ភ្នំពេញ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ប្រាប់ ARDB TV នៅថ្ងៃទី១ ខែមេសានេះថា បច្ចុប្បន្ននេះ តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ចុះរហូតទៅ៥២០០រៀល ទៅ៥១០០រៀល ក្នុងមួយគីឡូក្រាម ខណៈដែលកាលខែមីនា ឆ្នាំ២០២៥ កសិករអាចលក់បានតម្លៃ ៥៣០០រៀលជាមធ្យម ប៉ុន្តែក្នុងខែមេសានេះដោយសារតែភ្លៀងធ្លាក់ច្រើន តម្លៃអាចធ្លាក់ចុះទៀត ហើយខាងសមាគមកំពុងតែចរចារជាមួយក្រុមឈ្មួញឲ្យផ្អាកការនាំចេញទៅខាងប្រទេសវៀតណាម និងបញ្ចុះបញ្ចូលឲ្យកសិករបន្តហាលទុក។
ប្រធានសមាគមខាងលើបានលើកឡើងថា ខាងសមាគមស្វាយចន្ទីកម្ពុជាកំពងតែស្នើឲ្យក្រុមហ៊ុន និងសហគ្រាសកែច្នៃមួយចំនួន ដែលសង្ងំមិនព្រមទិញ ត្រូវតែបញ្ចេញទុនសម្រាប់ទិញ ពោលគឺទី១ បើសិនកសិករមានលទ្ធភាពត្រូវហាលទុកសិន ដោយឡែកខាងឈ្មួញវិញស្នើសុំថា ឲ្យបន្តហាលថែមទៀតនាំចេញទៅនាំឲ្យកកនៅតាមព្រំដែន។
សម្រាប់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង៣ម៉ឺនតោន។
មន្រ្តីខាងលើបន្ថែមថា កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ។ ការប្រជែងគ្នាទិញគ្រាប់ស្វាយចន្ទីកម្ពុជាពីឈ្មួញអន្តរជាតិមិនបណ្តាលឱ្យទិន្នផលនៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះឡើយ៕