ដោយ រស្មី
ភ្នំពេញ៖ អណ្តូងទឹកប្រើដោយប្រព័ន្ធស្វ័យប្រវត្តិសូឡា ដែលប្រជាពលរដ្ឋរស់នៅតាមទីជនបទកំពុងប្រើប្រាស់នោះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក៏ដូចជាសម្រាប់ស្រោចដំណាំតាមផ្ទះសម្បែង ដែលជាផ្នែកមួយជួយសម្រាលដល់ការចំណាយទិញទឹកគេប្រើប្រាស់។
អណ្តូងទឹកធំចំនួនពីរ ដែលជាអណ្តូងទឹកដើរដោយបច្ចេកវិទ្យាសម័យថ្មីនេះ ស្ថិតនៅភូមិបាដេស ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។ អណ្តុងទាំងនេះ បានផ្តល់ទឹកចំណុះ១០ ០០០លីត្រ នៃគម្រោងរេដបូកភ្នំសំកុស បានជួយដល់កសិករសម្រាប់ការប្រើប្រាស់នារដូវក្តៅខ្លាំង ជាពិសេសបាតុភូតអាកាសធាតុក្តៅខ្លាំង មហាអែលនីញ៉ូ (Super El Niño)ក្នុងឆ្នាំ២០២៦ ដែលអាចនឹងរុញច្រានសីតុណ្ហភាពភពផែនដីឱ្យហក់ឡើងខ្ពស់បំផុតមិនធ្លាប់មាន។
បាតុភូតនេះកំពុងគ្រប់ដណ្តប់លើប្រទេសមួយចំនួនលើពិភពលោក ក្នុងនេះប្រទេសកម្ពុជាក៏កំពុងទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ផងដែរ។
គួរបញ្ជាក់ថា អណ្តូងទឹកស្អាតទាំងពីរកន្លែងនេះ ដោយក្នុងនេះមួយកន្លែងត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៣ និងមួយកន្លែងទៀតត្រូវបានកសាងឡើងក្នុងឆ្នាំ២០២៥។
អ្នកស្រី ធួន ស្រីអូន រស់នៅភូមិតាដេស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់ ARDB ថាទឹកអណ្តូងទាំងនេះកំពុងបានជួយមិនត្រឹមតែប្រើប្រាស់ប្រចាំថ្ងៃទេ តែវាបានកំពុងជួយស្រោចដំណាំ ដូចជាបន្លែ ដើមឈើហុបផ្លែខ្លះៗក្បែរផ្ទះ ជាពិសេសការចិញ្ចឹមសត្វដោយប្រើទឺកអណ្តុងទាំងនេះ មិនបាច់ចំណាយថវិកាលើការប្រើប្រាស់ទឹកដូចមុនទៀត។
ស្រ្តីវ័យ៤០ឆ្នាំរូបនេះ បានប្រាប់ដែរថា ក្រោយពេលមានការគាំទ្រសាងសង់អណ្តូងទឹកស្អាត នៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានប្រភពទឹកគ្រប់គ្រាន់ និងអនុញ្ញាតឱ្យសហគមន៍អាចពង្រីកការដាំដុះដំណាំ បង្កើនសកម្មភាពកសិកម្ម និងការចិញ្ចឹមសត្វ ដែលជួយបង្កើតប្រាក់ចំណូលបន្ថែមដល់គ្រួសារ។
លោក ហឿន សាម៉េត ប្រជាពលរដ្ឋមួយរូបទៀតរស់នៅភូមិជាមួយគ្នានេះ បានបញ្ជាក់ប្រាប់ថា អណ្តូងរបស់រយៈគម្រោងរេដបូកនេះកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រើប្រាស់របស់ប្រជាសហគមន៍។ វាក៏បានជួយឱ្យមានទឹកស្អាតប្រើប្រាស់ ដោយមិនជួបការលំបាកទៀតឡើយ ជាពិសេសមានទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍។
លោកបានលើកឡើងថា មានអណ្តូងទឹកប្រើប្រាស់អាចជួយសម្រាលការលំបាកនៅរដូវប្រាំង ព្រោះមិនចាំបាច់ត្រូវទិញទឹកប្រើប្រាស់ ឬដើររកទឹកដូចមុនទៀតឡើយ គឺមានត្រឹមអណ្តូងទឹកមួយនេះអាចប្រើប្រាស់បានច្រើនគ្រួសារ។
ដោយឡែក លោក សារូ វុធ ប្រធានសហគមន៍ដៃគូសំរោង បានបញ្ជាក់ថា អណ្តូងទឹកនៅសហគមន៍របស់លោកបានជួយច្រើនទៅការប្រើប្រាស់ទឹក និងជួយកាត់បន្ថយច្រើនទាំងថវិកា ក៏ដូចជាជួយលើកស្ទួយជីវភាពប្រជាសហគមន៍។
ចំណែកលោក ទូច សុផានី ប្រធានកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តស្រុកក្រវាញ ខេត្តពោធិ៍សាត់ ទទួលបានអណ្តូងទឹកខ្នាតធំ ចំណុះ១០ ០០០លីត្រ ដើរដោយថាពលពន្លឺព្រះអាទិត្យ ដែលបានផ្តល់ផលប្រយោជន៍ និងការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងធំធេងដល់ក្រុមគ្រួសារអ្នកភូមិជាង៦០គ្រួសារ ដែលជាជនជាតិដើមភាតិចព័រ និងជង នៅក្នុងតំបន់ដាច់ស្រយាល។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិតាដេស បានលើកឡើងថា ពួកគាត់លែងត្រូវចំណាយថវិកាទិញទឹក ឬចំណាយពេលដើររាប់គីឡូម៉ែត្រ ដើម្បីទៅដងទឹកពីអូរឆ្ងាយៗដូចមុន បន្ទាប់ពីមានអណ្តូងទឹកស្អាតនៅក្នុងភូមិ។ លើសពីនេះ ប្រជាពលរដ្ឋមិនចំណាយលើប្រេងឥន្ធនៈ ឬអគ្គិសនីឡើយ នៅពេលមានអណ្តូទឹកដើរដោយប្រព័ន្ធដើរដោយថាមពលព្រះអាទិត្យនេះ។
គួរបញ្ជាក់ថា បាតុភូតអាកាសធាតុក្តៅខ្លាំង មហាអែលនីញ៉ូ បាននិងកំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងភាគីពាក់ព័ន្ធបានជំរុញឱ្យកសិករមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែទាំដំណាំ ថែទាំសត្វចិញ្ចឹម និងត្រូវចេះសន្សំចៃទឹកប្រើប្រាស់ សំដៅធ្វើយ៉ាងណាឱ្យការរស់នៅ ក៏ដូចជាការធ្វើសិកម្ម ការចិញ្ចឹមសត្វនានាទទួលបានជោគជ័យ និងពុំមានផលប៉ះពាល់ណាមួយកើតឡើងចំពោះកសិករ៕








