វ៉ាស៊ីនតោន៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកនឹងធ្លាក់ចុះ២៤ភាគរយ មកនៅត្រឹមប្រមាណ៨លានតោន ដោយសារផ្ទៃដីប្រមូលផលធ្លាក់ចុះ និងធ្វើឱ្យតម្លៃអង្ករកើនឡើងនៅក្នុងឆ្នាំ២០២៦នេះ។
តម្លៃមធ្យមប្រចាំរដូវកាលសម្រាប់អង្ករគ្រប់ប្រភេទត្រូវបានព្យាករថា នឹងមានតម្លៃ៣០៤ដុល្លារក្នុងមួយតោន ខណៈតម្លៃអង្ករគ្រាប់វែងត្រូវបានរំពឹងថា នឹងបន្តកើនឡើង នៅពេលទិន្នផលស្រូវតិច នៅឆ្នាំនេះចាប់ផ្តើមចូលទីផ្សារ។
បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត (Super El Niño) និងជម្លោះនៅមជ្ឈិមបូព៌ា កំពុងជំរុញតម្លៃអង្ករពិភពលោកឱ្យកើនឡើង ដោយបង្កការគំរាមកំហែងដល់ទិន្នផលនៅប្រទេសនាំចេញសំខាន់ៗ ដូចជា ឥណ្ឌា វៀតណាម និងប្រេស៊ីល។
តម្លៃនាំចេញអង្ករគ្រាប់វែងរបស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងឡើងថ្លៃដល់៦៧៥ដុល្លារក្នុងមួយតោន ក្នុងឆ្នាំ២០២៦។ តម្លៃអង្ករតាមទីផ្សារអាម៉េរិកមានស្ថេរភាពល្អ ដោយសារការនាំចូលអង្ករកើនឡើង ដែលមានចំណែកជាង៣៦ នៃទីផ្សារអង្ករគ្រាប់វែងក្នុងស្រុក។ សហរដ្ឋអាម៉េរិកអាចក្លាយជាប្រទេសនាំចូលអង្ករគ្រាប់វែងច្រើនជាងនាំចេញនៅត្រឹមឆ្នាំ២០៣៥។
របាយការណ៍ស្តីពីការប៉ាន់ប្រមាណការផ្គត់ផ្គង់ និងតម្រូវការកសិកម្មពិភពលោកប្រចាំខែតុលា ឆ្នាំ២០២៦ របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបញ្ជាក់បន្ថែមថា ផលិតកម្មស្រូវរបស់សហរដ្ឋអាម៉េរិកក្នុងឆ្នាំនេះ នឹងស្ថិតក្នុងចំណោមកម្រិតទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
កត្តាជាច្រើនកំពុងជួយគាំទ្រដល់ការកើនឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក។ ក្នុងចំណោមកត្តាទាំងនោះ បាតុភូតអែលនីញ៉ូកម្រិតខ្លាំងបំផុត ដែលកំពុងបន្តកើតមាន និងជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសស្ថានភាពនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ត្រូវបានចាត់ទុកថាជាកត្តាពាក់ព័ន្ធសំខាន់បំផុត។
គិតត្រឹមខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្មអាម៉េរិកព្យាករថា ផលិតកម្មស្រូវពិភពលោកក្នុងឆ្នាំ២០២៦ នឹងទាបជាងឆ្នាំ២០២៥ ចំនួន៤,៦ភាគរយ ប៉ុន្តែនៅតែខ្ពស់ជាងមធ្យមភាគក្នុងអំឡុងឆ្នាំ២០២១-២០២៥។
ស្ថានភាពនៅច្រកសមុទ្រហ័រមូសមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល តាមរយៈតម្លៃប្រេងឆៅទេ ក៏វាប៉ះពាល់ដល់ពាណិជ្ជកម្មអង្ករជាមួយប្រទេសអ៊ីរ៉ាក់ គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម និងកាតាផងដែរ។
ការនាំចេញអង្ករគ្រាប់វែងរបស់សហរដ្ឋអាម៉េរិក ត្រូវបានព្យាករថា នឹងមានតម្លៃ៦៧៥ដុល្លារក្នុងមួយតោន បើធៀបនឹង៥៦៩ដុល្លារក្នុងមួយតោន ក្នុងឆ្នាំ២០២៥។ ចំណែកឯតម្លៃអង្ករនៅតាមវាលស្រែត្រូវបានរំពឹងថា នឹងឡើងដល់២៨១ដុល្លារ ក្នុងមួយតោន ក្នុងឆ្នាំ២០២៦៕ (ផាន់ អាណា)







