ប៉េកាំង៖ បន្លែដាក់តាំងលក់ក្នុងទីផ្សារ នៅក្នុងប្រទេសចិន ក្រោមឈ្មោះថា បន្លែប្រភេទផ្លែ» កំពុងទទួលបានការពេញនិយមកាន់តែខ្លាំងនៅក្នុងចំណោមប្រជាជនចិន ជាពិសេសចំពោះផលិតផល ដូចជា ផ្លែត្រសក់ ពោតផ្អែម និងការ៉ុត ដែលអ្នកលក់រៀបចំទីផ្សារ ជាអាហារសម្រន់ អាចហូបបានភ្លាមៗ ហើយអាចលក់បានក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា។
ពាក្យបន្លែប្រភេទផ្លែ គឺសំដៅលើបន្លែ ដែលត្រូវបានជ្រើសរើស ឬរៀបចំទីផ្សារដោយផ្អែកលើលក្ខណៈពិសេស ដូចជា រសជាតិផ្អែម សំបកស្តើង សាច់ស្រួយ និងងាយស្រួលបរិភោគ។ អ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានឱ្យដឹងថា បន្លែប្រភេទផ្លែ គឺជាពាក្យប្រើប្រាស់ក្នុងទីផ្សារ មិនមែនជាប្រភេទរុក្ខជាតិដាច់ដោយឡែកនោះទេ។
ផលិតផលមួយចំនួនក្នុងប្រភេទនេះ គឺជាពូជដំណាំដាំដុះជាក់លាក់ ដែលត្រូវការគ្រាប់ពូជមានតម្លៃថ្លៃជាងមុន និងការគ្រប់គ្រងផលិតកម្មតឹងរ៉ឹងជាងមុន ហើយមួយចំនួនក៏អាចផ្តល់ទិន្នផលទាបជាងពូជធម្មតាផងដែរ។ ចំណែកផលិតផលមួយចំនួនទៀត ការដាក់តម្លៃខ្ពស់ជាងមុន គឺផ្អែកជាចម្បងលើការជ្រើសរើសទំហំ សិល្បៈវេចខ្ចប់ និងការកំណត់ទីតាំងផលិតផលក្នុងទីផ្សារ។
ភាពខុសគ្នានេះអាចមើលឃើញតាមរយៈមើមការ៉ុត។ ការ៉ុតខ្នាតតូចមួយចំនួនត្រូវបានបង្កាត់ពូជឱ្យមានទំហំតូចតាំងពីដើម ខណៈមើមការ៉ុតខ្លះទៀត គឺជាការ៉ុតពូជធម្មតា ប៉ុន្តែត្រូវគេចិត កែច្នៃឱ្យមានរាងប្លែកៗ និងវេចខ្ចប់យ៉ាងស្អាត។
អ្នកស្រាវជ្រាវផ្នែកកសិកម្ម បានកត់សម្គាល់ថា ទំហំតូច មិនមែនមានន័យថា មានគុណភាពសម្រាប់បរិភោគឆ្ងាញ់ជាងមុនរហូតនោះទេ។ រសជាតិអាចជះឥទ្ធិពលខ្លាំងជាង ដោយសារ ពូជ កម្រិតទុំ និងភាពស្រស់របស់វា។ ដូចគ្នានេះដែរ បន្លែប្រភេទផ្លែ មិនចាំបាច់មានជីវជាតិខុសពីបន្លែធម្មតានោះទេ ប៉ុន្តែការជ្រើសរើសពូជឱ្យមានសាច់ទន់ ឬកាត់បន្ថយរសជាតិល្វីង ក៏អាចធ្វើឱ្យបរិមាណជាតិសរសៃ ឬសមាសធាតុធម្មជាតិមួយចំនួន ក្នុងរុក្ខជាតិថយចុះផងដែរ។
ការរីកចម្រើននៃប្រភេទផលិតផលបែបនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទីផ្សារ ពីការទិញបន្លែសម្រាប់តែធ្វើជាគ្រឿងផ្សំម្ហូបអាហារ ទៅរកផលិតផល ដែលអាចបរិភោគបានភ្លាមៗ។ បន្លែមានរសជាតិផ្អែម និងសាច់ស្រួយ ហើយត្រូវបានរៀបចំក្នុងទម្រង់ងាយយកតាមខ្លួន កំពុងដាក់តាំងតាមទីផ្សារសម្រាប់កុមារ អ្នកទីក្រុង និងអ្នកប្រើប្រាស់ ដែលចង់បានអាហារសម្រន់។
ចំណែកបន្លែជាច្រើន មានជាតិស្ករប្រហែល២ ទៅ៣ភាគរយ ខណៈផ្លែឈើជាច្រើនមានជាតិស្ករប្រមាណពី១៥% ទៅ២០ភាគរយ ឬច្រើនជាងនេះ។ ចំពោះពោតផ្អែម អាចមានជាតិស្ករប្រហែល៤,៥ភាគរយ បើប្រៀបធៀបនឹងពោតដំណើបមួយចំនួន ដែលមានជាតិស្ករតិចជាង១ភាគរយ។
ការអភិវឌ្ឍទីផ្សារនេះ ក៏អាចជះឥទ្ធិពលដល់ការផលិតដំណាំក្នុងផ្ទះកញ្ចក់ ដូចជាផ្លែត្រសក់ ម្ទេសផ្អែម ប៉េងប៉ោះឈើរី បន្លែប្រភេទស្ពៃខ្នាតតូចៗ និងពូជការ៉ុត ដែលមានរសជាតិផ្អែមជាងមុន។ ការជ្រើសរើសពូជ រសជាតិ ភាពស្រួយ គុណភាព ការវេចខ្ចប់ និងងាយស្រួលបរិភោគ នឹងក្លាយជាកត្តាសំខាន់ក្នុងការកំណត់ផលិតផលទាំងនេះនៅក្នុងទីផ្សារប្រទេសចិន៕ (ផាន់ អាណា)










