ពូត្រាចាយ៉ា៖ ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២ ខែវិច្ឆិកាថា បញ្ហានេះត្រូវបានលើកយកមកពិភាក្សា ក្នុងជំនួបសម្ដែងការគួរសមរបស់អគ្គនាយករងគយ ខេត្តណានជីង របស់ចិន ជាមួយលោក ចាន់ ហ្វុងហីន (Chan Foong Hin) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី កាលពីចុងសប្ដាហ៍មុន។
ក្រសួងបានបញ្ជាក់ថា ជំនួបនេះបានផ្ដល់ឱកាសឱ្យភាគីទាំងពីរបង្កើតកិច្ចសហប្រតិបត្តិការ ដែលមានសក្ដានុពលក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង ជាពិសេសការពន្លឿនការអនុម័តការនាំចូល និងនាំចេញ ព្រមទាំងការពង្រីកលទ្ធភាពនាំចូលទៅកាន់ទីផ្សារផលិតផលស្បៀងរវាងម៉ាឡេស៊ី និងចិន។
បញ្ហាសំខាន់មួយក្នុងចំណោមបញ្ហា ដែលបានពិភាក្សា គឺសំណើអនុវត្តគម្រោងសាកល្បងបង្កើតច្រកត្រួតពិនិត្យ នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តណានជីង ដើម្បីពន្លឿនការផ្ទៀងផ្ទាត់ឯកសារ និងនីតិវិធីត្រួតពិនិត្យផលិតផលកសិកម្មនាំចេញពីម៉ាឡេស៊ី រួមមានធុរេន សំបុកត្រចៀកកាំ គ្រឿងសមុទ្រ និងផ្លែឈើស្រស់ៗ។
ក្រសួងកសិកម្ម និងសន្តិសុខស្បៀង ក៏បានឱ្យដឹងដែរថា ជំនួបនេះបានពិភាក្សាអំពីសំណើរៀបចំពិធីសារត្រួតពិនិត្យសម្រាប់ការនាំចេញធុរេនស្រស់តាមផ្លូវគោក ដោយឆ្លងកាត់ប្រទេសទីបី ក្នុងគោលបំណងផ្ដល់ជម្រើសដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងចំណាយទាបជាងមុន។
យោងតាមសេចក្ដីថ្លែងការណ៍ ពាណិជ្ជកម្មកសិកម្មទ្វេភាគីរវាងម៉ាឡេស៊ី និងចិន មានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ ក្នុងនោះការនាំចេញរបស់ម៉ាឡេស៊ីមានតម្លៃជាង៥ពាន់លានដុល្លារ ខណៈការនាំចូលពីចិន មានតម្លៃ៥,៥ពាន់លានដុល្លារ។
ចំណែកឯទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ មានចំនួន១៣២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា៕ (ផាន់ អាណា)







