

សិង្ហបុរី៖ ក្នុងគោលបំណងឆ្លើយតបតាមតម្រូវការត្រីនៅតាមទីផ្សារ ប្រទេសសិង្ហបុរី ចាប់ផ្តើមបង្កាត់ពូជត្រីទីឡាព្យាក្រហម ដែលអាចរស់រានមានជីវិតប្រសើរជាងមុន។

យោងតាមទីភ្នាក់ងារចំណីអាហារសិង្ហបុរី បានឱ្យដឹងថា គំនិតផ្តួចផ្តើមទាំងនេះ គឺនៅក្នុងផែនការវារីវប្បកម្មសិង្ហបុរី ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្មចំណីអាហារ។

អ្នកចិញ្ចឹមត្រីទីឡាព្យាពូជថ្មីនេះ ត្រូវចំណាយប្រាក់ប្រហែលកន្លះដុល្លារសិង្ហបុរី ក្នុងមួយក្បាល ដែលតម្លៃស្មើគ្នាកូនត្រីនាំចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

សារព័ត៌មានសិង្ហបុរី​ បានចេញផ្សាយព្រោងព្រាតក្នុងសប្តាហ៍នេះ ដោយកស្រង់សម្តីមន្ត្រីសហព័ន្ធសហគ្រាសកសិកម្មសិង្ហបុរី ដែលបាននិយាយថា សមត្ថភាពផលិត និងចែកចាយកូនត្រីទីឡាព្យាក្រហម ដែលមានគុណភាពល្អ ត្រូវបានគេរំពឹងថា នឹងជួយកសិដ្ឋានក្នុងសិង្ហបុរី​ អាចបង្កើនបរិមាណផលិតកម្មរបស់ខ្លួន។

មជ្ឍមណ្ឌលបង្កាត់ពូជត្រីត្រីទីឡាព្យាក្រហមនេះ ទទួលបានជំនួយថវិកាពីទីភ្នាក់ងារសន្តិសុខស្បៀងសិង្ហបុរីដើម្បីភ្ញាស់ពូជត្រីថ្មី ដែលងាយស្រួលចិញ្ចឹមជាងប្រភេទត្រីមុនៗ។

នាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បាននិយាយថា កន្លងមក​ កសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេសសិង្ហបុរី ធ្លាប់ប្រឈមនឹងការលំបាកដោយសារខ្វះពូជត្រីល្អ និងមានគុណភាពខ្ពស់ ដែលនាំចូលពីប្រទេសជិតខាង។

លោក​បាន​បន្ត​ទៀតថា​ «​កសិដ្ឋាន​តែង​តែ​ប្រឹងស្វែងរក​កូន​ត្រី ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ និង​អាចផ្គត់ផ្គង់បានទៀតទាត។​​ កសិដ្ឋាន​ចង់ដឹង​ថា ​មេ​ពូជ​របស់កូនត្រី ​ដែលគេទិញមកចិញ្ចឹមជាប្រភេទត្រីល្អ​ និងឆាប់ធំធាត់។ ដូច្នេះបញ្ហាប្រឈមមានច្រើនណាស់ ប្រសិនបើពួកគេត្រូវនាំចូលកូនត្រី ដោយមិនដឹងថា មេបារបស់វាជាពូជអ្វី និងមានប្រភពមកពីណា”។

លោកនាយកប្រតិបត្តិរបស់ទីភ្នាក់ងារសន្តិសុខស្បៀង បានមានប្រសាសន៍ទៀតថា​ ស្ថាប័នរបស់លោកក៏​កំពុង​ពិនិត្យមើល​ពី​របៀប​ធ្វើឱ្យត្រីឆាប់លូតលាស់ធំធាត់ និង​អត្រា​រស់រាន​របស់​ត្រី​ទីឡាព្យាពូជថ្មីនេះ ។

លោកបានបន្ថែមថា ការពង្រឹងគុណភាពត្រីទីឡាព្យា នឹងជួយឱ្យកសិដ្ឋានអាចទទួលបានប្រាក់ចំណេញ ដោយធានាបាននូវការផ្គត់ផ្គង់ត្រីសាច់ទៅកាន់ទីផ្សារឱ្យាបានគ្រប់គ្រាន់ និងបានទាន់ពេលវេលា​។

ក្រោមគំនិតផ្តួចផ្តើមខាងលើ ពូជត្រីប្រភេទថ្មីនេះត្រូវចំណាយពេលប្រហែលប្រាំពីរខែ ដើម្បីចិញ្ចឹមឱ្យធំធាត់ល្អ បើប្រៀបធៀបទៅនឹងរយៈពេលសម្រាប់ត្រីធម្មតា​ គឺចំណាយពេល១០ខែ ទើបអាចប្រមូលផលបាន។

លោកបានមានប្រសាសន៍ថា “ការកាត់បន្ថយរយៈពេលមួយខែសម្រាប់ចិញ្ចឹម គឺអាចរកប្រាក់ចំំណេញបានយ៉ាងហោចណាស់១២ភាគរយដែរ។

ចំណែកលោកនាយករបស់មន្ទីរពិសោធផ្នែកកសិអាហារសិង្ហបុរី បានកត់សម្គាល់ថា ក្រៅពីភាពធន់របស់ត្រី កត្តាផ្សេងទៀត ដូចជាគុណភាពទឹក និងតម្លៃចំណីត្រីក៏អាចជួយដល់និរន្តរភាព និងការរីកចម្រើននៃកសិដ្ឋានចិញ្ចឹមត្រីនៅក្នុងប្រទេសផងដែរ។

លោកបានបន្ថែមថា គុណភាពទឹកត្រូវតែត្រួតពិនិត្យ ដើម្បីធានាថា ត្រីមិនឈឺ ហើយមិនបំពុលទឹកឡើយ។

លោក​បាន​បន្ត​ថា តម្លៃ​ចំណី​ត្រី​ក៏​មាន​ពី៥០ ទៅ៧០ភាគរយ​នៃ​តម្លៃ​ប្រតិបត្តិការ​របស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ធម្មតា​ដែរ។

នេះមានន័យថា កិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីកែលម្អអត្រារស់រានមានជីវិតរបស់ត្រីទីឡាព្យា គឺជាការវិវឌ្ឍថ្មីមួយ ក្នុងការជំរុញវិស័យកសិកម្មក្នុងស្រុករបស់សិង្ហបុរី ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកបានបន្តទៀតថា​ ការខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារសន្តិសុខស្បៀងអាហារសិង្ហបុរី នឹងកាន់តែមានលទ្ធភាពអាចផ្គត់ផ្គង់ត្រីដល់ភោជនីយដ្ឋាន សណ្ឋាគារ និងកម្មវិធីជប់លៀងផ្សេង បន្ទាប់ពីត្រីបានធំធាត់មានទម្ងន់រហូតដល់មួយគីឡូក្រាម ក្នុងមួយក្បាល។

លោកបានមានប្រសាសន៍ថា នៅពេលនេះ មានកសិដ្ឋានកចិញ្ចឹមត្រីទីឡាព្យា ចំនួនប្រាំកន្លែងកំពុងតែផលិតកូនត្រីទីឡាព្យាប្រហែល៦០០គីឡូក្រាមក្នុងមួយសប្តាហ៍ ព្រមទាំងបានរៀបចំផែនការពង្រីកការចិញ្ចឹមឱ្យកាន់តែធំជាងមុនប្រាំដង ស្រប់តាមតម្រូវការទីផ្សារត្រីនៅប្រទេស។

នៅតាមបណ្តាភោជនីយដ្ឋានមួយចំនួនក្នុងប្រទេសសិង្ហបុរី អាចភ្លក្សរសជាតិត្រីទីឡាព្យាថ្មីនេះ ដែលត្រីសាច់ពូជបង្កាត់ថ្មីនេះនឹងចាប់ផ្តើមលក់លើទីផ្សារ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ៕


image_2026-10-01_11-46-18
វៀតណាម ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកព្រំដែនជាមួយកម្ពុជា​ ក្នុងខេត្តស្វាយរៀង

ហាណូយ៖ វៀតណាមកំពុងជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅច្រកទ្វារព្រំដែនមុកបៃ (Mộc Bài) ក្នុងខេត្តតៃនិញ (Tây Ninh) និងច្រកបាវិត ក្នុងខេត្តស្វាយរៀងរបស់កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្មឆ្លងដែន និងបង្កើតលំហថ្មីសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យពន្លឿនការរៀបចំយន្តការ និងគោលនយោបាយ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសច្រកទ្វារព្រំដែនមុកបៃ ព្រោះច្រកទ្វារអន្តរជាតិមួយនេះមានសក្តានុពលខ្ពស់សម្រាប់ពង្រីកពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានគោលនយោបាយសមស្រប រួមទាំងវិធានការពិសេសលើពន្ធគយ និងការដឹកជញ្ជូន ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងប្រតិបត្តិការអាជីវកម្ម។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន លំនៅឋាន និងសេវាកម្ម ដើម្បីទាក់ទាញការវិនិយោគ និងគាំទ្រការអភិវឌ្ឍនៅតំបន់ជុំវិញច្រកទ្វារព្រំដែន។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានមានប្រសាសន៍ថា ក្រសួងកំពុងកិច្ចខិតខំប្រឹងប្រែងរកដោះស្រាយឧបសគ្គតាមយន្តការមានស្រាប់ ប្រសើរជាងបង្កើតយន្តការគោលនយោបាយថ្មីៗច្រើនជាន់លើគ្នា។ វិធានការពិសេសគួរត្រូវបានពិចារណាតែចំពោះករណីច្បាប់ ដែលមានស្រាប់មិនអាចផ្តល់ប្រសិទ្ធភាពគ្រប់គ្រាន់ ហើយសំណើលើកជាគោលនយោបាយត្រូវបញ្ជាក់ឱ្យច្បាស់អំពីបញ្ហា វិសាលភាព ធនធាន និងផលប៉ះពាល់។ សម្រាប់តំបន់មុកបៃ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរកឃើញឧបសគ្គសំខាន់ចំនួន៣ រួមមាន បញ្ហាខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅមិនទាន់ពេញលេញ ព្រមទាំងខ្វះគម្រោងវិនិយោគធំៗ ដើម្បីជួយជំរុញខ្សែសង្វាក់តម្លៃផលិតកម្មក្នងតំបន់។ ចំណែកផ្នែកគយ ភស្តុភារ និងការតភ្ជាប់ជាមួយច្រកទ្វារព្រំដែនបាវិតរបស់កម្ពុជា ក៏មិនទាន់ល្អពេញលេញនៅឡើយដែរ។ […]

image_2026-10-01_12-10-39
វៀតណាមចេញច្បាប់ថ្មី ឱ្យអ្នកនាំចេញ ឬនាំចូលស្រូវអង្ករ ត្រូវមានឃ្លាំង និងរោងម៉ាស៊ីនកិនស្រូវផ្ទាល់ខ្លួន

ហាណូយ៖ វៀតណាមបានដាក់ចេញបទប្បញ្ញត្តិថ្មី​​ រឹតបន្តឹងការនាំចេញ និងនាំចូលស្រូវអង្ករ ដោយកំណត់លក្ខខណ្ឌកាន់តែច្បាស់សម្រាប់ពាណិជ្ជករ ដែលមានបំណងធ្វើអាជីវកម្មនាំចេញ​ ឬនាំចូលស្រូវអង្ករ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ស្តីពីការធ្វើអាជីវកម្មនាំចេញ និងនាំចូលស្រូវអង្ករ ដែលចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ។ តាមអនុក្រឹត្យនេះ បានដាក់កម្រិតដល់ពាណិជ្ជករវៀតណាមមកពីគ្រប់វិស័យសេដ្ឋកិច្ច ដែលធ្លាប់បានបំពេញតាមលក្ខខណ្ឌកំណត់ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ មានសិទ្ធិពេញលេញក្នុងការធ្វើអាជីវកម្មដោយស្របច្បាប់។ ចំពោះសហគ្រាសណាមួយ ដែលមានទុនវិនិយោគរបស់បរទេស ក៏អាចធ្វើអាជីវកម្មនាំចេញអង្ករបានផងដែរ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ឋាន និងច្បាប់របស់ប្រទេសវៀតណាម។ អនុក្រឹតដដែលនេះក៏បានបញ្ជាក់ថា អ្នកនាំចេញអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករមានបន្ថែមសារធាតុចិញ្ចឹម ត្រូវជាប់កាតព្វកិច្ចស្នើសុំវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្មនាំចេញអង្ករ ដោយត្រូវរក្សាស្តុកអង្ករឱ្យបានគ្រប់គ្រាន់ និងរាយការណ៍ពីបរិមាណអង្ករក្នុងស្តុកជូនអាជ្ញាធរវៀតណាម។ យោងតាមអនុក្រឹតនេះ អ្នកនាំចេញ​ ឬនាំចូលស្រូវអង្ករប្រភេទផ្សេងទៀត ត្រូវមានឃ្លាំងឯកទេសយ៉ាងតិចមួយ សម្រាប់រក្សាទុកស្រូវ និងអង្ករ ព្រមទាំងមានរោងម៉ាស៊ីនកិនស្រូវយ៉ាងតិចមួយ ដែលបំពេញតាមតម្រូវការសុវត្ថិភាពចំណីអាហារ និងស្តង់ដារអង្ករអន្តរជាតិ។ ចំណែកឃ្លាំងស្តុក និងរោងម៉ាស៊ីនកិនស្រូវ អាចជាកម្មសិទ្ធិរបស់ពាណិជ្ជករផ្ទាល់ ឬអាចជាឃ្លាំងជួលតាមកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងមានសុពលភាពដូចវិញ្ញាបនបត្របញ្ជាក់សិទ្ធិធ្វើអាជីវកម្ម។ អនុក្រឹតថ្មីនេះក៏បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់អ្នកនាំចូលស្រូវអង្ករផងដែរ ដែលក្នុងរយៈពេល៤៥ថ្ងៃ ចាប់ពីថ្ងៃអនុក្រឹត្យចូលជាធរមាន ត្រូវចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីផែនការនាំចូលស្រូវអង្ករពីបរទេស៕ (ផាន់ អាណា)

image_2026-10-01_12-19-55
ទឹកត្រចៀកកាំថៃ បន្លែវៀតណាម ប្រើថ្នាំគីមី​ច្រើនពេក ត្រូវតៃវ៉ាន់ដេញឱ្យដឹកមកវិញ

តៃប៉ិ៖ កោះតៃវ៉ាន់បានបញ្ជា​ឱ្យដឹកត្រឡប់ទៅវិញ នូវផលិតផលចំណីអាហារនាំចូលពីប្រទេសថៃ និងប្រទេសវៀតណាម បន្ទាប់ពីត្រួតពិនិត្យរកឃើញថា ផលិតផលរបស់ប្រទេសទាំងពីរនេះ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត លោហៈធ្ងន់ ឬមានសារធាតុផ្អែមលើសកម្រិត។​ នេះបើយោងតាមរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថរបស់កោះតៃវ៉ាន់។ ក្នុងចំណោមផលិតផល ដែលត្រូវអាជ្ញាធរតៃវ៉ាន់ ដេញឱ្យដឹកត្រឡប់ទៅវិញនេះ រួមមាន ទឹកត្រចៀកកាំរបស់ថៃ និងបន្លែបន្លុករបស់វៀតណាម។ សមត្ថកិច្ចតៃវ៉ាន់ បានបញ្ជាក់ថា ទឹកត្រចៀកកាំ និងបន្លៃភ្លៅកង្កែប ត្រូវបង្ខំឱ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ឬត្រូវតែកម្ទេចចោល។ ចំពោះផលិតផលនាំចូលលើកក្រោយទៀតរបស់អ្នកនាំចូល ដែលធ្លាប់មានឈ្មោះអាក្រក់ដូចខាងលើនេះ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងនៅតាមច្រកព្រំដែន។ យោងតាមទិន្នន័យរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ កោះតៃវ៉ាន់ បានបង្ហាញថា ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ២០២៦នេះ ការនាំចូកទឹកត្រចៀកកាំពីប្រទេសថៃមានចំនួន​មួយជើង ហើយត្រូវបានសមត្ថកិច្ចតៃវ៉ាន់រកឃើញថា មានសារធាតុមេស្ករសាការីន (Saccharin) ចំនួន០,០៦ក្រាម ក្នុងទឹកត្រចៀកកាំមួយគីឡូក្រាម ដែលជាបិរមាណហាមឃាត់មិនឱ្យប្រើនៅកោះតៃវ៉ានឡើយ។ ដោយឡែក សមាគម​អ្នកប្រើប្រាស់កោះតៃវ៉ាន់ បានរាយការណ៍ថា ក្នុងចំណោមការធ្វើតេស្តលើ​សំណាកស្លឹកជីនាងវង១០សំណាក ត្រូវបានមន្ទីរពិសោធន៍តៃវ៉ាន់រកឃើញថា មាន៨សំណាកផ្ទុកសំណល់សារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកម្រិត។ ចំណែកគ្រឿងទេសនាំចូលពីវៀតណាម ក្នុងចំណោមសំណាកស្លឹកខ្ទឹម១០សំណាក មានពីរសំណាក ត្រូវបានរកឃើញមានផ្ទុកសំណល់ថ្នាំគីមីសម្លាប់សត្វល្អិតលើសកម្រិត៕ (ផាន់ អាណា)

image_2026-10-01_13-26-35
គ្រោះទឹកជំនន់នៅថៃ ធ្វើឱ្យអ្នកបាងកកសម្រុកទិញទំនិញ បន្លែបង្ការស្ទើរគ្មានសល់ ព្រោះភ័យពេក

បាងកក៖ គ្រោះទឹកជំនន់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្តាហ៍មុន បានធ្វើឱ្យប្រជាជនថៃជ្រួលច្របល់ ផ្អើលនាំគ្នាសម្រុកទិញទំនិញម្ហូបអាហារ បន្លែបង្ការ មកស្តុកទុករៀងៗខ្លួន ដោយសារភ័យពេក និងខ្លាចគ្មានអ្វីបរិភោគ។ នៅតាមបណ្តាហាង 7-Eleven ដែលជាបណ្តាញហាងលក់រាយដ៏ធំបំផុតរបស់ប្រទេសថៃ ស្ទើរលែងមានទំនិញប្រភេទម្ហូបអាហារ​ ឬបន្លែបង្ការ ដោយសារប្រជាជនថៃ បាននាំគ្នាសម្រុកទិញគ្រឿងឧបភោគ និងបរិភោគយកមកស្តុកទុកតែរៀងៗខ្លួន រួមទាំងអាហារស្រស់ និងអាហារក្រៀម និងភេសជ្ជៈផ្សេងៗ។ បុគ្គលិកធ្វើការនៅហាងទំនិញ កាលពីចុងសប្តាហ៍មុន បានប្រមែប្រមូលទំនិញលក់អស់គ្មានសល់ ព្រោះប្រជាជនថៃភ័យស្លន់ស្លោរ ខ្លាចគេទិញអស់មុន។ បុគ្គលិកបាននិយាយថា «មូលហេតុ គឺប្រហែលជាដោយសារមនុស្សភ័យនឹងទឹកជំនន់ ហើយខ្លាចអត់មានអ្វីហូប»។ ប្រជាជនថៃជាច្រើនបានសម្រុកចូលផ្សារ ដើម្បីទិញអង្ករ បន្លែបង្ការ និងអាហារកំប៉ុងមកស្តុកទុកតែរៀងៗខ្លួន ធ្វើឱ្យកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់។ ប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា បុគ្គលិកតាមហាងប្រឹងកុម្ម៉ង់ទំនិញចូល ប៉ុន្តែរកមិនគ្រប់ឡើយ ដោយសារអ្នកទិញភ័យថា​ កម្ពស់ទឹកជំនន់នៅតាមដងផ្លូវ អាចធ្វើឱ្យពួកគេចេញទៅណាលែងរួច។ នៅទីក្រុងបាងកកទទួលកម្រិតទឹកភ្លៀងលើសពី៣០០ មីលីម៉ែត្រ ដែលបានធ្វើឱ្យប្រឡាយ និងលូហៀរទឹកស្អុយមកលើថ្នល់ និងបណ្តាលឱ្យជន់លិចផ្ទះ និងហាងទំនិញ។ អាជ្ញាធរទីក្រុងបានប្រកាសថា ខណ្ឌទាំង៥០របស់ក្រុងបាងកក សុទ្ធតែជួបគ្រោះមហន្តរាយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្កឱ្យមានទឹកជំនន់ ការកកស្ទះចរាចរណ៍ និងការរំខានដល់ជីវភាពប្រចាំថ្ងៃ […]

កាលវិភាគផ្សព្វផ្សាយ