ឯកឧត្តមបណ្ឌិត កៅ ថាច ​​ពិនិត្យមើលខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ៦កន្លែង ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ចាម

photo_2026-09-05_18-23-50 (3)

ដោយ នៅ ស៊ីវុត្ថា

ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធភាព និងនិរន្តភាព។

រោងម៉ាស៊ីនកិនស្រូវទាំង៣ មាន ទី១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,​ទី២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និងទី៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។

បន្ទាប់មកនៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ៣ ទីតាំងផ្សេងទៀត ស្ថិតនៅក្នុងខេត្តកំពង់ចាម​ មានទី១. រោងម៉ាស៊ីនកិនស្រូវ យូ ឃីម (You Khim Rice Mill) ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៦។ ទី២. រោងម៉ាស៊ីនកិនស្រូវ សេកមាស ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងទី៣. រោងម៉ាស៊ីនកិនស្រូវ ភូមិយើង ស្ថិតនៅភូមិស្វាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ការចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវទាំងនេះ គឺជាផ្នែកមួយនៃការជំរុញ និងពង្រឹងខ្សែសង្វាក់តម្លៃវិស័យស្រូវអង្ករ ព្រមទាំងលើកកម្ពស់សមត្ថភាពកែច្នៃ និងប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ដើម្បីចូលរួមបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម និងជួយបង្កើនទីផ្សារសម្រាប់ស្រូវរបស់ប្រជាកសិករកម្ពុជា។

ជាងនេះទៅទៀត ការចុះពិនិត្យនេះក៏បានផ្តល់ជាមូលដ្ឋានសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការ និងស្ថានភាពប្រតិបត្តិការរបស់សហគ្រាសក្នុងខ្សែសង្វាក់កសិកម្ម ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយកសិករ និងទីផ្សារកសិផលរបស់កម្ពុជានៅលើទីផ្សារពិភពលោក។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឱ្យម្ចាស់រោងម៉ាស៊ីនបន្តយកចិត្តទុកដាក់លើការវិនិយោគលើបច្ចេកវិទ្យា និងការពង្រីកសមត្ថភាពផលិតកម្ម ដើម្បីឱ្យការកែច្នៃស្រូវអាចសម្រេចបានគុណភាពខ្ពស់ កាត់បន្ថយការខាតបង់ និងបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្រូវអង្ករកម្ពុជា៕


photo_2026-08-28_13-30-35
ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) ត្រៀមបញ្ចេញទុន​បង្វិល ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា

ដោយ ហៃ ស៊ីណា ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) បានមានប្រសាសន៍​ឱ្យដឹងថា ធនាគារបានត្រៀមទុន​បម្រុងជាង២០០លានដុល្លារ ផ្តោត​ជាពិសេស​សម្រាប់​គាំទ្រ​វិស័យ​ស្រូវ​អង្ករ ដើម្បី​ជួយ​បំពេញ​តម្រូវការ​ហិរញ្ញប្បទាន​របស់​អ្នក​ពាក់ព័ន្ធ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ។ ឯកឧត្តម​បណ្ឌិតប្រតិភូបាន​​លើកឡើងថា ទោះបីធនាគារ ARDB បាន​ត្រៀម​ទុន​ជាង២០០លានដុល្លារក៏ដោយ ក៏​តម្រូវការ​ទុន​សរុប​​សម្រាប់​វិស័យស្រូវ​អង្កររបស់កម្ពុជាត្រូវបានប៉ាន់ស្មានថា មានរហូតដល់ប្រមាណ៦០០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ។ ដូច្នេះ ការចូលរួមពីធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុឯកជន ព្រម​ទាំង​ប្រភព​ទុន​របស់​វិនិយោគិន​ក្នុងស្រុក គឺ​មានសារៈ​សំខាន់ក្នុង​ការបំពេញ​តម្រូវការ​ហិរញ្ញប្បទាន​ ដែលនៅសល់។ ការបង្កើនប្រភពទុន និងការចូលរួមពីគ្រប់ភាគី គឺជាកត្តាសំខាន់​ក្នុងការ​ពង្រឹង​ខ្សែសង្វាក់​តម្លៃស្រូវអង្ករ ចាប់​ពីកសិករ រោងម៉ាស៊ីនកិនស្រូវ រហូតដល់អ្នកនាំចេញ ដើម្បី​បង្កើន​តម្លៃ​បន្ថែម និង​ជំរុញ​សក្តានុពល​អង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តម​បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា «បច្ចុប្បន្នមានធនាគារ និងស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ជា​ច្រើន​បាន​ចូល​រួម​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​កសិកម្ម ដែល​ជាកត្តាសំខាន់​ក្នុងការ​ជំរុញការផលិត និងបង្កើន​សមត្ថភាព​ប្រកួត​ប្រជែងរបស់​ផលិតផលកសិកម្មកម្ពុជា»។ ឯកឧត្តម​បណ្ឌិតប្រតិភូ បានបន្ថែមថា ធនាគារអភិវឌ្ឍន៍​ជនបទ និង​កសិកម្ម បានត្រៀមបញ្ចេញទុន​បង្វិលនេះ ​ដើម្បីគាំទ្រដល់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងគោលដៅរួមចំណែក​សម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុង​ការ​លើក​កម្ពស់អង្ករជា​ផលិតផលសក្តានុពល និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុង​នោះ​គោលដៅ​សំខាន់មួយ គឺការជំរុញការនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ។ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ […]

image_2026-09-07_15-45-27
ឥណ្ឌូណេស៊ីគ្រោងពង្រីកកសិដ្ឋានចិញ្ចឹមត្រីឱ្យបាន៤ ០០០កន្លែង បំពេញតម្រូវការ​​ក្នុងស្រុក

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ី គ្រោងពង្រីកកម្មវិធីចិញ្ចឹមត្រីទឹកសាបឱ្យបានដល់៤ ០០០ទីតាំង នៅក្នុងឆ្នាំ២០២៦នេះ ដើម្បីបំពេញតម្រូវការត្រីក្នុងស្រុកផង និងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃផង។ លោក ម៉ូហាម៉ាដ គូដារី (Muhammad Qodari) ប្រធានទីភ្នាក់ងារទំនាក់ទំនងជាមួយរដ្ឋាភិបាល បានឱ្យដឹងថា បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តការចិញ្ចឹមត្រីចំនួន១០០កសិដ្ឋានរួចហើយ។ លោកបាននិយាយថា កម្មវិធីនេះមានគោលបំណងបង្កើនការផ្គត់ផ្គង់ត្រីក្នុងស្រុក ព្រមទាំងគាំទ្រកម្មវិធីអាហារូបត្ថម្ភដោយឥតគិតថ្លៃ នៅទូទាំងប្រទេសឥណ្ឌូណេស៊ីទាំងមូល។ ត្រីប្រា និងត្រីទីឡាព្យា គឺជា​ត្រីអាទិភាព ពីព្រោះត្រីទាំងពីរប្រភេទនេះងាយស្រួលចិញ្ចឹម និងឆាប់ឱ្យផល។ កាលពីឆ្នាំ២០២៥ កម្មវិធីនេះ បានស្ថិតក្រោមគ្រប់គ្រងរបស់សហគមន៍ ដោយមានការចូលរួមពីកសិករ អ្នកគ្រប់គ្រងសហគមន៍ កម្មករ ម្ចាស់កសិដ្ឋាភ្ញាស់ពូជត្រី អ្នកផ្គត់ផ្គង់ចំណីត្រី អ្នកកែច្នៃ និងអ្នកធ្វើទីផ្សារនៅក្នុងមូលដ្ឋាន។ ចំណែកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍ជាអ្នកទទួលខុសត្រូវអនុវត្តកម្មវិធីនេះ ហើយអាចសហការជាមួយប្រជាពលរដ្ឋ និងសហគ្រាស ដែលជាកម្មសិទ្ធិរបស់ភូមិ និងរបស់សហគមន៍ក្នុងមូលដ្ឋាន។ រីឯទិន្នផលត្រី ដែលប្រមូលបាននឹងត្រូវលក់តាមរយៈសហគមន៍ ឬតាមរយៈស្ថាប័នពាក់ព័ន្ធទៅឱ្យអង្គភាពអាហារូបត្ថម្ភ លក់ទៅឱ្យផ្សារនានា​ សិប្បកម្មកែច្នៃ ភោជនីយដ្ឋាន និងបណ្តាញលក់រាយ៕ (ផាន់ អាណា)

image_2026-09-07_13-45-58
បន្លែប្រភេទផ្លែកំពុងពេញនិយមកាន់តែខ្លាំង ក្នុងទីផ្សារអាហារសម្រន់របស់ប្រជាជនចិន

ប៉េកាំង៖ បន្លែដាក់តាំងលក់ក្នុងទីផ្សារ នៅក្នុងប្រទេសចិន ក្រោមឈ្មោះថា បន្លែប្រភេទផ្លែ» កំពុងទទួលបានការពេញនិយមកាន់តែខ្លាំងនៅក្នុងចំណោមប្រជាជនចិន ជាពិសេសចំពោះផលិតផល ដូចជា ផ្លែត្រសក់ ពោតផ្អែម និងការ៉ុត ដែលអ្នកលក់រៀបចំទីផ្សារ ជាអាហារសម្រន់ អាចហូបបានភ្លាមៗ ហើយអាចលក់បានក្នុងតម្លៃខ្ពស់ជាងបន្លែធម្មតា។ ពាក្យបន្លែប្រភេទផ្លែ គឺសំដៅលើបន្លែ ដែលត្រូវបានជ្រើសរើស ឬរៀបចំទីផ្សារដោយផ្អែកលើលក្ខណៈពិសេស ដូចជា រសជាតិផ្អែម សំបកស្តើង សាច់ស្រួយ និងងាយស្រួលបរិភោគ។ អ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានឱ្យដឹងថា បន្លែប្រភេទផ្លែ គឺជាពាក្យប្រើប្រាស់ក្នុងទីផ្សារ មិនមែនជាប្រភេទរុក្ខជាតិដាច់ដោយឡែកនោះទេ។ ផលិតផលមួយចំនួនក្នុងប្រភេទនេះ គឺជាពូជដំណាំដាំដុះជាក់លាក់ ដែលត្រូវការគ្រាប់ពូជមានតម្លៃថ្លៃជាងមុន និងការគ្រប់គ្រងផលិតកម្មតឹងរ៉ឹងជាងមុន ហើយមួយចំនួនក៏អាចផ្តល់ទិន្នផលទាបជាងពូជធម្មតាផងដែរ។ ចំណែកផលិតផលមួយចំនួនទៀត ការដាក់តម្លៃខ្ពស់ជាងមុន គឺផ្អែកជាចម្បងលើការជ្រើសរើសទំហំ សិល្បៈវេចខ្ចប់ និងការកំណត់ទីតាំងផលិតផលក្នុងទីផ្សារ។ ភាពខុសគ្នានេះអាចមើលឃើញតាមរយៈមើមការ៉ុត។ ការ៉ុតខ្នាតតូចមួយចំនួនត្រូវបានបង្កាត់ពូជឱ្យមានទំហំតូចតាំងពីដើម ខណៈមើមការ៉ុតខ្លះទៀត គឺជាការ៉ុតពូជធម្មតា ប៉ុន្តែត្រូវគេចិត កែច្នៃឱ្យមានរាងប្លែកៗ និងវេចខ្ចប់យ៉ាងស្អាត។ អ្នកស្រាវជ្រាវផ្នែកកសិកម្ម បានកត់សម្គាល់ថា ទំហំតូច មិនមែនមានន័យថា មានគុណភាពសម្រាប់បរិភោគឆ្ងាញ់ជាងមុនរហូតនោះទេ។ រសជាតិអាចជះឥទ្ធិពលខ្លាំងជាង ដោយសារ ពូជ កម្រិតទុំ […]

image_2026-09-04_13-36-32
ពូជស្រូវទិន្នផលដល់១៣តោន​ក្នុងមួយហិកតា – ឥណ្ឌូណេស៊ីកំពុងចែកដល់កសិករ

ម៉ាឡេស៊ី៖ ឥណ្ឌូណេស៊ីកំពុងចែក​ពូជស្រូ​វក្នុងស្រុក ដែលអាច​ផ្ដល់ទិន្នផលខ្ពស់​ចន្លោះ​ពី១០ ទៅ១៣តោន​ក្នុងមួយហិកតា ដល់កសិករ​របស់​ខ្លួន ខណៈពូជស្រូវនេះក៏ធន់​នឹង​អាកាសធាតុថែមទៀត ។ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) មានប្រសាសន៍ថា ពូជស្រូវនេះនឹង​ត្រូវ​ចែកចាយដល់កសិករនៅទូទាំងប្រទេស ដើម្បីបង្កើនផលិតភាពកសិកម្មដាំដំណាំស្រូវ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម​រូបនេះ​ បានឱ្យដឹងថា មជ្ឈមណ្ឌលផលិតពូជស្រូវនៅក្នុងខេត្តជ្វាខាងលិច (West Java) គឺជាមជ្ឈមណ្ឌលផលិតពូជស្រូវធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសមត្ថភាពអាចផលិតពូជស្រូវរហូតដល់២៥០តោនក្នុងមួយឆ្នាំ។ លោកបានបញ្ជាក់ថា ពូជស្រូវផលិតដោយមជ្ឈមណ្ឌលទំនើបកម្មកសិកម្មស្រូវឥណ្ឌូណេស៊ី អាចផ្តល់ទិន្នផលពី១០ ទៅ១៣ តោនក្នុងមួយហិកតា ដើម្បីជួយរក្សាសន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ មជ្ឈមណ្ឌលផលិតពូជស្រូវរបស់​ឥណ្ឌូណេស៊ីនេះកំពុងផលិតពូជស្រូវជាច្រើនប្រភេទ ដែលសមស្របទៅនឹងលក្ខខណ្ឌផ្សេងៗគ្នា រួមមានស្រូវរដូវវស្សា និងស្រូវរដូវប្រាំង ព្រមទាំងពូជធន់នឹងគ្រោះរាំងស្ងួតផងដែរ។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បានប្រកាសកាលនាពេលកន្លងមកថា ខ្លួនមានផែនការបែងចែកពូជស្រូវក្នុងកម្មវិធីឧបត្ថម្ភធនជាពូជស្រូវសម្រាប់បង្កបង្កើនផលលើផ្ទៃដីយ៉ាងហោចណាស់១លានហិកតា នៅក្នុងឆ្នាំ២០២៧ ដើម្បីបង្កើនផលិតភាពស្រូវ និងជំរុញឱ្យកសិករងាកមកធ្វើកសិកម្មទំនើប និងស្របតាមប្រព័ន្ធកសិកម្មជឿនលឿន៕​ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ