ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ ប្រទេសហ្វីលីពីន អាចក្លាយទៅជាទីផ្សារធំជាងប្រទេសចិនទៅទៀត សម្រាប់អង្ករកម្ពុជា នាពេលអនាគត ដោយសារតែប្រទេសអាស៊ានមួយនេះពឹងលើការនាំចូលច្រើន ដោយក្នុងមួយឆ្នាំនាំចូលអង្ករពី៤ ទៅ៦លានតោនឯណោះ។
ការណ៍ដែលប្រទេសហ្វីលីពីនត្រូវការអង្ករនាំចូលច្រើន បានធ្វើឱ្យការនាំចេញអង្ករកម្ពុជាក៏មានសន្ទុះកើនឡើងខ្ពស់ទៅតាមនោះផងដែរ នៅឆ្នាំ២០២៦ ។ អ្នករកស៊ីក្នុងវិស័យស្រូវអង្ករថា ហ្វីលីពីន អាចក្លាយជាទីផ្សារធំជាងចិនសម្រាប់អង្ករកម្ពុជា។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ មានប្រសាសន៍ថា បើសិនប្រទេសហ្វីលីពីននៅតែបន្តគាំទ្រអង្ករពីប្រទេសកម្ពុជា នោះទីផ្សារហ្វីលីពីននឹងក្លាយជាទីផ្សារធំមួយ ហើយទៅថ្ងៃក្រោយ អាចធំជាងទីផ្សារចិនថែមទៀតផង។
ឧកញ៉ាបានបន្ថែមថា នៅឆ្នាំ២០២៦នេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនអាចឈានដល់ ២០ម៉ឺនតោន ដែលប្រហាក់ប្រហែកនឹងទីផ្សារចិន ឬអាចនឹងវ៉ាដាច់ចិន ខណៈចិនភាគច្រើននាំចូលអង្ករក្រអូបពីកម្ពុជា។
បច្ចុប្បន្ននេះមានក្រុមហ៊ុនខ្មែរចំនួនបីហើយ ដែលបាននាំចេញអង្ករដោយផ្ទាល់ទៅកាន់ប្រទេសហ្វីលីន រួមមាន ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ ក្រុមហ៊ុន ខ្មែរ ហ្វូដ និងក្រុមហ៊ុន សីកណេឈើ រ៉ាយស៍។
យោងតាមទិន្នន័យបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីន ក្នុងឆ្នាំ២០២៦នេះ បានហក់ឡើងរហូតដល់ជាង១៩ម៉ឺនតោន ដែលស្មើនឹងជិត១៩ភាគករយនៃការនាំចេញអង្ករសរុបរបស់កម្ពុជា ឬត្រូវជា៤២ភាគរយនៃការនាំចេញអង្ករទៅកាន់តំបន់អាស៊ានទាំងមូល ដែលធ្វើឲ្យហ្វីលីពីន បានក្លាយជាទីផ្សារធំបំផុតនៅអាស៊ានសម្រាប់អង្ករកម្ពុជា។
អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជាបានពន្យល់ថា ហ្វីលីពីនកំពុងពង្រីកប្រភពនាំចូលអង្ករ ដោយកាត់បន្ថយការពឹងផ្អែកតែលើប្រទេសវៀតណាម ដែលជាអ្នកទិញស្រូវពីកម្ពុជា យកទៅកិនសម្រេចរួចនាំចេញបន្ត៕







